និក្ខមនំ 15:20-26 KHSV

20 ពេល​នោះ ព្យាកា‌រិនី​ម៉ារាម ដែល​ជា​បង​ស្រី​របស់​លោក​អើរ៉ុន ក៏​កាន់​ក្រាប់ ហើយ​ស្ត្រីៗ​ទាំង​អស់​ក៏​ចេញ​ទៅ​តាម​គាត់ ទាំង​វាយ​ក្រាប់ និង​នាំ​គ្នា​រាំ។

21 លោក​ស្រី​ម៉ារាម​បន្លឺ​សំឡេង​ច្រៀង​ថា៖«ចូរ​ច្រៀង​ថ្វាយ​ព្រះ‌អម្ចាស់ព្រះ‌អង្គ​មាន​ជ័យ‌ជំនះ​ដ៏​ត្រចះ‌ត្រចង់ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​សេះនិង​ទាហាន​ដែល​ជិះ​លើ​វាលិច​លង់​ទៅ​ក្នុង​សមុទ្រ!»។

22 លោក​ម៉ូសេ​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ពី​សមុទ្រ​កក់ ឆ្ពោះ​ទៅ​វាល​រហោ‌ស្ថាន​ស៊ើរ។ ពួក​គេ​ធ្វើ​ដំណើរ​អស់​រយៈ​ពេល​បី​ថ្ងៃ ក្នុង​វាល​រហោ‌ស្ថាន ដោយ​ឥត​ជួប​ប្រទះ​នឹង​ទឹក​ទាល់​តែ​សោះ។

23 លុះ​មក​ដល់​ប្រភព​ទឹក​ម៉ារ៉ា ពួក​គេ​ពុំ​អាច​បរិភោគ​ទឹក​នោះ​បាន​ទេ ពី‌ព្រោះ​ទឹក​នៅ​ម៉ារ៉ា​មាន​រស‌ជាតិ​ល្វីង។ ហេតុ​នោះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា “ម៉ារ៉ា”។

24 ប្រជា‌ជន​នាំ​គ្នា​រអ៊ូ‌រទាំ​ដាក់​លោក​ម៉ូសេ​ថា៖ «តើ​ពួក​យើង​បាន​អ្វី​ផឹក?»។

25 លោក​ម៉ូសេ​ស្រែក​អង្វរ​ព្រះ‌អម្ចាស់ ព្រះ‌អង្គ​ក៏​បង្ហាញ​ឈើ​មួយ​ប្រភេទ​ដល់​លោក។ លោក​ម៉ូសេ​បោះ​ឈើ​នោះ​ទៅ​ក្នុង​ទឹក ហើយ​គេ​ក៏​អាច​បរិភោគ​ទឹក​បាន។ នៅ​ទី​នោះ ព្រះ‌អម្ចាស់​ប្រទាន​ច្បាប់ និង​វិន័យ​ដល់​ប្រជា‌ជន​អ៊ីស្រា‌អែល ហើយ​ព្រះ‌អង្គ​ក៏​បាន​ល្បង‌ល​មើល​ពួក​គេ​ដែរ។

26 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ប្រសិន​បើ​អ្នក​រាល់​គ្នា​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​បង្គាប់​យើង ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ហើយ​ប្រព្រឹត្ត​តាម​អ្វីៗ​ដែល​យើង​យល់​ថា​ត្រឹម​ត្រូវ ប្រសិន​បើ​អ្នក​រាល់​គ្នា​ត្រង‌ត្រាប់​ស្ដាប់​បទ‌បញ្ជា និង​កាន់​តាម​ច្បាប់​ទាំង​ប៉ុន្មាន​របស់​យើង នោះ​យើង​នឹង​មិន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​កើត​ជំងឺ​អ្វី​មួយ ដូច​យើង​បាន​ធ្វើ​ចំពោះ​ជន‌ជាតិ​អេស៊ីប​ឡើយ ដ្បិត​យើង​ជា​ព្រះ‌អម្ចាស់​ដែល​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​ជា»។