1 ស្ត្រីមានប្រាជ្ញាតែងតែកសាងគ្រួសាររបស់ខ្លួន រីឯស្ត្រីឥតមារយាទតែងតែបំផ្លាញគ្រួសារ ដោយដៃរបស់ខ្លួនផ្ទាល់។
2 អ្នកដែលដើរតាមផ្លូវទៀងត្រង់ តែងតែគោរពកោតខ្លាចព្រះអម្ចាស់ រីឯអ្នកដែលដើរតាមផ្លូវវៀចវេរ តែងតែមើលងាយព្រះអង្គ។
3 មនុស្សល្ងង់ខ្លៅហាមាត់និយាយតែពាក្យអួតអាង រីឯពាក្យសម្ដីរបស់អ្នកប្រាជ្ញតែងតែការពារខ្លួន។
4 អ្នកណាគ្មានគោភ្ជួរស្រែ អ្នកនោះក៏គ្មានស្រូវដាក់ក្នុងជង្រុកដែរ។ គេទទួលបានភោគផលច្រើន ដោយសារកម្លាំងរបស់គោ។
5 សាក្សីគួរឲ្យទុកចិត្ត មិនដែលនិយាយកុហកទេ រីឯសាក្សីក្លែងក្លាយតែងតែស្រដីចេញនូវពាក្យកុហកគ្រប់យ៉ាង។
6 មនុស្សព្រហើនខំស្វែងរកប្រាជ្ញា តែរកមិនឃើញទេ រីឯមនុស្សដែលចេះគិតពិចារណា រកតម្រិះបានយ៉ាងងាយ។
7 ចូរចៀសឲ្យឆ្ងាយពីមនុស្សខ្លៅ ព្រោះមិនដែលមានពាក្យចេះដឹងណាចេញពីមាត់អ្នកនោះឡើយ។
8 ប្រាជ្ញារបស់មនុស្សឆ្លាត គឺការយល់ច្បាស់នូវផ្លូវដែលខ្លួនកំពុងដើរ រីឯភាពល្ងីល្ងើរបស់មនុស្សខ្លៅ គឺកលល្បិចរបស់ខ្លួន។
9 មនុស្សល្ងីល្ងើមិនរវីរវល់នឹងបាបរបស់ខ្លួនទេ រីឯមនុស្សទៀងត្រង់តែងតែគាប់ព្រះហឫទ័យព្រះជាម្ចាស់។
10 ចិត្តដែលកើតទុក្ខរមែងឈឺចាប់តែម្នាក់ឯង ហើយពេលមានអំណរ អ្នកក្រៅពុំអាចរំលែកបានឡើយ។
11 ផ្ទះរបស់មនុស្សអាក្រក់នឹងត្រូវរលំ រីឯជំរំរបស់មនុស្សទៀងត្រង់ នឹងចម្រុងចម្រើន។
12 មនុស្សខ្លះយល់ថា ផ្លូវដែលខ្លួនដើរជាផ្លូវត្រឹមត្រូវ ក៏ប៉ុន្តែ នៅទីបំផុត ផ្លូវនោះនាំទៅរកសេចក្ដីស្លាប់។
13 ការសើចសប្បាយអាចបង្កប់នូវទុក្ខលំបាកក្នុងចិត្ត ហើយនៅទីបំផុតអំណរសប្បាយ អាចក្លាយទៅជាទុក្ខព្រួយ។
14 មនុស្សគ្មានសីលធម៌តែងតែទទួលផលពីអំពើដែលខ្លួនប្រព្រឹត្ត រីឯមនុស្សសប្បុរសរមែងទទួលផលគាប់ប្រសើរ។
15 មនុស្សឆោតជឿពាក្យគេទាំងអស់ រីឯមនុស្សឆ្លាត មិនធ្វើអ្វីដោយឥតគិតពិចារណាឡើយ។
16 មនុស្សមានប្រាជ្ញាតែងតែខ្លាច និងចៀសវាងប្រព្រឹត្តអំពើអាក្រក់ រីឯមនុស្សល្ងង់ខ្លៅឆាប់ប្រព្រឹត្តអំពើអាក្រក់ ព្រោះទុកចិត្តលើខ្លួនឯង។
17 អ្នករហ័សខឹងតែងតែប្រព្រឹត្តអំពើផ្ដេសផ្ដាស រីឯអ្នកដែលមានកលល្បិច តែងតែធ្វើឲ្យគេស្អប់។
18 មនុស្សឆោតតែងតែទទួលភាពល្ងីល្ងើទុកជាមត៌ក រីឯមនុស្សឆ្លាតរមែងទទួលយកការចេះដឹងទុកជាកិត្តិយស។
