និក្ខមនំ 14:18-24 KHSV

18 នៅ​ពេល​យើង​សម្តែង​សិរី‌រុងរឿង ដោយ​ប្រហារ​ស្ដេច​ផារ៉ោន ព្រម​ទាំង​កម្ទេច​រទេះ​ចំបាំង និង​ទ័ព​សេះ​របស់​ស្ដេច នោះ​ជន‌ជាតិ​អេស៊ីប​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌អម្ចាស់»។

19 ទេវតា*​របស់​ព្រះ‌ជាម្ចាស់ ដែល​ពី​មុន​នៅ​ខាង​មុខ​ជន‌ជាតិ​អ៊ីស្រា‌អែល បាន​ទៅ​នៅ​ខាង​ក្រោយ​ពួក​គេ រីឯ​ដុំ​ពពក*​ដែល​នៅ​ខាង​មុខ ក៏​ទៅ​នៅ​ខាង​ក្រោយ​ពួក​គេ​ដែរ។

20 ដុំ​ពពក​នោះ​ស្ថិត​នៅ​ចន្លោះ​កង‌ទ័ព​អេស៊ីប និង​កង‌ទ័ព​អ៊ីស្រា‌អែល។ ដុំ​ពពក​នោះ​ធ្វើ​ឲ្យ​ងងឹត​ម្ខាង និង​ធ្វើ​ឲ្យ​ម្ខាង​ទៀត​ភ្លឺ​នៅ​ពេល​យប់។ ហេតុ​នេះ​ហើយ​បាន​ជា​ពេញ​មួយ​យប់ កង‌ទ័ព​ទាំង​ពីរ​មិន​បាន​ចូល​ទៅ​ជិត​គ្នា​ឡើយ។

21 លោក​ម៉ូសេ​លើក​ដៃ​តម្រង់​ទៅ​សមុទ្រ ពេញ​មួយ​យប់​នោះ ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​មាន​ខ្យល់​បក់​ពី​ទិស​ខាង​កើត​យ៉ាង​ខ្លាំង រុញ​ច្រាន​ទឹក​សមុទ្រ ធ្វើ​ឲ្យ​ទឹក​សមុទ្រ​រីង​ស្ងួត។ ផ្ទៃ​ទឹក​ក៏​ញែក​ចេញ​ពី​គ្នា

22 ហើយ​ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ដើរ​តាម​បាត​សមុទ្រ ដោយ​មាន​ទឹក​សមុទ្រ​ដូច​កំពែង​នៅ​សង​ខាង​ពួក​គេ។

23 កង‌ទ័ព​អេស៊ីប ទាំង​សេះ​របស់​ព្រះចៅ​ផារ៉ោន ទាំង​រទេះ​ចំបាំង និង​ទ័ព​សេះ​ទាំង​ប៉ុន្មាន ដែល​ដេញ​តាម​ពី​ក្រោយ ក៏​ចូល​ទៅ​កណ្ដាល​សមុទ្រ​ដែរ។

24 លុះ​ពេល​ទៀប​ភ្លឺ ព្រះ‌អម្ចាស់​ដែល​គង់​នៅ​ក្នុង​ដុំ​ភ្លើង និង​ដុំ​ពពក ទត​ទៅ​កង‌ទ័ព​អេស៊ីប ធ្វើ​ឲ្យ​កង‌ទ័ព​នោះ​ជ្រួល‌ច្របល់។