និក្ខមនំ 25 KHSV

គម្រោង​សំណង់​ព្រះ‌ពន្លា

ព្រះ‌ជាម្ចាស់​បង្គាប់​ឲ្យ​សង់​ព្រះ‌ពន្លា

1 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

2 «ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ឲ្យ​យក​តង្វាយ ដែល​គេ​បាន​ញែក​ទុក មក​ថ្វាយ​យើង។ ត្រូវ​ទទួល​យក​តង្វាយ​ពី​អ្នក​ដែល​ថ្វាយ ដោយ​ស្ម័គ្រ​ចិត្ត។

3 តង្វាយ​ដែល​អ្នក​ត្រូវ​ទទួល​ពី​គេ គឺ​មាស ប្រាក់ លង្ហិន

4 ក្រណាត់​ពណ៌​ស្វាយ ពណ៌​ក្រហម ពណ៌​ក្រហម​ទុំ ក្រណាត់​ទេស‌ឯក ក្រណាត់​ធ្វើ​ពី​រោម​ពពែ

5 ស្បែក​ពពែ​ជ្រលក់​ពណ៌​ក្រហម ស្បែក​ផ្សោត និង​ឈើ​នាង‌នួន

6 ប្រេង​សម្រាប់​ដុត​បំភ្លឺ ប្រេង​ក្រអូប​សម្រាប់​ពិធី​លាប​ប្រេង និង​គ្រឿង​ក្រអូប​សម្រាប់​ដុត

7 ត្បូង​មណី‌ជោតិរស និង​ត្បូង​ដ៏​មាន​តម្លៃ​ផ្សេងៗ សម្រាប់​ដាំ​នៅ​លើ​អាវ​អេផូដ* និង​សម្រាប់​លំអ​ដើម​ទ្រូង​បូជា‌ចារ្យ។

8 ពួក​គេ​ត្រូវ​សង់​ទី‌សក្ការៈ​មួយ​សម្រាប់​យើង ដើម្បី​ឲ្យ​យើង​ស្នាក់​នៅ​ក្នុង​ចំណោម​ពួក​គេ។

9 អ្នក​រាល់​គ្នា​ត្រូវ​សង់​ព្រះ‌ពន្លា និង​ធ្វើ​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន តាម​គំរូ​ដែល​យើង​នឹង​បង្ហាញ​អ្នក»។

ហិប​នៃ​សម្ពន្ធ‌មេត្រី

10 ពួក​គេ​ត្រូវ​ធ្វើ​ហិប​មួយ​ពី​ឈើ​នាង‌នួន ហិប​នោះ​មាន​បណ្ដោយ​ពីរ​ហត្ថ​កន្លះ ទទឹង​មួយ​ហត្ថ​កន្លះ និង​កំពស់​មួយ​ហត្ថ​កន្លះ។

11 ត្រូវ​យក​មាស​សុទ្ធ​ស្រោប​ហិប​នោះ ទាំង​ខាង​ក្នុង ទាំង​ខាង​ក្រៅ ហើយ​គែម​ដែល​ព័ទ្ធ​ជុំ‌វិញ ក៏​ត្រូវ​ធ្វើ​ពី​មាស​ដែរ។

12 ត្រូវ​ធ្វើ​កង​មាស​បួន ដាក់​ភ្ជាប់​ទៅ​នឹង​មុម​ទាំង​បួន គឺ​ម្ខាង​ពីរៗ។

13 ត្រូវ​យក​ឈើ​នាង‌នួន​មក​ធ្វើ​ជា​ឈើ​ស្នែង ហើយ​ស្រោប​មាស​ផង។

14 ត្រូវ​ស៊ក​ឈើ​ស្នែង​ទៅ​ក្នុង​កង​ដែល​នៅ​សង​ខាង​ហិប ដើម្បី​សែង​ហិប​នោះ។

15 ឈើ​ស្នែង​ត្រូវ​នៅ​ជាប់​នឹង​កង​របស់​ហិប​ជា‌និច្ច មិន​ត្រូវ​ដក​ចេញ​ឡើយ។

16 ចូរ​ដាក់​បន្ទះ​ថ្ម​នៃ​សន្ធិ‌សញ្ញា​របស់​សម្ពន្ធ‌មេត្រី* ដែល​យើង​ឲ្យ​ដល់​អ្នក​ក្នុង​ហិប​នេះ។

