និក្ខមនំ 18:22-27 KHSV

22 អ្នក​ទាំង​នោះ​ត្រូវ​កាត់​ក្ដី​ឲ្យ​ប្រជា‌ជន​គ្រប់​ពេល​វេលា។ កិច្ចការ​ណា​សំខាន់ៗ​ឲ្យ​ពួក​គេ​បញ្ជូន​មក​កូន​ចុះ រីឯ​កិច្ចការ​តូច‌តាច ទុក​ឲ្យ​ពួក​គេ​កាត់​ក្ដី​ខ្លួន​ឯង​ទៅ។ ធ្វើ​ដូច្នេះ កូន​អាច​សម្រាល​ការ‌ងារ ដោយ​ឲ្យ​ពួក​គេ​ជួយ​រំលែក​បន្ទុក​របស់​កូន។

23 ប្រសិន​បើ​កូន​ធ្វើ​បែប​នេះ ហើយ​បើ​កូន​ធ្វើ​តាម​បញ្ជា​របស់​ព្រះ‌ជាម្ចាស់ នោះ​កូន​នឹង​មាន​កម្លាំង​រឹង‌ប៉ឹង រីឯ​ប្រជា‌ជន​ទាំង​មូល​ក៏​វិល​ត្រឡប់​ទៅ​វិញ ដោយ​សុខ‌សាន្ត​ដែរ»។

24 លោក​ម៉ូសេ​ធ្វើ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ឪពុក​ក្មេក​ទូន្មាន។

25 ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល លោក​បាន​ជ្រើស‌រើស​មនុស្ស​មាន​សមត្ថ‌ភាព ហើយ​តែង‌តាំង​ពួក​គេ​ឲ្យ​ទទួល​ខុស​ត្រូវ​លើ​ប្រជា‌ជន គឺ​ឲ្យ​ធ្វើ​ជា​មេ​ក្រុម​លើ​មនុស្ស​មួយ​ពាន់​នាក់ មេ​ក្រុម​លើ​មនុស្ស​មួយ​រយ​នាក់ មេ​ក្រុម​លើ​មនុស្ស​ហា‌សិប​នាក់ និង​មេ​ក្រុម​លើ​មនុស្ស​ដប់​នាក់។

26 អ្នក​ទាំង​នោះ​កាត់​ក្ដី​ឲ្យ​ប្រជា‌ជន​គ្រប់​ពេល​វេលា។ កិច្ចការ​ណា​សំខាន់ៗ ពួក​គេ​បញ្ជូន​មក​លោក​ម៉ូសេ រីឯ​កិច្ចការ​តូច‌តាច ពួក​គេ​កាត់​ក្ដី​ខ្លួន​ឯង។

27 បន្ទាប់​មក លោក​ម៉ូសេ និង​ឪពុក​ក្មេក​លា​គ្នា ហើយ​លោក​យេត្រូ​វិល​ត្រឡប់​ទៅ​ស្រុក​របស់​គាត់​វិញ។