សុភាសិត 11:4-10 KHSV

4 នៅ​ថ្ងៃ​ព្រះ‌អម្ចាស់​វិនិច្ឆ័យ​ទោស ទ្រព្យ​សម្បត្តិ​គ្មាន​ប្រយោជន៍​អ្វី​ទេ គឺ​មាន​តែ​សេចក្ដី​សុចរិត​ប៉ុណ្ណោះ ទើប​អាច​ជួយ​ឲ្យ​រួច​ពី​ស្លាប់​បាន។

5 សេចក្ដី​សុចរិត​របស់​មនុស្ស​គ្មាន​កំហុស រមែង​តម្រង់​ផ្លូវ​របស់​ខ្លួន រីឯ​មនុស្ស​ពាល​វិញ តែងតែ​ស្លាប់​ដោយ‌សារ​អំពើ​ពាល​របស់​ខ្លួន។

6 សេចក្ដី​សុចរិត​របស់​មនុស្ស​ទៀង‌ត្រង់ រមែង​ជួយ​ការពារ​ខ្លួន​គេ រីឯ​មនុស្ស​វៀច‌វេរ តែងតែ​ជាប់​អន្ទាក់​ដោយ‌សារ​ចិត្ត​លោភ‌លន់​របស់​ខ្លួន។

7 ពេល​មនុស្ស​អាក្រក់​ស្លាប់ សេចក្ដី​សង្ឃឹម​របស់​គេ​ក៏​វិនាស ហើយ​ការ​ពឹង​ផ្អែក​លើ​ទ្រព្យ​សម្បត្តិ​ក៏​រលាយ​សូន្យ​ទៅ​ជា​មួយ​ដែរ។

8 ព្រះ‌ជាម្ចាស់​តែងតែ​រំដោះ​មនុស្ស​សុចរិត​ឲ្យ​រួច​ពី​ទុក្ខ​កង្វល់ តែ​ព្រះ‌អង្គ​ឲ្យ​មនុស្ស​អាក្រក់​រង​ទុក្ខ​ជំនួស​វិញ។

9 មនុស្ស​ទមិឡ​តែងតែ​បំផ្លាញ​អ្នក​ដទៃ ដោយ‌សារ​ពាក្យ​សម្ដី​របស់​ខ្លួន រីឯ​មនុស្ស​សុចរិត​វិញ តែងតែ​រួច​ខ្លួន​ដោយ‌សារ​ការ​ចេះ​ដឹង។

10 ពេល​មនុស្ស​សុចរិត​មាន​សុភមង្គល អ្នក​ក្រុង​ទាំង​មូល​នឹង​សប្បាយ​រីក‌រាយ ពេល​មនុស្ស​អាក្រក់​អន្តរាយ គេ​បែរ​ជា​នាំ​គ្នា​ស្រែក​ហ៊ោ​វិញ។