និក្ខមនំ 13:17-22 KHSV

17 ពេល​ព្រះចៅ​ផារ៉ោន​បើក​ឲ្យ​ប្រជា‌ជន​អ៊ីស្រា‌អែល​ចាក​ចេញ​ទៅ​នោះ ព្រះ‌ជាម្ចាស់​ពុំ​បាន​នាំ​ពួក​គេ​តាម​ផ្លូវ​ទៅ​ស្រុក​ភីលីស្ទីន​ទេ ទោះ​បី​ផ្លូវ​នោះ​ជា​ផ្លូវ​ជិត​ក៏​ដោយ ដ្បិត​ព្រះ‌អង្គ​នឹក​គិត​ថា ប្រសិន​បើ​ប្រជា‌ជន​ជួប​ប្រទះ​នឹង​សង្គ្រាម ពួក​គេ​អាច​ដូរ​គំនិត ហើយ​ចង់​ត្រឡប់​ទៅ​ស្រុក​អេស៊ីប​វិញ។

18 ហេតុ​នេះ ព្រះ‌អង្គ​នាំ​ពួក​គេ​ទៅ​តាម​ផ្លូវ​វាង ឆ្លង​កាត់​វាល​រហោ‌ស្ថាន​ឆ្ពោះ​ទៅ​សមុទ្រ​កក់។ ជន‌ជាតិ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ទាំង​នាំ​របស់​របរ​គ្រប់​យ៉ាង​ទៅ​ជា​មួយ​ផង។

19 លោក​ម៉ូសេ​បាន​យក​ធាតុ​របស់​លោក​យ៉ូសែប​ទៅ​ជា​មួយ​លោក​ដែរ ដ្បិត​លោក​យ៉ូសែប​បាន​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ថា «ព្រះ‌ជាម្ចាស់​ប្រាកដ​ជា​មក​ជួយ​អ្នក​រាល់​គ្នា​មិន​ខាន ដូច្នេះ សុំ​ស្បថ​នឹង​ខ្ញុំ​ថា ពេល​ណា​អ្នក​រាល់​គ្នា​ចាក​ចេញ​ពី​ទី​នេះ​ទៅ សុំ​យក​ធាតុ​របស់​ខ្ញុំ​ចេញ​ទៅ​ជា​មួយ​ផង»។

20 ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ដំណើរ​ពី​ក្រុង​សិកូត ទៅ​បោះ​ជំរំ​ត្រង់​អេថាម ដែល​ស្ថិត​នៅ​ជាយ​វាល​រហោ‌ស្ថាន។

21 នៅ​ពេល​ថ្ងៃ ព្រះ‌អម្ចាស់​នាំ​មុខ​ពួក​គេ​ដោយ​ដុំ​ពពក* នៅ​ពេល​យប់ ព្រះ‌អង្គ​នាំ​មុខ​ពួក​គេ​ដោយ​ដុំ​ភ្លើង ដែល​បំភ្លឺ​ផ្លូវ​ពួក​គេ។ ដូច្នេះ ពួក​គេ​អាច​ធ្វើ​ដំណើរ​ទាំង​ថ្ងៃ ទាំង​យប់។

22 នៅ​ពេល​ថ្ងៃ ដុំ​ពពក​មិន​ដែល​ឃ្លាត​ពី​មុខ​ប្រជា‌ជន​ឡើយ ហើយ​នៅ​ពេល​យប់ ដុំ​ភ្លើង​ស្ថិត​នៅ​មុខ​ពួក​គេ​ជា‌និច្ច។