17 ត្រូវ​ឲ្យ​គេ​ធ្វើ​គម្រប​ហិប​ពី​មាស​សុទ្ធ ដែល​មាន​បណ្ដោយ​ពីរ​ហត្ថ​កន្លះ និង​ទទឹង​មួយ​ហត្ថ​កន្លះ។

18 ត្រូវ​យក​មាស​មក​ឆ្លាក់​ធ្វើ​រូប​ចេរូប៊ីន​ពីរ ដាក់​នៅ​ចុង​គម្រប​ហិប​ទាំង​សង​ខាង

19 ត្រូវ​ដាក់​ភ្ជាប់​រូប​ចេរូប៊ីន*​ទាំង​ពីរ​នោះ​ទៅ​នឹង​គម្រប​ហិប គឺ​ចេរូប៊ីន​នីមួយៗ​ត្រូវ​ភ្ជាប់​ទៅ​នឹង​ចុង​ម្ខាង។

20 ត្រូវ​ដាក់​ចេរូប៊ីន​ទាំង​ពីរ​ប្រឈម​មុខ​គ្នា ដោយ​ឈ្ងោក​មុខ​ទៅ​រក​គម្រប​ហិប ព្រម​ទាំង​ត្រដាង​ស្លាប​ការពារ​គម្រប​ហិប​នេះ​ទៀត​ផង។

21 ចូរ​ដាក់​បន្ទះ​ថ្ម​នៃ​សន្ធិ‌សញ្ញា ដែល​យើង​នឹង​ប្រគល់​ឲ្យ​អ្នក ទៅ​ក្នុង​ហិប រួច​យក​គម្រប​មក​គ្រប។

22 យើង​នឹង​មក​ជួប​អ្នក​នៅ​លើ​គម្រប​ហិប ត្រង់​ចន្លោះ​ចេរូប៊ីន​ទាំង​ពីរ​ដែល​នៅ​ពី​លើ​ហិប​នៃ​សម្ពន្ធ‌មេត្រី។ យើង​នឹង​ប្រាប់​អ្នក​អំពី​បទ‌បញ្ជា​ទាំង​ប៉ុន្មាន ដែល​ត្រូវ​បង្គាប់​ដល់​កូន​ចៅ​អ៊ីស្រា‌អែល។

តុ​ដាក់​នំប៉័ង​ថ្វាយ​ព្រះ‌ជាម្ចាស់

23 ត្រូវ​ធ្វើ​តុ​មួយ​ពី​ឈើ​នាង‌នួន ដែល​មាន​បណ្ដោយ​ពីរ​ហត្ថ ទទឹង​មួយ​ហត្ថ និង​កំពស់​មួយ​ហត្ថ​កន្លះ។

24 ត្រូវ​យក​មាស​សុទ្ធ​មក​ស្រោប​តុ​នោះ ព្រម​ទាំង​ធ្វើ​គែម​មាស​ព័ទ្ធ​ជុំ‌វិញ​ទៀត​ផង។

25 នៅ​តាម​ជ្រុង​ទាំង​បួន ត្រូវ​ធ្វើ​ក្រប​ដែល​មាន​កំពស់​មួយ​ទះ ហើយ​ធ្វើ​ក្បាច់​ជា​មាស​ព័ទ្ធ​ជុំ‌វិញ​ផង។

26 ត្រូវ​ធ្វើ​កង​មាស​បួន​ដាក់​ភ្ជាប់​ទៅ​នឹង​មុម​ទាំង​បួន ត្រង់​កន្លែង​ដែល​មាន​ជើង​តុ។

