14 ឪពុកក្មេករបស់លោកម៉ូសេឃើញការទាំងអស់ ដែលលោកធ្វើចំពោះប្រជាជន គាត់ក៏ពោលថា៖ «ម្ដេចក៏កូនធ្វើដូច្នេះ? ហេតុអ្វីបានជាកូនអង្គុយកាត់ក្ដីតែម្នាក់ឯង ទុកឲ្យប្រជាជនឈរចាំនៅមុខកូន តាំងពីព្រឹកដល់ល្ងាចបែបនេះ?»។
15 លោកម៉ូសេតបទៅគាត់វិញថា៖ «ប្រជាជនទាំងនេះមករកខ្ញុំ ដើម្បីទូលសួរព្រះជាម្ចាស់។
16 នៅពេលមានវិវាទនឹងគ្នា ពួកគេមករកខ្ញុំ។ ខ្ញុំដោះស្រាយរឿងពួកគេ ហើយណែនាំពួកគេឲ្យស្គាល់ច្បាប់ និងក្រឹត្យវិន័យ*របស់ព្រះជាម្ចាស់»។
17 ឪពុកក្មេកមានប្រសាសន៍មកលោកម៉ូសេទៀតថា៖ «របៀបដែលកូនធ្វើនេះ មិនល្អទេ!
18 ធ្វើដូច្នេះនាំឲ្យកូន និងប្រជាជនដែលនៅជាមួយនឿយហត់ទាំងអស់គ្នា។ ការងារនេះធ្ងន់ធ្ងរពេក កូនមិនអាចធ្វើតែម្នាក់ឯងទេ។
19 ឥឡូវនេះ ចូរស្ដាប់ដំបូន្មានរបស់ពុក ហើយសូមព្រះជាម្ចាស់គង់ជាមួយកូន! ចូរកូនធ្វើជាតំណាងរបស់ប្រជាជន នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ ចូរយករឿងរ៉ាវរបស់ពួកគេទៅទូលថ្វាយព្រះអង្គ។
20 ចូរបង្រៀនពួកគេ អំពីច្បាប់ និងវិន័យទាំងឡាយ ហើយបង្ហាញមាគ៌ាដែលពួកគេត្រូវដើរតាម និងកិច្ចការដែលពួកគេត្រូវធ្វើ។