5 លោកយេត្រូជាឪពុកក្មេករបស់លោកម៉ូសេ បានធ្វើដំណើរជាមួយកូនប្រុសទាំងពីរ និងភរិយារបស់លោកម៉ូសេ ដើម្បីមកជួបលោកម៉ូសេនៅវាលរហោស្ថាន ត្រង់កន្លែងដែលលោកបោះជំរំ នៅភ្នំរបស់ព្រះជាម្ចាស់។
6 លោកយេត្រូឲ្យគេមកប្រាប់លោកម៉ូសេថា៖ «ខ្ញុំជាឪពុកក្មេក បាននាំប្រពន្ធ និងកូនប្រុសទាំងពីរ មកជួបលោក»។
7 លោកម៉ូសេចេញទៅទទួលឪពុកក្មេក ទាំងក្រាបសំពះលោក ហើយថើបលោកទៀតផង។ ពួកគេសួរសុខទុក្ខគ្នា រួចចូលទៅក្នុងជំរំ។
8 លោកម៉ូសេរៀបរាប់ប្រាប់ឪពុកក្មេកអំពីហេតុការណ៍ទាំងប៉ុន្មាន ដែលព្រះអម្ចាស់បានធ្វើចំពោះព្រះចៅផារ៉ោន និងជនជាតិអេស៊ីប ដើម្បីជួយអ៊ីស្រាអែល។ លោកក៏រៀបរាប់អំពីការដែលព្រះអម្ចាស់បានជួយប្រជាជនអ៊ីស្រាអែល ឲ្យរួចពីទុក្ខលំបាកទាំងប៉ុន្មាន ដែលពួកគេជួបប្រទះនៅតាមផ្លូវ។
9 លោកយេត្រូមានចិត្តរីករាយចំពោះការល្អទាំងប៉ុន្មានដែលព្រះអម្ចាស់បានធ្វើ ដើម្បីរំដោះអ៊ីស្រាអែលឲ្យរួចពីកណ្ដាប់ដៃរបស់ជនជាតិអេស៊ីប។
10 លោកពោលថា៖ «សូមសរសើរតម្កើងព្រះអម្ចាស់ ដែលបានរំដោះអ្នករាល់គ្នាឲ្យរួចពីកណ្ដាប់ដៃរបស់ជនជាតិអេស៊ីប និងស្ដេចផារ៉ោន។
11 ឥឡូវនេះ ខ្ញុំទទួលស្គាល់ថា ព្រះអម្ចាស់ ជាព្រះដ៏ធំឧត្ដមលើសព្រះទាំងអស់ គឺព្រះអង្គរំដោះជនជាតិអ៊ីស្រាអែល នៅពេលដែលជនជាតិអេស៊ីបជិះជាន់សង្កត់សង្កិន»។