19 មនុស្សអាក្រក់មុខជាអោនកាយ គោរពមនុស្សល្អ ហើយឈរចាំនៅមាត់ទ្វារផ្ទះរបស់មនុស្សសុចរិត។
20 អ្នកក្រីក្រតែងតែមានគេស្អប់ សូម្បីតែអ្នកជិតដិតក៏មិនរាប់អានដែរ រីឯអ្នកមានវិញ សម្បូណ៌អ្នករាប់អានណាស់។
21 អ្នកណាមើលងាយអ្នកដទៃ អ្នកនោះជាមនុស្សបាប រីឯអ្នកដែលមានចិត្តមេត្តាដល់ជនក្រីក្រ នឹងមានសុភមង្គល។
22 អស់អ្នកដែលមានបំណងអាក្រក់តែងតែត្រូវវង្វេង រីឯអ្នកដែលមានបំណងល្អរមែងមានចិត្តសប្បុរស និងស្មោះត្រង់។
23 អ្នកណាធ្វើការ អ្នកនោះតែងតែទទួលប្រាក់ចិញ្ចឹមជីវិត រីឯអ្នកដែលពូកែព្រោកប្រាជ្ញរមែងធ្លាក់ខ្លួនក្រ។
24 សម្បត្តិស្ដុកស្ដម្ភជារង្វាន់របស់មនុស្សមានប្រាជ្ញា រីឯមនុស្សល្ងង់ខ្លៅនៅតែល្ងង់ខ្លៅដដែល។
25 សាក្សីដែលគេទុកចិត្តតែងតែជួយសង្គ្រោះជីវិតមនុស្សច្រើន រីឯអ្នកដែលស្រដីចេញនូវពាក្យកុហករមែងនាំឲ្យវិនាស។
26 អ្នកណាគោរពកោតខ្លាចព្រះអម្ចាស់ អ្នកនោះមានទីបង្អែកដ៏រឹងមាំ ហើយព្រះអង្គធ្វើជាជម្រកដល់កូនចៅរបស់គេ។
27 ការគោរពកោតខ្លាចព្រះអម្ចាស់ជាប្រភពនៃជីវិត ហើយការពារខ្លួនឲ្យរួចផុតពីអន្ទាក់របស់សេចក្ដីស្លាប់។
28 ព្រះមហាក្សត្របានរុងរឿងដោយសារមានប្រជារាស្ត្រ តែបើប្រជារាស្ត្រចុះអន់ថយ ស្ដេចក៏អស់អំណាចដែរ។
29 អ្នកណាចេះអត់ធ្មត់ អ្នកនោះមានប្រាជ្ញាវាងវៃ រីឯអ្នកដែលរហ័សខឹង រមែងបង្ហាញនូវភាពលេលារបស់ខ្លួន។
30 ចិត្តស្ងប់តែងតែធ្វើឲ្យមានសុខភាពល្អ រីឯចិត្តច្រណែននិន្ទា ប្រៀបដូចជាមហារីកនៅក្នុងឆ្អឹង។
31 អ្នកណាសង្កត់សង្កិនជនក្រីក្រ អ្នកនោះប្រមាថព្រះជាម្ចាស់ដែលបានបង្កើតពួកគេ អ្នកណាជួយជនក្រីក្រ អ្នកនោះលើកតម្កើងព្រះអង្គវិញ។
32 មនុស្សអាក្រក់តែងតែទទួលបរាជ័យ ដោយសារអំពើអាក្រក់របស់ខ្លួន រីឯមនុស្សសុចរិត ទោះបីក្នុងពេលស្លាប់ក្ដី ក៏នៅតែមានទីពឹងជានិច្ច។
33 មនុស្សចេះគិតពិចារណាតែងតែមានប្រាជ្ញា រីឯមនុស្សខ្លៅមិនដែលមានប្រាជ្ញាទេ។
34 សេចក្ដីសុចរិតតែងតែលើកតម្កើងប្រជាជាតិមួយ រីឯអំពើបាបរមែងធ្វើឲ្យជាតិសាសន៍ទាំងឡាយត្រូវអាម៉ាស់មុខ។
35 ព្រះមហាក្សត្រតែងតែសព្វព្រះហឫទ័យនឹងមន្ត្រីណាដែលមានសុភនិច្ឆ័យ តែទ្រង់ខ្ញាល់នឹងមន្ត្រីដែលបង្កភាពអាម៉ាស់។