3 ប៉ុន្តែ បើហេតុការណ៍នេះកើតឡើងនៅពេលថ្ងៃ អ្នកសម្លាប់ចោរនឹងត្រូវមានទោស។ ត្រូវពិន័យចោរ តែបើចោរនោះគ្មានអ្វីបង់ទេ ត្រូវលក់គេជាទាសករ។
4 ប្រសិនបើគេរកឃើញគោ លា ឬចៀមនៅរស់ក្នុងដៃចោរ ចោរត្រូវតែសងសត្វនោះវិញមួយជាពីរ។
5 ប្រសិនបើអ្នកណាបណ្ដោយឲ្យហ្វូងសត្វរបស់ខ្លួន ទៅស៊ីបំផ្លាញស្រែ ឬចម្ការទំពាំងបាយជូររបស់អ្នកដទៃ អ្នកនោះត្រូវយកភោគផលដ៏ល្អបំផុតពីស្រែ និងពីចម្ការទំពាំងបាយជូររបស់ខ្លួនទៅសងគេវិញ។
6 ប្រសិនបើអ្នកណាដុតគុម្ពបន្លា ធ្វើឲ្យភ្លើងរាលទៅឆេះកណ្ដាប់ស្រូវ ឬឆេះស្រូវទុំ ឬមិនទាន់ទុំក្ដី អ្នកនោះត្រូវតែបង់ជំងឺចិត្តទៅឲ្យម្ចាស់ស្រែ។
7 បើអ្នកណាផ្ញើប្រាក់ ឬវត្ថុអ្វីផ្សេងទៀតឲ្យអ្នកដទៃថែរក្សា ហើយមានចោរលួចរបស់ទាំងនោះពីផ្ទះអ្នកថែរក្សា ប្រសិនបើគេចាប់ចោរបាន ចោរនោះត្រូវសងរបស់គេមួយជាពីរ។
8 ប្រសិនបើចាប់ចោរមិនបានទេ នោះត្រូវនាំម្ចាស់ផ្ទះទៅស្បថនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ថា គាត់មិនបានបន្លំយកទ្រព្យសម្បត្តិរបស់គេឡើយ។
9 បើនរណាម្នាក់បាត់គោ លា កូនចៀម អាវធំ ឬវត្ថុអ្វីផ្សេងទៀត ហើយមានម្នាក់ទៀតប្រកាន់ថាជារបស់ខ្លួន ក្នុងករណីដណ្ដើមកម្មសិទ្ធិគ្នា អ្នកទាំងពីរត្រូវនាំគ្នាទៅនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់។ អ្នកដែលព្រះអង្គប្រកាសថាមានកំហុស ត្រូវសងទៅម្ចាស់របស់មួយជាពីរ។