19 ឯរបស់ទាំងប៉ុន្មានដែលគេប្លន់យកទៅនោះ គ្មានខ្វះអ្វីសោះ ទោះតូចឬធំ កូនប្រុស កូនស្រី ឬរបឹបណាក្តី ដាវីឌបាននាំយកទាំងអស់មកវិញ
20 លោកក៏ចាប់យកហ្វូងចៀម និងហ្វូងគោដែរ ហើយពួកអ្នកគង្វាលដែលដេញសត្វទាំងនោះនៅមុខគេ ក៏និយាយថា នេះជារបឹបនៃដាវីឌ។
21 រួចដាវីឌត្រឡប់មកដល់ពួក២០០នាក់ ដែលឥតមានកំឡាំងនឹងតាមទៅ គឺជាពួកអ្នកដែលគេបានទុកនៅត្រង់ជ្រោះបេសោរនោះ អ្នកទាំងនោះក៏ចេញទៅទទួលដាវីឌ និងអស់អ្នកដែលនៅជាមួយ កាលដាវីឌចូលមកជិត នោះក៏សួរគេពីសេចក្តីសុខទុក្ខ
22 ឯបណ្តាមនុស្សកំណាច និងមនុស្សចោលម្សៀត ក្នុងពួកអ្នកដែលបានទៅជាមួយនឹងដាវីឌ គេនិយាយឡើងថា យើងមិនព្រមចែករបឹបដែលយើងបានចាប់យកមកវិញ ឲ្យដល់អ្នកទាំងនេះទេ លើកតែប្រពន្ធកូនគេប៉ុណ្ណោះ នោះឲ្យគេនាំទៅចុះ ពីព្រោះគេមិនបានទៅជាមួយនឹងយើងសោះ
23 តែដាវីឌប្រកែកថា បងប្អូនអើយ កុំឲ្យធ្វើដូច្នេះចំពោះរបស់ដែលព្រះយេហូវ៉ាបានប្រទានមកយើងឡើយ ដ្បិតទ្រង់បានការពារយើង ហើយប្រគល់ពួកអ្នកដែលបានញាំញីយើង មកក្នុងកណ្តាប់ដៃយើងហើយ
24 តើអ្នកណានឹងស្តាប់តាមអ្នករាល់គ្នាក្នុងដំណើរនេះ ដ្បិតអ្នកដែលចុះទៅច្បាំងបានចំណែកប៉ុណ្ណា នោះអ្នកដែលនៅចាំអីវ៉ាន់ ក៏ត្រូវបានចំណែកប៉ុណ្ណោះដែរ គឺត្រូវចែកឲ្យស្មើៗគ្នា
25 នោះក៏បានដូច្នោះ ចាប់តាំងពីថ្ងៃនោះតទៅ ដាវីឌក៏តាំងសេចក្តីនោះឡើង ទុកជាច្បាប់ជាបញ្ញត្តសំរាប់សាសន៍អ៊ីស្រាអែលដរាបដល់សព្វថ្ងៃនេះ។