និក្ខមនំ 6 KHSV

1 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​ថា៖ «ឥឡូវ​នេះ អ្នក​នឹង​ឃើញ​ការ​ដែល​យើង​ធ្វើ​ចំពោះ​ផារ៉ោន យើង​នឹង​សម្តែង​បារមី​ដ៏​ខ្លាំង​ពូកែ​របស់​យើង បង្ខំ​ស្ដេច​នេះ​អនុញ្ញាត​ឲ្យ​ប្រជា‌ជន​អ៊ីស្រា‌អែល​ចេញ​ទៅ។ ដោយ‌សារ​បារមី​ដ៏​ខ្លាំង​ពូកែ ស្ដេច​ផារ៉ោន​នឹង​បណ្ដេញ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប»។

ព្រះ‌បន្ទូល​សន្យា​រំដោះ​ជន‌ជាតិ​អ៊ីស្រា‌អែល

2 ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​ទៀត​ថា៖ «យើង​ជា​ព្រះ‌អម្ចាស់

3 យើង​បាន​បង្ហាញ​ឲ្យ​អប្រាហាំ អ៊ីសាក និង​យ៉ាកុប ស្គាល់​យើង​ក្នុង​ឋានៈ​ជា​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត។ ប៉ុន្តែ យើង​មិន​បាន​ប្រាប់​ឲ្យ​ពួក​គេ​ដឹង​ថា យើង​មាន​ឈ្មោះ​ព្រះ‌អម្ចាស់​ទេ។

4 យើង​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ពួក​គេ យើង​បាន​សន្យា​ប្រគល់​ស្រុក​កាណាន​ឲ្យ​ពួក​គេ គឺ​ស្រុក​ដែល​ពួក​គេ​ស្នាក់​នៅ​ក្នុង​ឋានៈ​ជា​ជន​បរទេស។

5 យើង​ឮ​ជន‌ជាតិ​អ៊ីស្រា‌អែល​ស្រែក​ថ្ងូរ ព្រោះ​ត្រូវ​ពួក​អេស៊ីប​សង្កត់‌សង្កិន។ យើង​នឹក​ដល់​សម្ពន្ធ‌មេត្រី​របស់​យើង។

6 ហេតុ​នេះ ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា: យើង​ជា​ព្រះ‌អម្ចាស់ យើង​នឹង​ដោះ​លែង​អ្នក​រាល់​គ្នា​ពី​ការ‌ងារ​ដ៏​លំបាក ដែល​ពួក​អេស៊ីប​បង្ខំ​អ្នក​រាល់​គ្នា​ឲ្យ​ធ្វើ យើង​នឹង​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​ភាព​ជា​ទាសករ​របស់​ជន‌ជាតិ​អេស៊ីប យើង​នឹង​លោះ​អ្នក​រាល់​គ្នា ដោយ​ឫទ្ធិ​អំណាច​របស់​យើង។

7 យើង​នឹង​យក​អ្នក​រាល់​គ្នា​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​យើង​ធ្វើ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា យើង​ដោះ​លែង​អ្នក​រាល់​គ្នា​ចេញ​ពី​ការ‌ងារ​ដ៏​លំបាក ដែល​ពួក​អេស៊ីប​បង្ខំ​អ្នក​រាល់​គ្នា​ឲ្យ​ធ្វើ។

8 បន្ទាប់​មក យើង​នឹង​នាំ​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក ដែល​យើង​បាន​សន្យា​យ៉ាង​ឱឡា‌រិក​ជា​មួយ​អប្រាហាំ​អ៊ីសាក និង​យ៉ាកុប ហើយ​យើង​ឲ្យ​ស្រុក​នោះ​ដល់​អ្នក​រាល់​គ្នា​ជា​មត៌ក យើង​ជា​ព្រះ‌អម្ចាស់!»។

9 លោក​ម៉ូសេ​ក៏​នាំ​ព្រះ‌បន្ទូល​ទាំង​នោះ​ទៅ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល ប៉ុន្តែ ពួក​គេ​មិន​ស្ដាប់​លោក​ឡើយ ព្រោះ​ពួក​គេ​បាក់​ទឹក​ចិត្ត ដោយ‌សារ​ទុក្ខ​វេទនា ក្នុង​ភាព​ជា​ទាសករ។

10 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ទៀត​ថា៖

11 «ចូរ​ទៅ​ប្រាប់​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប​ថា ត្រូវ​បើក​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប​ទៅ»។

12 លោក​ម៉ូសេ​ទូល​ព្រះ‌អង្គ​ថា៖ «សូម្បី​តែ​ជន‌ជាតិ​អ៊ីស្រា‌អែល​ក៏​មិន​ព្រម​ស្ដាប់​ទូលបង្គំ​ផង ធ្វើ​ដូច​ម្ដេច​ឲ្យ​ស្ដេច​ផារ៉ោន​ស្ដាប់​ទូលបង្គំ ជា​មនុស្ស​ដែល​គ្មាន​វោហារ​នេះ!»។

13 ដូច្នេះ ព្រះ‌អម្ចាស់​បង្គាប់​លោក​ម៉ូសេ និង​លោក​អើរ៉ុន ឲ្យ​នាំ​ព្រះ‌បន្ទូល​ទៅ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល និង​ស្ដេច​ផារ៉ោន ដើម្បី​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។

