1 កូនអើយ ចូរចងចាំដំបូន្មានរបស់ឪពុកកុំភ្លេចសេចក្ដីដែលឪពុកផ្ដែផ្ដាំនេះឡើយ
2 ចូរផ្ទៀងត្រចៀកស្ដាប់ប្រាជ្ញាហើយផ្ចង់ចិត្តពិចារណាឲ្យយល់។
3 ចូរយកតម្រិះមកធ្វើជាជំនួយហើយយកការដឹងខុសត្រូវមកធ្វើជាទីពឹង។
4 ចូរខំប្រឹងស្វែងរកប្រាជ្ញាដូចស្វែងរកប្រាក់ និងដូចជីកដីរកកំណប់។
5 ធ្វើដូច្នេះ ទើបកូនយល់អំពីការគោរពកោតខ្លាចព្រះអម្ចាស់ព្រមទាំងអាចស្គាល់ព្រះអង្គបានទៀតផង។
6 មានតែព្រះអម្ចាស់ទេដែលប្រទានប្រាជ្ញា។ចំណេះវិជ្ជា និងការដឹងខុសត្រូវសុទ្ធតែមកពីព្រះអង្គទាំងអស់។
7 ព្រះអង្គជួយមនុស្សទៀងត្រង់ហើយធ្វើជាខែលការពារអស់អ្នកដែលដើរតាមមាគ៌ាដ៏ត្រឹមត្រូវ។
8 ព្រះអង្គជួយការពារអស់អ្នកដែលដើរតាមគន្លងធម៌ហើយថែរក្សាអស់អ្នកដែលផ្ញើជីវិតលើព្រះអង្គ។
9 ប្រសិនបើកូនស្ដាប់ឪពុកកូននឹងយល់អំពីមាគ៌ាដ៏សុចរិតទៀងត្រង់ និងត្រឹមត្រូវពោលគឺអ្វីៗទាំងអស់ដែលនាំមកនូវសុភមង្គល។
10 ដូច្នេះ កូននឹងទៅជាមនុស្សមានប្រាជ្ញាហើយកូននឹងមានចិត្តត្រេកអរដោយចេះដឹង។
11 ការចេះគិតពិចារណានឹងការពារកូនហើយការដឹងខុសត្រូវនឹងថែរក្សាកូន
12 មិនឲ្យធ្លាក់ទៅក្នុងមាគ៌ាអាក្រក់ឬធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់មនុស្សដែលពោលពាក្យខិលខូច
13 ឬមនុស្សដែលបោះបង់ផ្លូវទៀងត្រង់ហើយបែរទៅរកផ្លូវងងឹតនោះឡើយ។
14 ជនទាំងនោះសប្បាយចិត្តតែនឹងប្រព្រឹត្តអំពើអាក្រក់ហើយត្រេកត្រអាលតែនឹងអំពើខិលខូច។
15 អ្វីៗដែលគេធ្វើ សុទ្ធតែវៀចវេរមាគ៌ារបស់គេមិនដែលត្រង់ទាល់តែសោះ។
16 ធ្វើដូច្នេះ កូននឹងមិនចាញ់ពាក្យផ្អែមល្ហែមរបស់ស្ត្រីដទៃ ដែលមិនមែនជាភរិយារបស់កូន
17 គឺស្ត្រីផិតប្ដីរបស់ខ្លួននិងក្បត់សម្ពន្ធមេត្រីរបស់ព្រះជាម្ចាស់។
18 អាកប្បកិរិយារបស់ស្ត្រីបែបនេះរមែងបណ្ដាលឲ្យគ្រួសាររបស់ខ្លួនស្លាប់និងនាំគេឯងឲ្យវិនាសបាត់បង់។
19 ជនណាភប់ប្រសព្វជាមួយស្ត្រីនេះក៏ត្រូវអន្តរាយរួមជាមួយនាងដែរគឺរកផ្លូវទៅកាន់ជីវិតមិនឃើញទេ។
20 ដូច្នេះ ចូរកូនរើសយកមាគ៌ារបស់មនុស្សល្អនិងយកតម្រាប់តាមមនុស្សសុចរិត
21 ដ្បិតមនុស្សទៀងត្រង់នឹងរស់នៅក្នុងស្រុកនេះហើយមនុស្សឥតកំហុសនឹងនៅស្ថិតស្ថេររហូតតទៅ។
22 រីឯមនុស្សពាលវិញព្រះជាម្ចាស់នឹងកាត់កាល់ពួកគេចេញពីស្រុកហើយព្រះអង្គក៏ដកមនុស្សល្មើសវិន័យចេញពីស្រុកដែរ។