1 កុំអួតអំពីរឿងថ្ងៃស្អែកឡើយ ដ្បិតអ្នកមិនដឹងថា ថ្ងៃនេះមានរឿងអ្វីកើតឡើងផង។
2 កុំសរសើរខ្លួនឯងឡើយ ត្រូវទុកឲ្យអ្នកដទៃសរសើរពីអ្នកវិញ គឺដាច់ខាតកុំសរសើរខ្លួនឯង។
3 ថ្មក៏ធ្ងន់ ហើយដីខ្សាច់ក៏ធ្ងន់ដែរ ប៉ុន្តែ កំហឹងរបស់មនុស្សល្ងីល្ងើរឹតតែធ្ងន់លើសនេះទៅទៀត។
4 កំរោលរបស់មនុស្សឃោរឃៅណាស់ ហើយកំហឹងរបស់មនុស្សប្រៀបបាននឹងទឹកជន់បាក់ទំនប់ រីឯចិត្តប្រច័ណ្ឌវិញ តើនរណាអាចទប់ទល់បាន។
5 រិះគន់ដោយចំហប្រសើរជាងលាក់សេចក្ដីស្រឡាញ់។
6 ពាក្យស្ដីបន្ទោសរបស់មិត្តសម្លាញ់ ផុសចេញពីចិត្តភក្ដីភាព រីឯពាក្យស្និទ្ធស្នាលរបស់សត្រូវ ផុសចេញពីចិត្តបោកបញ្ឆោត។
7 អ្នកឆ្អែតឃើញទឹកឃ្មុំក៏ណាយដែរ រីឯអ្នកឃ្លាន អ្វីៗដែលល្វីងជូរចត់ក៏ផ្អែមដែរ។
8 មនុស្សវង្វេងឆ្ងាយពីស្រុកកំណើត ប្រៀបដូចជាសត្វចាបហើរវង្វេងសំបុក។
9 ប្រេងក្រអូប និងទឹកអប់ រមែងធ្វើឲ្យចិត្តរីករាយ រីឯយោបល់របស់មិត្តសម្លាញ់ដ៏ស្លូតបូតរឹងរឹតតែប្រសើរលើសនេះទៅទៀត។
10 កុំបោះបង់មិត្តរបស់អ្នក ឬមិត្តរបស់ឪពុកអ្នកចោលឡើយ។ នៅថ្ងៃមានអាសន្ន កុំរត់ទៅពឹងបងប្អូនបង្កើត របស់អ្នកឲ្យសោះ ដ្បិតអ្នកជិតខាងដែលស្និទ្ធស្នាលប្រសើរជាងបងប្អូនបង្កើតដែលនៅឆ្ងាយទៅទៀត។
11 កូនអើយ ចូរមានប្រាជ្ញាឡើង នោះឪពុកនឹងសប្បាយចិត្ត ហើយបើមាននរណាដៀលឪពុក នោះឪពុកអាចនឹងឆ្លើយវិញបាន។
12 កាលមនុស្សឆ្លាតឃើញគ្រោះកាចមកដល់ គេលាក់ខ្លួន រីឯមនុស្សឥតគំនិតអោនក្បាលដើរទៅមុខ ហើយត្រូវបង់ខាតធ្ងន់។
13 បើមានគេមកធានាសងបំណុលជំនួសនរណាម្នាក់ ចូរទារយកអាវធំរបស់គេទុកជារបស់បញ្ចាំ ព្រោះគេបានធានាមនុស្សដែលអ្នកមិនស្គាល់។
14 បើមាននរណាម្នាក់ស្រែកឲ្យពរអ្នកជិតខាងរបស់ខ្លួន តាំងពីព្រឹកព្រលឹម គេចាត់ទុកពរបែបនេះជាបណ្ដាសាទៅវិញ។
15 ស្ត្រីពូកែឈ្លោះប្រៀបបាននឹងទ ដែលបង្ហូរទឹកមិនចេះឈប់ នៅថ្ងៃមានភ្លៀង។
16 នរណាចង់ឃាត់នាង ក៏ដូចជាចង់ឃាត់ខ្យល់ ឬចង់យកដៃចាប់ប្រេងដែរ។
17 ដែករមែងសំលៀងដែកយ៉ាងណា មនុស្សក៏បង្រៀនគ្នាទៅវិញទៅមកយ៉ាងនោះដែរ។
18 អ្នកថែដើមឧទុម្ពរនឹងបានបរិភោគផ្លែ រីឯអ្នកយកចិត្តទុកដាក់បម្រើចៅហ្វាយ នឹងទទួលកិត្តិយស។
19 មនុស្សអាចឆ្លុះមើលឃើញមុខរបស់ខ្លួននៅក្នុងទឹក ហើយអាចឃើញចិត្តរបស់ខ្លួនដោយសម្លឹងមើលអ្នកដទៃ។
20 ស្ថានមនុស្សស្លាប់ និងរណ្ដៅមច្ចុរាជ តែងតែទទួលយកជីវិតមនុស្សមិនចេះស្កប់យ៉ាងណា ចិត្តប៉ងប្រាថ្នារបស់មនុស្សក៏មិនចេះស្កប់យ៉ាងនោះដែរ។
21 គេអាចស្គាល់តម្លៃមាស និងប្រាក់ ដោយដុតក្នុងភ្លើង រីឯមនុស្សវិញ គេអាចស្គាល់តម្លៃដោយសារកេរ្តិ៍ឈ្មោះ។
22 ទោះបីដាក់មនុស្សខ្លៅនៅក្នុងត្បាល់ ហើយយកអង្រែមកបុកដូចគេបុកអង្ករក៏ដោយ ក៏គេពុំអាចយកភាពខ្លៅចេញពីអ្នកនោះបានដែរ។
23 ចូរស្គាល់ចៀមនីមួយៗរបស់អ្នកឲ្យបានច្បាស់ ចូរថែទាំហ្វូងសត្វរបស់អ្នកឲ្យបានដិតដល់។
24 ទ្រព្យសម្បត្តិមិនស្ថិតស្ថេរគង់វង្សរហូតទេ រីឯកិត្តិយសក៏មិននៅស្ថិតស្ថេរ អស់កល្បជាអង្វែងតរៀងទៅដែរ។
25 ចូរកាត់ស្មៅនៅក្នុងចម្ការ ទុកជាចំណីសម្រាប់សត្វ។ ពេលស្មៅថ្មីកំពុងដុះ ត្រូវទៅប្រមូលស្មៅពីភ្នំមកទុក។
26 អ្នកអាចមានសំលៀកបំពាក់ ដោយសាររោមចៀមរបស់អ្នក ហើយអ្នកអាចទិញចម្ការថ្មីដោយសារលក់ចៀមឈ្មោល។
27 ចូរយកទឹកដោះដ៏បរិបូណ៌របស់ពពែ ធ្វើជាអាហារចិញ្ចឹមជីវិតអ្នក និងគ្រួសាររបស់អ្នក ព្រមទាំងស្រីបម្រើរបស់អ្នក។