និក្ខមនំ 3 KHSV

1 លោក​ម៉ូសេ​ឃ្វាល​ហ្វូង​សត្វ​របស់​លោក​យេត្រូ ជា​ឪពុក​ក្មេក​របស់​លោក និង​ជា​បូជា‌ចារ្យ​នៅ​ស្រុក​ម៉ាឌាន។ លោក​នាំ​ហ្វូង​សត្វ​ទៅ​ខាង​នាយ​វាល​រហោ‌ស្ថាន រហូត​ដល់​ភ្នំ​ហោរែប ជា​ភ្នំ​របស់​ព្រះ‌ជាម្ចាស់។

2 នៅ​ទី​នោះ ទេវតា*​របស់​ព្រះ‌អម្ចាស់​បង្ហាញ​ខ្លួន​ក្នុង​អណ្ដាត​ភ្លើង ដែល​ឆេះ​ចេញ​ពី​កណ្ដាល​គុម្ពោត ឲ្យ​លោក​ឃើញ។ លោក​ឃើញ​ភ្លើង​ចេញ​ពី​គុម្ពោត តែ​គុម្ពោត​មិន​ឆេះ​ទេ។

3 លោក​ម៉ូសេ​ក៏​គិត​ថា៖ «ខ្ញុំ​នឹង​ឆៀង​ទៅ​មើល​អព្ភូត‌ហេតុ​នេះ ហេតុ​អ្វី​បាន​ជា​គុម្ពោត​មិន​ឆេះ?»។

4 ព្រះ‌អម្ចាស់​ឃើញ​លោក​ម៉ូសេ​ឆៀង​ចូល​មក​ជិត​ដូច្នេះ ព្រះ‌អង្គ​ហៅ​លោក​ពី​ក្នុង​គុម្ពោត​ថា៖ «ម៉ូសេ​អើយ! ម៉ូសេ!»។ លោក​ម៉ូសេ​ទូល​ឆ្លើយ​ថា៖ «ក្រាប​ទូល!»។

5 ព្រះ‌អង្គ​មាន​ព្រះ‌បញ្ជា​ថា៖ «កុំ​មក​ជិត​កន្លែង​នេះ! ចូរ​ដោះ​ស្បែក​ជើង​ចេញ ដ្បិត​កន្លែង​ដែល​អ្នក​ឈរ​នេះ​ជា​ដី​ដ៏‌វិសុទ្ធ។

6 យើង​ជា​ព្រះ​ដែល​ឪពុក​អ្នក​តែង​គោរព​បម្រើ គឺ​ព្រះ​របស់​អប្រាហាំ អ៊ីសាក និង​យ៉ាកុប»។ លោក​ម៉ូសេ​ខ្ទប់​មុខ ព្រោះ​មិន​ហ៊ាន​មើល​ព្រះ‌ជាម្ចាស់។

7 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​បាន​ឃើញ​ទុក្ខ​លំបាក​របស់​ប្រជា‌រាស្ត្រ​យើង​នៅ​ស្រុក​អេស៊ីប យើង​ក៏​បាន​ឮ​សម្រែក​របស់​គេ ព្រោះ​តែ​មេ​ត្រួត‌ត្រា​វាយ‌ដំ​ដែរ។ យើង​ដឹង​អំពី​ទុក្ខ​វេទនា​របស់​ពួក​គេ​ហើយ។

8 ដូច្នេះ យើង​ចុះ​មក ដើម្បី​រំដោះ​ពួក​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​អេស៊ីប។ យើង​នឹង​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​នោះ​ទៅ​នៅ​ស្រុក​មួយ​មាន​ជី‌ជាតិ​ល្អ ធំ​ទូ‌លាយ ជា​ស្រុក​ដែល​មាន​ភោគ​ទ្រព្យ​សម្បូណ៌​ហូរ‌ហៀរ គឺ​ស្រុក​របស់​ជន‌ជាតិ​កាណាន ជន‌ជាតិ​ហេត ជន‌ជាតិ​អាម៉ូរី ជន‌ជាតិ​ពេរិ‌ស៊ីត ជន‌ជាតិ​ហេវី និង​ជន‌ជាតិ​យេប៊ូស។

