និក្ខមនំ 40 KHSV

ការ​ដំឡើង​ព្រះ‌ពន្លា

1 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

2 «នៅ​ថ្ងៃ​ទី​មួយ ក្នុង​ខែ​ទី​មួយ អ្នក​ត្រូវ​ដំឡើង​ព្រះ‌ពន្លា និង​ពន្លា​ជួប​ព្រះ‌អម្ចាស់។

3 ចូរ​តម្កល់​ហិប​ដាក់​បន្ទះ​ថ្ម​នៃ​សន្ធិ‌សញ្ញា រួច​យក​វាំងនន​មក​បាំង។

4 ចូរ​យក​តុ​សក្ការៈ​មក ហើយ​អ្វីៗ​ដែល​ត្រូវ​ដាក់​នៅ​លើ​តុ ត្រូវ​រៀបចំ​ឲ្យ​បាន​រៀប​រយ។ ចូរ​យក​ជើង​ចង្កៀង​មក រួច​រៀបចំ​ដុត​ចង្កៀង​ទាំង​អស់​នៅ​លើ​នោះ​ផង។

5 ចូរ​ដាក់​អាសនៈ​មាស សម្រាប់​ដុត​គ្រឿង​ក្រអូប នៅ​ខាង​មុខ​ហិប​នៃ​សម្ពន្ធ‌មេត្រី ហើយ​បាំង​វាំងនន​នៅ​ទ្វារ​ចូល​ព្រះ‌ពន្លា។

6 ចូរ​ដាក់​អាសនៈ​សម្រាប់​ថ្វាយ​តង្វាយ​ដុត នៅ​ខាង​មុខ​ទ្វារ​ព្រះ‌ពន្លា​របស់​ពន្លា​ជួប​ព្រះ‌អម្ចាស់។

7 ចូរ​ដាក់​អាង​សម្រាប់​ពិធី​ជម្រះ​កាយ នៅ​ចន្លោះ​ពន្លា​ជួប​ព្រះ‌អម្ចាស់ និង​អាសនៈ ហើយ​ចាក់​ទឹក​បំពេញ​អាង​នោះ​ផង។

8 ចូរ​ដំឡើង​រនាំង​ទី‌លាន​នៅ​ជុំ‌វិញ ហើយ​បាំង​វាំងនន​នៅ​ទ្វារ​ចូល​ទី‌លាន​ផង។

9 ចូរ​យក​ប្រេង​សម្រាប់​ពិធី​លាប​ប្រេង​មក រួច​ធ្វើ​ពិធី​លាប​ប្រេង​លើ​ព្រះ‌ពន្លា និង​អ្វីៗ​ទាំង​អស់​នៅ​ក្នុង​នោះ។ ចូរ​ញែក​ព្រះ‌ពន្លា និង​គ្រឿង​បរិក្ខារ​ទាំង​អស់​ជា​សក្ការៈ នោះ​ព្រះ‌ពន្លា​នឹង​ទៅ​ជា​សក្ការៈ។

10 ចូរ​ធ្វើ​ពិធី​លាប​ប្រេង​លើ​អាសនៈ​ថ្វាយ​តង្វាយ​ដុត និង​គ្រឿង​បរិក្ខារ​ទាំង​អស់​របស់​អាសនៈ។ ចូរ​ញែក​អាសនៈ​ជា​សក្ការៈ នោះ​អាសនៈ​នឹង​ទៅ​ជា​សក្ការៈ​បំផុត។

11 ចូរ​ធ្វើ​ពិធី​លាប​ប្រេង​លើ​អាង និង​កំណល់ ដើម្បី​ញែក​អាង​នោះ​ជា​សក្ការៈ។

12 ចូរ​នាំ​អើរ៉ុន និង​កូន​ប្រុស​របស់​គាត់ ចូល​មក​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់ ហើយ​ធ្វើ​ពិធី​ងូត​ទឹក​ឲ្យ​ពួក​គេ។

