21 លោកម៉ូសេលើកដៃតម្រង់ទៅសមុទ្រ ពេញមួយយប់នោះ ព្រះអម្ចាស់ធ្វើឲ្យមានខ្យល់បក់ពីទិសខាងកើតយ៉ាងខ្លាំង រុញច្រានទឹកសមុទ្រ ធ្វើឲ្យទឹកសមុទ្ររីងស្ងួត។ ផ្ទៃទឹកក៏ញែកចេញពីគ្នា
22 ហើយជនជាតិអ៊ីស្រាអែលនាំគ្នាដើរតាមបាតសមុទ្រ ដោយមានទឹកសមុទ្រដូចកំពែងនៅសងខាងពួកគេ។
23 កងទ័ពអេស៊ីប ទាំងសេះរបស់ព្រះចៅផារ៉ោន ទាំងរទេះចំបាំង និងទ័ពសេះទាំងប៉ុន្មាន ដែលដេញតាមពីក្រោយ ក៏ចូលទៅកណ្ដាលសមុទ្រដែរ។
24 លុះពេលទៀបភ្លឺ ព្រះអម្ចាស់ដែលគង់នៅក្នុងដុំភ្លើង និងដុំពពក ទតទៅកងទ័ពអេស៊ីប ធ្វើឲ្យកងទ័ពនោះជ្រួលច្របល់។
25 ព្រះអង្គធ្វើឲ្យរទេះចំបាំងរបូតកង់ ហើយកឿងទៅមុខមិនរួច។ ជនជាតិអេស៊ីបស្រែកឡើងថា៖ «ចូរយើងនាំគ្នារត់ឲ្យឆ្ងាយពីជនជាតិអ៊ីស្រាអែលទៅ ដ្បិតព្រះអម្ចាស់រួមជាមួយពួកគេ ច្បាំងតទល់នឹងពួកយើងហើយ!»។
26 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរលើកដៃតម្រង់ទៅសមុទ្រ ឲ្យទឹកសមុទ្រវិលមកគ្របលើជនជាតិអេស៊ីប រទេះចំបាំង និងទ័ពសេះរបស់ពួកគេ»។
27 លោកម៉ូសេលើកដៃតម្រង់ទៅសមុទ្រ។ នៅពេលថ្ងៃរះ ទឹកសមុទ្រក៏ហូរត្រឡប់មកកន្លែងដើមវិញ។ ជនជាតិអេស៊ីបនាំគ្នារត់គេចមិនទាន់ ដ្បិតព្រះអម្ចាស់ធ្វើឲ្យពួកគេលិចលង់នៅកណ្ដាលសមុទ្រ។