9 ឥឡូវ​នេះ សម្រែក​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​លាន់​ឮ​ដល់​យើង ហើយ​យើង​ក៏​ឃើញ​ជន‌ជាតិ​អេស៊ីប​ជិះ‌ជាន់​សង្កត់‌សង្កិន​ពួក​គេ​ដែរ។

10 ឥឡូវ​នេះ យើង​ចាត់​អ្នក​ឲ្យ​ទៅ​ជួប​ស្ដេច​ផារ៉ោន។ ចូរ​ទៅ​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ដ្រ​របស់​យើង​ចេញ​ពី​ស្រុក​អេស៊ីប»។

ព្រះ‌ជាម្ចាស់​សម្តែង​ឲ្យ​លោក​ម៉ូសេ​ស្គាល់​ព្រះ‌នាម​របស់​ព្រះ‌អង្គ

11 លោក​ម៉ូសេ​ទូល​ព្រះ‌ជាម្ចាស់​ថា៖ «តើ​ទូលបង្គំ​មាន​ឋានៈ​អ្វី​បាន​ជា​ទូលបង្គំ​ត្រូវ​ទៅ​ជួប​ព្រះចៅ​ផារ៉ោន និង​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីប​ដូច្នេះ?»។

12 ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នៅ​ជា​មួយ​អ្នក​ហើយ! កាល​ណា​អ្នក​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ផុត​ពី​ស្រុក​អេស៊ីប អ្នក​រាល់​គ្នា​ត្រូវ​មក​គោរព​បម្រើ​យើង​នៅ​លើ​ភ្នំ​នេះ ដែល​ជា​ទី​សម្គាល់​ថា យើង​បាន​ចាត់​អ្នក​ឲ្យ​ទៅ​មែន»។

13 លោក​ម៉ូសេ​ទូល​ព្រះ‌ជាម្ចាស់​ថា៖ «បពិត្រ​ព្រះ‌ជាម្ចាស់! ទូលបង្គំ​នឹង​ទៅ​ជួប​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​ប្រាប់​ពួក​គេ​ថា: ព្រះ​របស់​បុព្វបុរស​អ្នក​រាល់​គ្នា​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ជួប​អ្នក​រាល់​គ្នា។ ប្រសិន​បើ​ពួក​គេ​សួរ​ថា ព្រះ‌អង្គ​ព្រះ‌នាម​អ្វី​នោះ តើ​ទូលបង្គំ​ប្រាប់​ពួក​គេ​ដូច​ម្ដេច?»។

14 ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​ថា៖ «យើង​ជា​ព្រះ‌អម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ។ អ្នក​ត្រូវ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា “ព្រះ‌អម្ចាស់​ដែល​មាន​ជីវិត​គង់​នៅ” ចាត់​ខ្ញុំ​ឲ្យ​មក​ជួប​អ្នក​រាល់​គ្នា»។

15 ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថែម​ទៀត​ថា៖ «ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ​នេះ: “ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​បុព្វបុរស​អ្នក​រាល់​គ្នា គឺ​ព្រះ​របស់​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប ចាត់​ខ្ញុំ​ឲ្យ​មក​ជួប​អ្នក​រាល់​គ្នា”។ នេះ​ជា​នាម​របស់​យើង ដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច សម្រាប់​ឲ្យ​មនុស្ស​លោក​នឹក​ដល់​យើង​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។

