សុភាសិត 10 KHSV

កំរង​សុភាសិត​អំពី​សីលធម៌

1 សុភាសិត​របស់​ព្រះ‌បាទ​សា‌ឡូម៉ូន។ កូន​មាន​ប្រាជ្ញា​រមែង​ធ្វើ​ឲ្យ​ឪពុក​សប្បាយ​ចិត្ត រីឯ​កូន​ខិល‌ខូច​ធ្វើ​ឲ្យ​ម្ដាយ​ព្រួយ​បារម្ភ។

2 ទ្រព្យ​ដែល​រក​បាន​ដោយ​ទុច្ចរិត​មិន​ធ្វើ​ឲ្យ​ចម្រុង‌ចម្រើន​ឡើយ មាន​តែ​ទ្រព្យ​រក​បាន​ដោយ​សុចរិត​ប៉ុណ្ណោះ ទើប​សង្គ្រោះ​ជីវិត​បាន។

3 ព្រះ‌អម្ចាស់​មិន​បណ្ដោយ​ឲ្យ​មនុស្ស​សុចរិត​អត់​ឃ្លាន​ទេ តែ​ព្រះ‌អង្គ​មិន​បំពេញ​តាម​ការ​លោភ‌លន់​របស់​មនុស្ស​ទុច្ចរិត​ឡើយ។

4 មនុស្ស​ខ្ជិល​នាំ​ឲ្យ​ខ្លួន​ក្រ មនុស្ស​ឧស្សាហ៍​នាំ​ឲ្យ​ខ្លួន​មាន។

5 អ្នក​ណា​ប្រមូល​ស្បៀង​ទុក​នៅ​រដូវ​ចម្រូត អ្នក​នោះ​ជា​មនុស្ស​ចេះ​គិត‌គូរ រីឯ​អ្នក​ដែល​គិត​តែ​ដេក​នៅ​រដូវ​ចម្រូត ជា​មនុស្ស​គួរ​ឲ្យ​មើល‌ងាយ។

6 មនុស្ស​សុចរិត​រមែង​ទទួល​ពរ រីឯ​មនុស្ស​ពាល​តែងតែ​និយាយ​បិទ‌បាំង​អំពើ​ឃោរ‌ឃៅ​របស់​ខ្លួន។

7 គេ​តែងតែ​ដឹង​គុណ​មនុស្ស​សុចរិត​ជា‌និច្ច រីឯ​មនុស្ស​ទុច្ចរិត សូម្បី​តែ​ឈ្មោះ​ក៏​គ្មាន​នរណា​នឹក​ឃើញ​ផង។

8 មនុស្ស​មាន​ប្រាជ្ញា​តែងតែ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ដំបូន្មាន រីឯ​មនុស្ស​និយាយ​ទទឹង‌ទទែង​តែងតែ​រត់​ទៅ​រក​ភាព​អន្តរាយ។

9 អ្នក​ដើរ​តាម​ផ្លូវ​ទៀង​ត្រង់​តែងតែ​បាន​សុខ‌សាន្ត រីឯ​អ្នក​ដើរ​តាម​ផ្លូវ​វៀច‌វេរ នឹង​ត្រូវ​គេ​រក​មុខ​ឃើញ។

10 អ្នក​លាក់​សេចក្ដី​ពិត​រមែង​ធ្វើ​ឲ្យ​អ្នក​ដទៃ​អំពល់​ទុក្ខ រីឯ​មនុស្ស​និយាយ​ទទឹង‌ទទែង​តែងតែ​រត់​ទៅ​រក​ភាព​អន្តរាយ។

11 ពាក្យ​សម្ដី​របស់​មនុស្ស​សុចរិត​ជា​ប្រភព​នៃ​ជីវិត រីឯ​មនុស្ស​ពាល​តែងតែ​និយាយ​បិទ‌បាំង​អំពើ​ឃោរ‌ឃៅ​របស់​ខ្លួន។

12 ចិត្ត​ស្អប់​រមែង​បង្ក​ជំលោះ រីឯ​ចិត្ត​ស្រឡាញ់​រមែង​គ្រប​បាំង​កំហុស​ទាំង​អស់។

13 គេ​អាច​សម្គាល់​មនុស្ស​មាន​ប្រាជ្ញា តាម​រយៈ​ពាក្យ​សម្ដី​ដ៏​ឆ្លាត​វាង‌វៃ រីឯ​មនុស្ស​និយាយ​ដោយ​ឥត​គិត​ពិចារណា រមែង​ត្រូវ​រំពាត់។

14 អ្នក​ប្រាជ្ញ​តែង​ប្រមូល​ចំណេះ​ទុក​ជា​សម្បត្តិ រីឯ​ពាក្យ​សម្ដី​របស់​មនុស្ស​ល្ងី‌ល្ងើ​តែង​នាំ​ឲ្យ​វិនាស​មួយ​រំពេច។

15 ទ្រព្យ​សម្បត្តិ​របស់​អ្នក​មាន​ប្រៀប​បាន​នឹង​ក្រុង​មួយ​ដែល​មាន​កំពែង​រឹង‌មាំ រីឯ​ភាព​ទុគ៌ត​របស់​អ្នក​ក្រ‌ក្សត់ រមែង​នាំ​ឲ្យ​គេ​វិនាស។

