29 តែដាវីឌឆ្លើយថា តើខ្ញុំមានធ្វើអី ខ្ញុំគ្រាន់តែនិយាយ១ម៉ាត់ទេតើ
30 រួចក៏បែរចេញពីបងទៅសួរម្នាក់ទៀត តាមពាក្យដដែលនោះ ហើយគេឆ្លើយប្រាប់ដូចជាពាក្យមុន។
31 កាលគេបានឮពាក្យ ដែលដាវីឌនិយាយដូច្នោះ នោះគេនាំដំណឹងទៅក្រាបទូលដល់សូល រួចទ្រង់ចាត់គេឲ្យទៅហៅដាវីឌមក
32 ដាវីឌទូលដល់សូលថា សូមកុំឲ្យអ្នកណាស្លុតចិត្តដោយព្រោះវាឡើយ ទូលបង្គំជាបាវបំរើរបស់ទ្រង់នឹងសូមចេញទៅតយុទ្ធនឹងសាសន៍ភីលីស្ទីននោះ
33 តែសូលទ្រង់មានព្រះបន្ទូលថា ឯងនឹងចេញទៅតយុទ្ធនឹងសាសន៍ភីលីស្ទីននោះមិនបានទេ ដ្បិតឯងនៅក្មេងណាស់ ឯគេជាមនុស្សស្ទាត់ចំបាំងតាំងតែពីក្មេងមកហើយ
34 នោះដាវីឌដំណាលរឿងទូលសូលថា ពីដើមដែលទូលបង្គំ ជាបាវបំរើទ្រង់ ធ្លាប់ឃ្វាលចៀមរបស់ឪពុក នោះវេលាណាដែលមានសិង្ហ ឬខ្លាឃ្មុំ មកចាប់យកកូនចៀមពីហ្វូងទៅ
35 ទូលបង្គំក៏ដេញតាមប្រហារវា ដោះចៀមនោះឲ្យរួចចេញពីមាត់វាមក បើកាលណាវាស្ទុះមកលើទូលបង្គំ នោះទូលបង្គំបានចាប់វាត្រង់ពុកចង្កាវាយសំឡាប់ទៅ