និក្ខមនំ 18:7-13 KHSV

7 លោក​ម៉ូសេ​ចេញ​ទៅ​ទទួល​ឪពុក​ក្មេក ទាំង​ក្រាប​សំពះ​លោក ហើយ​ថើប​លោក​ទៀត​ផង។ ពួក​គេ​សួរ​សុខ​ទុក្ខ​គ្នា រួច​ចូល​ទៅ​ក្នុង​ជំរំ។

8 លោក​ម៉ូសេ​រៀប​រាប់​ប្រាប់​ឪពុក​ក្មេក​អំពី​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បាន​ធ្វើ​ចំពោះ​ព្រះចៅ​ផារ៉ោន និង​ជន‌ជាតិ​អេស៊ីប ដើម្បី​ជួយ​អ៊ីស្រា‌អែល។ លោក​ក៏​រៀប​រាប់​អំពី​ការ​ដែល​ព្រះ‌អម្ចាស់​បាន​ជួយ​ប្រជា‌ជន​អ៊ីស្រា‌អែល ឲ្យ​រួច​ពី​ទុក្ខ​លំបាក​ទាំង​ប៉ុន្មាន ដែល​ពួក​គេ​ជួប​ប្រទះ​នៅ​តាម​ផ្លូវ។

9 លោក​យេត្រូ​មាន​ចិត្ត​រីក‌រាយ​ចំពោះ​ការ​ល្អ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អម្ចាស់​បាន​ធ្វើ ដើម្បី​រំដោះ​អ៊ីស្រា‌អែល​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​អេស៊ីប។

10 លោក​ពោល​ថា៖ «សូម​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ ដែល​បាន​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​អេស៊ីប និង​ស្ដេច​ផារ៉ោន។

11 ឥឡូវ​នេះ ខ្ញុំ​ទទួល​ស្គាល់​ថា ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​ធំ​ឧត្ដម​លើស​ព្រះ​ទាំង​អស់ គឺ​ព្រះ‌អង្គ​រំដោះ​ជន‌ជាតិ​អ៊ីស្រា‌អែល នៅ​ពេល​ដែល​ជន‌ជាតិ​អេស៊ីប​ជិះ‌ជាន់​សង្កត់‌សង្កិន»។

12 លោក​យេត្រូ ជា​ឪពុក​ក្មេក​របស់​លោក​ម៉ូសេ យក​តង្វាយ​ដុត​ទាំង​មូល* និង​យញ្ញ‌បូជា​ឯ​ទៀតៗ​ថ្វាយ​ព្រះ‌ជាម្ចាស់។ លោក​អើរ៉ុន និង​ព្រឹទ្ធា‌ចារ្យ​អ៊ីស្រា‌អែល​ទាំង​អស់ ក៏​នាំ​គ្នា​បរិភោគ​អាហារ​ជា​មួយ​ឪពុក​ក្មេក​របស់​លោក​ម៉ូសេ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់​ដែរ។

13 លុះ​ស្អែក​ឡើង លោក​ម៉ូសេ​អង្គុយ​កាត់​ក្ដី​ឲ្យ​ប្រជា‌ជន។ ប្រជា‌ជន​នាំ​គ្នា​ឈរ​នៅ​មុខ​លោក​តាំង​ពី​ព្រឹក​រហូត​ដល់​ល្ងាច។