16 មនុស្ស​សុចរិត​ធ្វើ​ការ ដើម្បី​ចិញ្ចឹម​ជីវិត រីឯ​មនុស្ស​ទុច្ចរិត​ធ្វើ​ការ​បាន​ប្រាក់ ដើម្បី​ប្រព្រឹត្ត​អំពើ​អាក្រក់។

17 អ្នក​ណា​ប្រតិបត្តិ​តាម​ដំបូន្មាន អ្នក​នោះ​ដើរ​ទៅ​កាន់​ផ្លូវ​ជីវិត រីឯ​អ្នក​ដែល​មិន​ព្រម​ទទួល​ការ​ស្ដី​ប្រដៅ​រមែង​វង្វេង​ផ្លូវ។

18 អ្នក​ណា​លាក់​ចិត្ត​ស្អប់ អ្នក​នោះ​ជា​មនុស្ស​និយាយ​កុហក រីឯ​អ្នក​មួល​បង្កាច់​គេ​ជា​មនុស្ស​ល្ងី‌ល្ងើ។

19 និយាយ​ច្រើន​នាំ​តែ​មាន​បាប​ច្រើន រីឯ​អ្នក​ដែល​ចេះ​ទប់​សម្ដី​ជា​អ្នក​មាន​ប្រាជ្ញា។

20 ពាក្យ​សម្ដី​របស់​មនុស្ស​សុចរិត មាន​តម្លៃ​ស្មើ​នឹង​ប្រាក់​សុទ្ធ តែ​ចិត្ត​គំនិត​របស់​មនុស្ស​ពាល គ្មាន​តម្លៃ​អ្វី​សោះ។

21 ពាក្យ​សម្ដី​របស់​មនុស្ស​សុចរិត តែងតែ​ផ្ដល់​ប្រយោជន៍​ឲ្យ​មនុស្ស​ជា​ច្រើន រីឯ​មនុស្ស​ល្ងី‌ល្ងើ​តែងតែ​ស្លាប់ ដោយ​ខ្វះ​ការ​ពិចារណា។

22 មាន​តែ​ព្រះ‌ពរ​មក​ពី​ព្រះ‌អម្ចាស់​ទេ ដែល​ធ្វើ​ឲ្យ​មនុស្ស​ចម្រុង‌ចម្រើន ការ​ខ្វល់‌ខ្វាយ​របស់​មនុស្ស​មិន​អាច​បន្ថែម​អ្វី​បាន​ឡើយ។

23 មនុស្ស​ល្ងី‌ល្ងើ ចូល​ចិត្ត​ប្រព្រឹត្ត​អំពើ​អាក្រក់​ទុក​ដូច​ជា​ល្បែង​កំសាន្ត រីឯ​មនុស្ស​មាន​ប្រាជ្ញា​រមែង​ចូល​ចិត្ត​ស្វែង​រក​ការ​ចេះ​ដឹង​វិញ។

24 មនុស្ស​ពាល​ខ្លាច​អ្វី ការ​នោះ​រមែង​កើត​ឡើង​ដល់​ខ្លួន​គេ រីឯ​មនុស្ស​សុចរិត​ប្រាថ្នា​ចង់​បាន​អ្វី ព្រះ‌ជាម្ចាស់​រមែង​ប្រទាន​ឲ្យ។

25 ពេល​ព្យុះ​សង្ឃរា​មក​ដល់ មនុស្ស​ពាល​ត្រូវ​វិនាស តែ​មនុស្ស​សុចរិត​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច។

26 ម្ជូរ​ធ្វើ​ឲ្យ​ស្រកៀរ​ធ្មេញ ផ្សែង​ធ្វើ​ឲ្យ​ផ្សា​ភ្នែក រីឯ​កូន​ឈ្នួល​កំជិល​ក៏​ធ្វើ​ឲ្យ​ចៅហ្វាយ​មួម៉ៅ​ដែរ។

27 មនុស្ស​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ តែងតែ​មាន​អាយុ​យឺន‌យូរ រីឯ​មនុស្ស​ពាល​មាន​អាយុ​ខ្លី។

28 សេចក្ដី​សង្ឃឹម​របស់​មនុស្ស​សុចរិត​នាំ​មក​នូវ​អំណរ រីឯ​សេចក្ដី​សង្ឃឹម​របស់​មនុស្ស​ពាល គ្មាន​បាន​ប្រយោជន៍​អ្វី​សោះ។

29 ព្រះ‌អម្ចាស់​ជា​បន្ទាយ​ការពារ​មនុស្ស​ទៀង‌ត្រង់ តែ​ព្រះ‌អង្គ​បំផ្លាញ​មនុស្ស​ពាល​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់។

30 មនុស្ស​សុចរិត​មិន​ត្រូវ​រង្គើ​ឡើយ រីឯ​មនុស្ស​ពាល​វិញ​ពុំ​អាច​រស់​នៅ​លើ​ផែនដី​បាន​ទេ។

31 ពាក្យ​សម្ដី​របស់​មនុស្ស​សុចរិត​តែងតែ​ផ្ដល់​ប្រាជ្ញា រីឯ​អណ្ដាត​របស់​មនុស្ស​ពាល​វិញ ត្រូវ​តែ​កាត់​ចោល។

32 មនុស្ស​សុចរិត​រមែង​ពោល​ពាក្យ​ដែល​ធ្វើ​ឲ្យ​គេ​ពេញ​ចិត្ត រីឯ​មនុស្ស​ពាល​តែងតែ​ពោល​ពាក្យ​អាស្រូវ។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31