14 ចូរនាំគ្នានៅស្ងៀមចុះ ដ្បិតព្រះអម្ចាស់នឹងច្បាំងជំនួសអ្នករាល់គ្នា»។
15 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ហេតុអ្វីបានជាស្រែកអង្វរយើងដូច្នេះ? ចូរប្រាប់កូនចៅអ៊ីស្រាអែលឲ្យចេញដំណើរទៅ។
16 ចូរលើកដំបងរបស់អ្នកឡើង ហើយលើកដៃតម្រង់ទៅសមុទ្រ រួចវាយទឹកសមុទ្រឲ្យញែកចេញពីគ្នា ដើម្បីឲ្យកូនចៅអ៊ីស្រាអែលដើរតាមបាតសមុទ្រ។
17 រីឯយើងវិញ យើងធ្វើឲ្យជនជាតិអេស៊ីបមានចិត្តរឹងចចេស ដេញតាមក្រោយអ្នករាល់គ្នា។ យើងនឹងសម្តែងសិរីរុងរឿងរបស់យើង ដោយប្រហារស្ដេចផារ៉ោន និងពលទ័ពទាំងមូល ព្រមទាំងកម្ទេចរទេះចំបាំង និងទ័ពសេះរបស់ស្ដេច។
18 នៅពេលយើងសម្តែងសិរីរុងរឿង ដោយប្រហារស្ដេចផារ៉ោន ព្រមទាំងកម្ទេចរទេះចំបាំង និងទ័ពសេះរបស់ស្ដេច នោះជនជាតិអេស៊ីបនឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់»។
19 ទេវតា*របស់ព្រះជាម្ចាស់ ដែលពីមុននៅខាងមុខជនជាតិអ៊ីស្រាអែល បានទៅនៅខាងក្រោយពួកគេ រីឯដុំពពក*ដែលនៅខាងមុខ ក៏ទៅនៅខាងក្រោយពួកគេដែរ។
20 ដុំពពកនោះស្ថិតនៅចន្លោះកងទ័ពអេស៊ីប និងកងទ័ពអ៊ីស្រាអែល។ ដុំពពកនោះធ្វើឲ្យងងឹតម្ខាង និងធ្វើឲ្យម្ខាងទៀតភ្លឺនៅពេលយប់។ ហេតុនេះហើយបានជាពេញមួយយប់ កងទ័ពទាំងពីរមិនបានចូលទៅជិតគ្នាឡើយ។