និក្ខមនំ 16:30-36 KHSV

30 ហេតុ​នេះ ប្រជា‌ជន​នាំ​គ្នា​ឈប់​សម្រាក នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ។

31 កូន​ចៅ​អ៊ីស្រា‌អែល​ហៅ​អាហារ​នោះ​ថា “នំ​ម៉ាណា”។ នំ​ម៉ាណា​មាន​រាង​ដូច​ជា​គ្រាប់​ល្ង មាន​ពណ៌​ស ព្រម​ទាំង​មាន​រស‌ជាតិ​ដូច​នំ​ធ្វើ​ពី​ទឹក​ឃ្មុំ។

32 លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា៖ «ព្រះ‌អម្ចាស់​បង្គាប់​ដូច​ត​ទៅ: ចូរ​ដាក់​នំ​ម៉ាណា​ក្នុង​ភាជន៍​មួយ​ឲ្យ​ពេញ ហើយ​រក្សា​ទុក សម្រាប់​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ជំនាន់​ក្រោយ ឃើញ​អាហារ​ដែល​យើង​ឲ្យ​អ្នក​រាល់​គ្នា​បរិភោគ ក្នុង​វាល​រហោ‌ស្ថាន នៅ​ពេល​យើង​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប»។

33 លោក​ម៉ូសេ​ប្រាប់​លោក​អើរ៉ុន​ថា៖ «ចូរ​យក​ថូ​មួយ​មក ហើយ​ដាក់​នំ​ម៉ាណា​ឲ្យ​ពេញ រួច​យក​ថូ​ទៅ​តម្កល់​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ដើម្បី​រក្សា​ទុក​សម្រាប់​កូន​ចៅ​ជំនាន់​ក្រោយ»។

34 លោក​អើរ៉ុន​ក៏​តម្កល់​ថូ​នៅ​មុខ​ហិប​នៃ​សម្ពន្ធ‌មេត្រី ដើម្បី​រក្សា​ទុក ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បង្គាប់​លោក​ម៉ូសេ។

35 ជន‌ជាតិ​អ៊ីស្រា‌អែល​បរិភោគ​នំ​ម៉ាណា អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ រហូត​ទាល់​តែ​ពួក​គេ​បាន​ទៅ​ដល់​ស្រុក​ដែល​មាន​មនុស្ស​រស់​នៅ គឺ​រហូត​ទៅ​ដល់​ព្រំ‌ដែន​ស្រុក​កាណាន។

36 រីឯ​រង្វាល់​សម្រាប់​វាល់​នំ​ម៉ាណា​នោះ គឺ​អូម៊ែរ* ស្មើ​មួយ​ភាគ​ដប់​នៃ​អេផា*។