16 ចូរ​ទៅ​ប្រមូល​ចាស់​ទុំ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ប្រាប់​ថា “ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា គឺ​ព្រះ​របស់​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប បាន​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ព្រះ‌អង្គ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា: យើង​បាន​ឃើញ​គេ​ជិះ‌ជាន់​សង្កត់‌សង្កិន​អ្នក​រាល់​គ្នា​នៅ​ស្រុក​អេស៊ីប។

17 យើង​នឹង​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប ជា​កន្លែង​ដែល​អ្នក​រាល់​គ្នា​រង​ទុក្ខ ឆ្ពោះ​ទៅ​កាន់​ស្រុក​របស់​ជន‌ជាតិ​កាណាន ជន‌ជាតិ​ហេត ជន‌ជាតិ​អាម៉ូរី ជន‌ជាតិ​ពេរិ‌ស៊ីត ជន‌ជាតិ​ហេវី និង​ជន‌ជាតិ​យេប៊ូស ជា​ស្រុក​ដែល​មាន​ភោគ​ទ្រព្យ​សម្បូណ៌​ហូរ‌ហៀរ​ហើយ”។

18 ពួក​គេ​នឹង​ស្ដាប់​ពាក្យ​របស់​អ្នក រួច​អ្នក​នឹង​ចូល​ទៅ​ជួប​ស្ដេច​ស្រុក​អេស៊ីប​ជា​មួយ​ចាស់​ទុំ​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​ទូល​ថា “ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ជន‌ជាតិ​ហេប្រឺ បាន​យាង​មក​ជួប​យើង​ខ្ញុំ។ ឥឡូវ​នេះ សូម​អនុញ្ញាត​ឲ្យ​យើង​ខ្ញុំ​ចេញ​ទៅ​វាល​រហោ‌ស្ថាន ចម្ងាយ​ផ្លូវ​ដើរ​បី​ថ្ងៃ ដើម្បី​ធ្វើ​យញ្ញ‌បូជា​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ”។

19 យើង​ដឹង​ថា ស្ដេច​ស្រុក​អេស៊ីប​មិន​អនុញ្ញាត​ឲ្យ​អ្នក​រាល់​គ្នា​ចេញ​មក​ទេ ទាល់​តែ​យើង​ប្រើ​បារមី​ដ៏​ខ្លាំង​ពូកែ​បង្ខំ ទើប​ស្ដេច​យល់​ព្រម។

20 យើង​នឹង​សម្តែង​បារមី​ប្រហារ​ស្រុក​អេស៊ីប ដោយ​ធ្វើ​ការ​អស្ចារ្យ​គ្រប់​យ៉ាង នៅ​ក្នុង​ចំណោម​ពួក​គេ។ បន្ទាប់​មក ទើប​ស្ដេច​អនុញ្ញាត​ឲ្យ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​នោះ។

21 យើង​នឹង​ធ្វើ​ឲ្យ​ជន‌ជាតិ​អេស៊ីប​អនុ‌គ្រោះ​ដល់​ប្រជា‌ជន​របស់​អ្នក ហើយ​ពេល​អ្នក​រាល់​គ្នា​ចេញ​មក​នោះ មិន​មែន​ចេញ​មក​ដោយ​ដៃ​ទទេ​ឡើយ។

22 ស្ត្រី​អ៊ីស្រា‌អែល​ម្នាក់ៗ​នឹង​សុំ​របស់​របរ​ពី​ស្ត្រី​ជាតិ​អេស៊ីប ដែល​នៅ​ជិត​ខាង ឬ​រស់​នៅ​ជា​មួយ​គ្នា គឺ​មាន​មាស​ប្រាក់ ព្រម​ទាំង​សម្លៀក‌បំពាក់​ដែល​អ្នក​រាល់​គ្នា​យក​មក​ឲ្យ​កូន​ប្រុស​កូន​ស្រី​របស់​ខ្លួន។ អ្នក​រាល់​គ្នា​នឹង​រឹប​អូស​អ្វីៗ​ទាំង​អស់​ពី​ជន‌ជាតិ​អេស៊ីប»។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40