19 មួយទៀត ព្រះយេហូវ៉ានឹងប្រគល់សាសន៍អ៊ីស្រាអែល ជាមួយនឹងទ្រង់ ទៅក្នុងកណ្តាប់ដៃនៃពួកភីលីស្ទីនដែរ ស្អែកនេះ ទ្រង់ ព្រមទាំងពួកបុត្រាទ្រង់ នឹងបាននៅជាមួយនឹងទូលបង្គំហើយ ព្រះយេហូវ៉ា ទ្រង់នឹងប្រគល់ពួកពលទ័ពរបស់សាសន៍អ៊ីស្រាអែល ទៅក្នុងកណ្តាប់ដៃនៃពួកភីលីស្ទីនដែរ។
20 ខណៈនោះ ស្រាប់តែសូលទ្រង់ដួលស្រប៉ាបចុះនៅដី មានសេចក្តីភ័យជាខ្លាំង ដោយពាក្យដែលសាំយូអែលបានប្រាប់នោះ ហើយគ្មានកំឡាំងនៅសល់ទៀតទេ ពីព្រោះមិនបានសោយព្រះស្ងោយអស់ពេញ១ថ្ងៃ១យប់នោះហើយ
21 ដូច្នេះ ស្ត្រីនោះក៏មកឯសូល ឃើញថាទ្រង់តក់ស្លុតជាខ្លាំង នោះក៏ទូលថា មើល ខ្ញុំម្ចាស់ ជាបាវស្រីរបស់ទ្រង់ បានស្តាប់តាមទ្រង់ហើយ ក៏បានប្រថុយជីវិតនឹងធ្វើតាមអស់ទាំងសេចក្តី ដែលទ្រង់បានមានព្រះបន្ទូលមកខ្ញុំម្ចាស់ផង
22 ដូច្នេះ សូមឲ្យទ្រង់ស្តាប់តាមពាក្យរបស់ខ្ញុំម្ចាស់ជាអ្នកបំរើទ្រង់ឥឡូវចុះ សូមអនុញ្ញាតឲ្យខ្ញុំម្ចាស់រៀបនំបុ័ងបន្តិចថ្វាយទ្រង់សោយ ដើម្បីឲ្យមានកំឡាំងក្នុងកាលដែលយាងតាមផ្លូវទៅ
23 ទ្រង់ប្រកែកថា ខ្ញុំមិនបរិភោគទេ តែដោយពួកអ្នកបំរើទ្រង់ ព្រមទាំងស្ត្រីនោះចេះតែទទូចអង្វរ បានជាទ្រង់ក៏ស្តាប់តាម រួចក្រោកពីដីឡើងទៅគង់នៅលើគ្រែ
24 ស្រីនោះមានកូនគោ១យ៉ាងធាត់ នៅក្នុងផ្ទះ គាត់ក៏ប្រញឹកប្រញាប់នឹងសំឡាប់គោនោះ ហើយយកម្សៅមក ច្របាច់ដុតធ្វើជានំបុ័ងឥតដំបែ
25 រួចលើកយកមកដាក់នៅចំពោះសូល និងពួកបំរើទ្រង់ គេក៏បរិភោគគ្រប់គ្នា រួចគេក្រោកឡើងចេញទៅ ទាំងយប់នោះវិញ។