និក្ខមនំ 13:12-18 KHSV

12 អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​កូន​ប្រុស​ច្បង និង​កូន​ឈ្មោល​ដំបូង​របស់​ហ្វូង​សត្វ​ទៅ​ព្រះ‌អម្ចាស់ ដ្បិត​កូន​ច្បង​ទាំង​អស់​ជា​កម្មសិទ្ធិ​របស់​ព្រះ‌អម្ចាស់។

13 ចំណែក​ឯ​កូន​ដំបូង​របស់​សត្វ​លា នោះ​អ្នក​រាល់​គ្នា​ត្រូវ​យក​កូន​ចៀម​មក​ថ្វាយ​ជំនួស​វិញ។ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​លោះ​វា​ទេ ត្រូវ​វាយ​បំបាក់​ក​កូន​លា​នោះ។ អ្នក​រាល់​គ្នា​ក៏​ត្រូវ​លោះ​កូន​ប្រុស​ច្បង​របស់​អ្នក​រាល់​គ្នា​ដែរ។

14 នៅ​ពេល​អនាគត ប្រសិន​បើ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​សួរ​ថា ហេតុ​អ្វី​បាន​ជា​ធ្វើ​ដូច្នេះ? ត្រូវ​ឆ្លើយ​ថា: ព្រះ‌អម្ចាស់​បាន​ប្រើ​ឫទ្ធិ‌បារមី​ដ៏​ខ្លាំង​ពូកែ​នាំ​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីប ជា​កន្លែង​ដែល​ពួក​យើង​ជាប់​ជា​ទាសករ។

15 ពេល​នោះ ស្ដេច​ផារ៉ោន​មិន​ព្រម​អនុញ្ញាត​ឲ្យ​ពួក​យើង​ចេញ​មក​ទេ។ ដូច្នេះ ព្រះ‌អម្ចាស់​បាន​ប្រហារ​កូន​ច្បង​ទាំង​អស់​នៅ​ស្រុក​អេស៊ីប គឺ​ទាំង​កូន​ច្បង​របស់​មនុស្ស ទាំង​កូន​ដំបូង​របស់​សត្វ។ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​យើង​យក​កូន​ឈ្មោល​ដំបូង​ទាំង​អស់​របស់​សត្វ​បូជា​ថ្វាយ​ព្រះ‌អម្ចាស់ តែ​ពួក​យើង​លោះ​កូន​ប្រុស​ច្បង​របស់​ពួក​យើង​វិញ។

16 យញ្ញ‌បូជា​នេះ​ជា​សេចក្ដី​រំឭក​មួយ ប្រៀប​ដូច​សញ្ញា​ដែល​មាន​ចារ​ទុក​នៅ​លើ​ដៃ និង​នៅ​លើ​ថ្ងាស ដ្បិត​ព្រះ‌អម្ចាស់​បាន​ប្រើ​ឫទ្ធិ‌បារមី​ដ៏​ខ្លាំង​ពូកែ នាំ​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីប»។

17 ពេល​ព្រះចៅ​ផារ៉ោន​បើក​ឲ្យ​ប្រជា‌ជន​អ៊ីស្រា‌អែល​ចាក​ចេញ​ទៅ​នោះ ព្រះ‌ជាម្ចាស់​ពុំ​បាន​នាំ​ពួក​គេ​តាម​ផ្លូវ​ទៅ​ស្រុក​ភីលីស្ទីន​ទេ ទោះ​បី​ផ្លូវ​នោះ​ជា​ផ្លូវ​ជិត​ក៏​ដោយ ដ្បិត​ព្រះ‌អង្គ​នឹក​គិត​ថា ប្រសិន​បើ​ប្រជា‌ជន​ជួប​ប្រទះ​នឹង​សង្គ្រាម ពួក​គេ​អាច​ដូរ​គំនិត ហើយ​ចង់​ត្រឡប់​ទៅ​ស្រុក​អេស៊ីប​វិញ។

18 ហេតុ​នេះ ព្រះ‌អង្គ​នាំ​ពួក​គេ​ទៅ​តាម​ផ្លូវ​វាង ឆ្លង​កាត់​វាល​រហោ‌ស្ថាន​ឆ្ពោះ​ទៅ​សមុទ្រ​កក់។ ជន‌ជាតិ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ទាំង​នាំ​របស់​របរ​គ្រប់​យ៉ាង​ទៅ​ជា​មួយ​ផង។