បញ្ជី​រាយ​នាម​បុព្វបុរស​របស់​លោក​ម៉ូសេ និង​លោក​អើរ៉ុន

14 នេះ​ជា​បញ្ជី​រាយ​នាម​មេ​គ្រួសារ​នៃ​បុព្វបុរស​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល:កូន​របស់​លោក​រូបេន ដែល​ជា​កូន​ច្បង​របស់​លោក​អ៊ីស្រា‌អែល មាន​ហេណុក ប៉ាលូវ ហេត‌ស្រុន និង​កើមី។ អ្នក​ទាំង​នោះ​ជា​បុព្វបុរស​នៃ​អំបូរ​រូបេន។

15 កូន​របស់​លោក​ស៊ីម្មាន​មាន​យេមូ‌អែល យ៉ាមីន អូហាត់ យ៉ាគិន សូហារ និង​សូល ជា​កូន​របស់​ស្ត្រី​ជន‌ជាតិ​កាណាន។ អ្នក​ទាំង​នោះ​ជា​បុព្វបុរស​នៃ​អំបូរ​ស៊ីម្មាន។

16 រីឯ​កូន​ចៅ​របស់​លោក​លេវី​មាន​រាយ​នាម​តាម​តំណ​វង្ស​ត្រកូល​ដូច​ត​ទៅ:កូន​របស់​លោក​លេវី​មាន​គើសុន កេហាត់ និង​ម៉្រារី។ លោក​លេវី​រស់​បាន​មួយ​រយ​សាម‌សិប​ប្រាំ‌ពីរ​ឆ្នាំ។

17 កូន​របស់​គើសុន​មាន​លីបនី និង​ស៊ី‌ម៉ៃ ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​ពួក​គេ។

18 កូន​របស់​កេហាត់​មាន​អាំរ៉ាម យីតសារ ហេ‌ប្រុន និង​អ៊ូសាល។ លោក​កេហាត់​រស់​បាន​មួយ​រយ​សាម‌សិប​បី​ឆ្នាំ។

19 កូន​របស់​ម៉្រារី​មាន​ម៉ាស់‌លី និង​មូស៊ី។ អ្នក​ទាំង​នោះ​ជា​បុព្វបុរស​នៃ​អំបូរ​លេវី តាម​តំណ​វង្ស​ត្រកូល​របស់​ពួក​គេ។

20 លោក​អាំរ៉ាម​រៀប‌ការ​ជា​មួយ​នាង​យ៉ុកិ‌បិត ដែល​ត្រូវ​ជា​ម្ដាយ​មីង​របស់​លោក នាង​បង្កើត​បាន​កូន​ប្រុស​ពីរ​នាក់​ជូន​លោក គឺ​លោក​អើរ៉ុន និង​លោក​ម៉ូសេ។ លោក​អាំរ៉ាម​រស់​បាន​មួយ​រយ​សាម‌សិប​ប្រាំ‌ពីរ​ឆ្នាំ។

21 កូន​របស់​លោក​យីតសារ​មាន​កូរេ ណេ‌ផេក និង​ស៊ីកគ្រី។

22 កូន​របស់​លោក​អ៊ូសាល​គឺ មីសា‌អែល អែលសា‌ផាន និង​ស៊ីត‌ទ្រី។

23 លោក​អើរ៉ុន​រៀប‌ការ​ជា​មួយ​នាង​អេលីសេបា ជា​កូន​របស់​លោក​អមីណា‌ដាប់ និង​ជា​ប្អូន​របស់​លោក​ណាសូន។ នាង​បង្កើត​បាន​កូន​ប្រុស​បួន​នាក់​ជូន​លោក​គឺ ណាដាប អប៊ី‌ហ៊ូវ អេឡាសារ និង​អ៊ីថា‌ម៉ារ។

24 កូន​របស់​កូរេ​មាន​អាស់‌សៀរ អែលកា‌ណា និង​អេបៀ‌សាប់ ដែល​ជា​បុព្វបុរស​នៃ​អំបូរ​កូរេ។

25 លោក​អេឡា‌សារ កូន​ប្រុស​របស់​លោក​អើរ៉ុន បាន​រៀប‌ការ​ជា​មួយ​កូន​ស្រី​លោក​ពូធាល នាង​បង្កើត​បាន​កូន​ប្រុស​ម្នាក់​ជូន​លោក​គឺ ភីនេ‌ហាស។ អ្នក​ទាំង​នេះ​ជា​មេ​គ្រួសារ​នៃ​កុល‌សម្ព័ន្ធ​លេវី តាម​អំបូរ​របស់​ពួក​គេ។

26 ព្រះ‌អម្ចាស់​បាន​បង្គាប់​ឲ្យ​លោក​អើរ៉ុន និង​លោក​ម៉ូសេ​នេះ នាំ​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​មាន​របៀប​រៀប​រយ​ដូច​កង‌ទ័ព​មួយ។

27 លោក​ម៉ូសេ និង​លោក​អើរ៉ុន​នេះ​ហើយ​ដែល​បាន​ទៅ​គាល់​ព្រះចៅ​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប ដើម្បី​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីប។

បញ្ជា​របស់​ព្រះ‌អម្ចាស់​ចំពោះ​លោក​ម៉ូសេ និង​លោក​អើរ៉ុន

28 ពេល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ នៅ​ស្រុក​អេស៊ីប

29 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​លោក​ថា៖ «យើង​ជា​ព្រះ‌អម្ចាស់! ចូរ​នាំ​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​យើង​បង្គាប់​ដល់​អ្នក យក​ទៅ​ប្រាប់​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប»។

30 ប៉ុន្តែ លោក​ម៉ូសេ​ទូល​ព្រះ‌អម្ចាស់​ថា៖ «ទូលបង្គំ​គ្មាន​វោហារ​ទេ ព្រះចៅ​ផារ៉ោន​មុខ​ជា​មិន​ស្ដាប់​ទូលបង្គំ​ឡើយ»។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40