27 កង​មាស​ទាំង​បួន​ត្រូវ​ដាក់​នៅ​ជិត​ក្រប ដើម្បី​ស៊ក​ឈើ​ស្នែង​សែង​តុ។

28 ត្រូវ​យក​ឈើ​នាង‌នួន​មក​ធ្វើ​ជា​ឈើ​ស្នែង ហើយ​ស្រោប​មាស​ផង ដើម្បី​សែង​តុ​នោះ។

29 ត្រូវ​យក​មាស​សុទ្ធ​មក​ធ្វើ​ថាស ថូ ចាន‌គោម និង​ពែង​សម្រាប់​ប្រើ​ក្នុង​ពិធី​ច្រួច‌ស្រា និង​ប្រេង​ដាក់​នៅ​លើ​តុ​នោះ។

30 ត្រូវ​តម្កល់​នំប៉័ង​នៅ​លើ​តុ​នោះ ទុក​ជា​តង្វាយ​អចិន្ត្រៃយ៍​នៅ​ចំពោះ​មុខ​យើង។

ជើង​ចង្កៀង

31 ត្រូវ​យក​មាស​សុទ្ធ​តែ​មួយ​ដុំ​មក​ដំ​ធ្វើ​ជើង​ចង្កៀង ហើយ​ជើង​ចង្កៀង​មាស​នេះ​ត្រូវ​ឆ្លាក់​ក្បាច់​រចនា ទាំង​ផ្នែក​ខាង​ក្រោម ទាំង​តួ ទាំង​មែក និង​ផ្នែក​ដាក់​ប្រេង។

32 មាន​មែក​ប្រាំ​មួយ​បែក​ចេញ​ពី​តួ​ដែល​នៅ​កណ្ដាល គឺ​ម្ខាង​មាន​មែក​បី ហើយ​ម្ខាង​ទៀត​ក៏​មាន​មែក​បី​ដែរ។

33 ក្នុង​ចំណោម​មែក​ទាំង​ប្រាំ​មួយ​នោះ មែក​នីមួយៗ​មាន​ក្បាច់​បី​គន្លាក់ រាង​ដូច​ទង​ផ្កា ត្របក​ផ្កា និង​ស្រទាប់​ផ្កា​ក្រពុំ ជា​បន្ត​បន្ទាប់​គ្នា។

34 រីឯ​តួ​ដែល​នៅ​កណ្ដាល មាន​ក្បាច់​បួន​គន្លាក់ រាង​ដូច​ទង​ផ្កា​ត្របក​ផ្កា និង​ស្រទាប់​ផ្កា​ក្រពុំ។

35 មាន​ស្រទាប់​ផ្កា​ក្រពុំ​បី​នៅ​ខាង​ក្រោម​មែក​ទាំង​បី​គូ ដែល​បែក​ចេញ​ពី​តួ​កណ្ដាល។

36 ស្រទាប់​ផ្កា​ក្រពុំ និង​មែក ត្រូវ​ឆ្លាក់​ជា​ក្បាច់​រចនា​ពី​មាស​សុទ្ធ​តែ​មួយ​ដុំ។

37 ត្រូវ​ធ្វើ​ចង្កៀង​ប្រាំ‌ពីរ យក​ទៅ​ដាក់​លើ​ជើង​ចង្កៀង ដើម្បី​ឲ្យ​ពន្លឺ​ជះ​ទៅ​ខាង​មុខ។

38 រីឯ​កន្លែង​ស៊ក​ប្រឆេះ​ចង្កៀង និង​ប្រដាប់​សម្រាប់​គោះ​កម្ទេច​ប្រឆេះ ក៏​ត្រូវ​តែ​ធ្វើ​ពី​មាស​សុទ្ធ​ដែរ។

39 ត្រូវ​ប្រើ​មាស​សុទ្ធ​សាម‌សិប​បួន​គីឡូ‌ក្រាម ដើម្បី​ធ្វើ​ជើង​ចង្កៀង និង​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន សម្រាប់​ប្រើ‌ប្រាស់​ជា​មួយ​ជើង​ចង្កៀង​នោះ។

40 ចូរ​សង្កេត​មើល ហើយ​ធ្វើ​តាម​គំរូ ដែល​យើង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​នៅ​លើ​ភ្នំ។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40