13 ចូរ​យក​សម្លៀក‌បំពាក់​សក្ការៈ​មក​ពាក់​ឲ្យ​អើរ៉ុន ហើយ​ចាក់​ប្រេង​ញែក​គាត់​ឲ្យ​បាន​វិសុទ្ធ ដើម្បី​ឲ្យ​គាត់​បំពេញ​មុខ‌ងារ​ជា​បូជា‌ចារ្យ*​បម្រើ​យើង។

14 ចូរ​នាំ​កូន​ប្រុស​របស់​អើរ៉ុន​ចូល​មក ចូរ​យក​អាវ​វែង​ពាក់​ឲ្យ​ពួក​គេ

15 ហើយ​ចាក់​ប្រេង​តែង‌តាំង​ពួក​គេ ដូច​អ្នក​បាន​ចាក់​ប្រេង​លើ​ឪពុក​របស់​ពួក​គេ​ដែរ ដើម្បី​ឲ្យ​ពួក​គេ​បំពេញ​មុខ‌ងារ​ជា​បូជា‌ចារ្យ​បម្រើ​យើង។ ពិធី​ចាក់​ប្រេង​នេះ​បញ្ជាក់​ថា ពួក​គេ និង​ពូជ‌ពង្ស​របស់​ពួក​គេ មាន​មុខ‌ងារ​ជា​បូជា‌ចារ្យ​រហូត​ត​ទៅ»។

16 លោក​ម៉ូសេ​ធ្វើ​តាម​ព្រះ‌បន្ទូល​ទាំង​អស់ ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​លោក។

17 ជន‌ជាតិ​អ៊ីស្រា‌អែល​ដំឡើង​ព្រះ‌ពន្លា នៅ​ថ្ងៃ​ទី​មួយ​នៃ​ខែ​ទី​មួយ ក្នុង​ឆ្នាំ​ទី​ពីរ ក្រោយ​ពេល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។

18 លោក​ម៉ូសេ​ឲ្យ​គេ​ដំឡើង​ព្រះ‌ពន្លា ដោយ​ដាក់​ជើង​ទ្រ ដាក់​ស៊ុម ដាក់​ឈើ​ទទឹង ព្រម​ទាំង​បង្គោល។

19 គេ​លាត​ក្រណាត់​បាំង​ព្រះ‌ពន្លា ដាក់​ក្រណាត់​គ្រប​ពី​លើ ដូច​ព្រះ‌អម្ចាស់​បង្គាប់​លោក​ម៉ូសេ។

20 លោក​ម៉ូសេ​យក​បន្ទះ​ថ្ម​នៃ​សន្ធិ‌សញ្ញា​ដាក់​ក្នុង​ហិប​នៃ​សម្ពន្ធ‌មេត្រី ហើយ​ស៊ក​ឈើ​ស្នែង និង​យក​គម្រប​មក​គ្រប​លើ​ហិប​នោះ។

21 គេ​យក​ហិប​ទៅ​ដាក់​ក្នុង​ព្រះ‌ពន្លា ហើយ​ចង​វាំងនន និង​បាំង​ហិប​នោះ ដូច​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ។

22 គេ​ដាក់​តុ​សក្ការៈ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ នៅ​ប៉ែក​ខាង​ជើង​ព្រះ‌ពន្លា និង​នៅ​ពី​មុខ​វាំងនន

23 គេ​រៀបចំ​នំប៉័ង​សម្រាប់​ថ្វាយ​ព្រះ‌អម្ចាស់ ដាក់​នៅ​លើ​តុ ដូច​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ។

24 គេ​ដាក់​ជើង​ចង្កៀង​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ នៅ​ប៉ែក​ខាង​ត្បូង​ព្រះ‌ពន្លា ទល់​មុខ​នឹង​តុ

25 គេ​អុជ​ចង្កៀង​ទាំង​អស់​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ដូច​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ។

26 គេ​ដាក់​អាសនៈ​មាស​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ ពី​មុខ​វាំងនន។

