7 ដូច្នេះ ចូរធ្វើរទេះ១ថ្មី ហើយយកគោញី២ដែលបំបៅកូន ឥតដែលមានអ្នកណាយកនឹមមកទឹមនៅឡើយ រួចឲ្យទឹមនឹងរទេះនោះ ហើយដេញកូនពីវាឲ្យទៅផ្ទះវិញ
8 នោះត្រូវយកហឹបនៃព្រះយេហូវ៉ាដាក់លើរទេះទៅ ហើយដាក់គ្រឿងមាសទាំងប៉ុន្មាន ដែលអ្នករាល់គ្នាថ្វាយនោះ ទៅក្នុងប្រអប់ដាក់ខាងហឹប រួចលែងវាឲ្យនាំទៅវិញចុះ
9 ចាំមើល បើសិនជាវាឡើងតាមផ្លូវ ដែលនាំទៅឯបេត-សេមែស ក្នុងដែនស្រុករបស់គេ នោះគឺជាទ្រង់ហើយ ដែលបានធ្វើឲ្យយើងកើតមានសេចក្តីអាក្រក់យ៉ាងធំនេះ តែបើមិនដូច្នោះ នោះយើងនឹងដឹងថា មិនមែនព្រះហស្តនៃទ្រង់ដែលបានវាយយើងទេ គឺជាគ្រោះរបស់យើងវិញ។
10 គេក៏ធ្វើដូច្នោះ គឺគេយកគោញី២ដែលបំបៅកូន នាំមកទឹមនឹងរទេះ រួចបង្ខាំងកូនទុកនៅក្នុងក្រោលវិញ
11 ហើយយកហឹបនៃព្រះយេហូវ៉ា មកដាក់លើរទេះ ព្រមទាំងប្រអប់ ដែលមានរូបកណ្តុរមាស និងរូបឫសដូងបាតរបស់គេផង
12 រួចគោនោះក៏ចេញដំរង់តាមផ្លូវទៅឯបេត-សេមែស គឺទៅតាមថ្នល់តែ១នោះទាំងរោទ៍បណ្តើរ ឥតមានងាកបែរទៅខាងស្តាំឬខាងឆ្វេងឡើយ ឯពួកមេនៃសាសន៍ភីលីស្ទីន គេក៏ដើរតាមរហូតដល់ព្រំស្រុកបេត-សេមែស
13 គ្រានោះ ពួកអ្នកនៅបេត-សេមែស គេកំពុងតែច្រូតស្រូវនៅវាលច្រកភ្នំ លុះងើបភ្នែកឡើង ក៏អរសប្បាយ ដោយឃើញហឹបនៃព្រះមកវិញ