19 ពេលដែលសេះរបស់ស្ដេចផារ៉ោនរទេះចំបាំង និងកងទ័ពសេះ ចូលទៅក្នុងសមុទ្រ ព្រះអម្ចាស់បានធ្វើឲ្យទឹកសមុទ្រហូរមកវិញគ្របពីលើពួកគេ តែជនជាតិអ៊ីស្រាអែលដើរតាមបាតសមុទ្រ។
20 ពេលនោះ ព្យាការិនីម៉ារាម ដែលជាបងស្រីរបស់លោកអើរ៉ុន ក៏កាន់ក្រាប់ ហើយស្ត្រីៗទាំងអស់ក៏ចេញទៅតាមគាត់ ទាំងវាយក្រាប់ និងនាំគ្នារាំ។
21 លោកស្រីម៉ារាមបន្លឺសំឡេងច្រៀងថា៖«ចូរច្រៀងថ្វាយព្រះអម្ចាស់ព្រះអង្គមានជ័យជំនះដ៏ត្រចះត្រចង់ព្រះអង្គបានធ្វើឲ្យសេះនិងទាហានដែលជិះលើវាលិចលង់ទៅក្នុងសមុទ្រ!»។
22 លោកម៉ូសេនាំជនជាតិអ៊ីស្រាអែលចេញពីសមុទ្រកក់ ឆ្ពោះទៅវាលរហោស្ថានស៊ើរ។ ពួកគេធ្វើដំណើរអស់រយៈពេលបីថ្ងៃ ក្នុងវាលរហោស្ថាន ដោយឥតជួបប្រទះនឹងទឹកទាល់តែសោះ។
23 លុះមកដល់ប្រភពទឹកម៉ារ៉ា ពួកគេពុំអាចបរិភោគទឹកនោះបានទេ ពីព្រោះទឹកនៅម៉ារ៉ាមានរសជាតិល្វីង។ ហេតុនោះហើយបានជាគេហៅកន្លែងនោះថា “ម៉ារ៉ា”។
24 ប្រជាជននាំគ្នារអ៊ូរទាំដាក់លោកម៉ូសេថា៖ «តើពួកយើងបានអ្វីផឹក?»។
25 លោកម៉ូសេស្រែកអង្វរព្រះអម្ចាស់ ព្រះអង្គក៏បង្ហាញឈើមួយប្រភេទដល់លោក។ លោកម៉ូសេបោះឈើនោះទៅក្នុងទឹក ហើយគេក៏អាចបរិភោគទឹកបាន។ នៅទីនោះ ព្រះអម្ចាស់ប្រទានច្បាប់ និងវិន័យដល់ប្រជាជនអ៊ីស្រាអែល ហើយព្រះអង្គក៏បានល្បងលមើលពួកគេដែរ។