27 គេ​ដុត​គ្រឿង​ក្រអូប​នៅ​លើ​អាសនៈ​នោះ ដូច​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ។

28 គេ​ចង​វាំងនន​នៅ​មាត់​ទ្វារ​ចូល​ព្រះ‌ពន្លា។

29 គេ​ដាក់​អាសនៈ​សម្រាប់​ថ្វាយ​តង្វាយ​ដុត នៅ​ជិត​ទ្វារ​ចូល​ព្រះ‌ពន្លា​របស់​ពន្លា​ជួប​ព្រះ‌អម្ចាស់។ គេ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​តង្វាយ​ម្សៅ​នៅ​លើ​អាសនៈ​នេះ ដូច​ព្រះ‌អម្ចាស់ បាន​បង្គាប់​មក​លោក​ម៉ូសេ។

30 គេ​តម្កល់​អាង​នៅ​ចន្លោះ​ពន្លា​ជួប​ព្រះ‌អម្ចាស់ និង​អាសនៈ រួច​គេ​ចាក់​ទឹក​បំពេញ​អាង​សម្រាប់​ធ្វើ​ពិធី​ជម្រះ​កាយ។

31 លោក​ម៉ូសេ លោក​អើរ៉ុន និង​កូន​ប្រុស​របស់​លោក ប្រើ​ទឹក​ក្នុង​អាង​នេះ សម្រាប់​ពិធី​លាង​ដៃ និង​លាង​ជើង។

32 ពេល​ពួក​លោក​ចូល​ទៅ​ក្នុង​ពន្លា ឬ​ចូល​ទៅ​ជិត​អាសនៈ ពួក​លោក​តែងតែ​ធ្វើ​ពិធី​លាង​ជម្រះ ដូច​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ។

33 នៅ​ទី​បញ្ចប់ លោក​ម៉ូសេ​ឲ្យ​គេ​ដំឡើង​រនាំង​របស់​ទី‌លាន នៅ​ជុំ‌វិញ​ព្រះ‌ពន្លា និង​អាសនៈ ព្រម​ទាំង​ចង​វាំងនន នៅ​មាត់​ទ្វារ​ចូល​ទី‌លាន។

សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់

34 ពេល​នោះ មាន​ពពក*​មក​គ្រប​បាំង​លើ​ពន្លា​ជួប​ព្រះ‌អម្ចាស់ ហើយ​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​ស្ថិត​នៅ​ពេញ​ព្រះ‌ពន្លា។

35 លោក​ម៉ូសេ​ពុំ​អាច​ចូល​ទៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់​បាន​ឡើយ ព្រោះ​មាន​ពពក​មក​គ្រប​បាំង​លើ​ពន្លា​នោះ ហើយ​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​ស្ថិត​នៅ​ពេញ​ព្រះ‌ពន្លា។

36 ពេល​ណា​ពពក​អណ្ដែត​ឡើង​ផុត​ពី​ព្រះ‌ពន្លា ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​រើ​ជំរំ ចេញ​ដំណើរ​ទៅ​មុខ។

37 ប្រសិន​បើ​ពពក​មិន​អណ្ដែត​ឡើង​ពី​ព្រះ‌ពន្លា​ទេ ជន‌ជាតិ​អ៊ីស្រា‌អែល​មិន​ចេញ​ដំណើរ​ទេ គឺ​ពួក​គេ​រង់‌ចាំ​ថ្ងៃ​ដែល​ពពក​អណ្ដែត​ឡើង។

38 គ្រប់​ដំណាក់​ដែល​កូន​ចៅ​អ៊ីស្រា‌អែល​បោះ​ជំរំ ពួក​គេ​ទាំង​អស់​គ្នា​ឃើញ​ពពក*​របស់​ព្រះ‌អម្ចាស់​ស្ថិត​នៅ​លើ​ព្រះ‌ពន្លា នៅ​ពេល​ថ្ងៃ ហើយ​ឃើញ​ដុំ​ភ្លើង​នៅ​ពេល​យប់។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40