សុភាសិត 12 KHSV

1 អ្នក​ស្រឡាញ់​ការ​ចេះ​ដឹង តែងតែ​ចូល​ចិត្ត​ទទួល​ការ​ទូន្មាន រីឯ​អ្នក​ដែល​មិន​ព្រម​ទទួល​ការ​រិះ‌គន់ ជា​មនុស្ស​ល្ងី‌ល្ងើ។

2 ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​មនុស្ស​សប្បុរស តែ​ព្រះ‌អង្គ​ដាក់​ទោស​មនុស្ស​មាន​ល្បិច។

3 គ្មាន​នរណា​ពង្រឹង​អំណាច​របស់​ខ្លួន ដោយ​អំពើ​ឃោរ‌ឃៅ​បាន​ទេ តែ​មនុស្ស​សុចរិត​នឹង​មិន​ត្រូវ​រង្គើ​ឡើយ។

4 ភរិយា​ថ្លៃ‌ថ្នូរ​តែងតែ​ផ្ដល់​កិត្តិយស​ឲ្យ​ស្វាមី រីឯ​ប្រពន្ធ​ថោក​ទាប ប្រៀប​ដូច​ជា​ជំងឺ​មហា​រីក​នៅ​ក្នុង​ឆ្អឹង​របស់​ប្ដី។

5 មនុស្ស​សុចរិត​គិត​តែ​ពី​ធ្វើ​អ្វី​ដែល​ស្រប​ច្បាប់ រីឯ​មនុស្ស​អាក្រក់​គិត​តែ​ពី​ធ្វើ​អំពើ​ល្មើស​ច្បាប់។

6 ពាក្យ​សម្ដី​របស់​មនុស្ស​អាក្រក់​សុទ្ធ​តែ​ជា​អន្ទាក់​សម្លាប់​គេ រីឯ​សម្ដី​របស់​មនុស្ស​ទៀង‌ត្រង់​តែងតែ​សង្គ្រោះ​គេ​វិញ។

7 បើ​មនុស្ស​អាក្រក់​រលំ គេ​គ្មាន​នៅ​សល់​អ្វី​ឡើយ តែ​ពូជ‌ពង្ស​របស់​មនុស្ស​សុចរិត​នៅ​ស្ថិត‌ស្ថេរ​ជា‌និច្ច។

8 មនុស្ស​ដែល​ចេះ​ត្រិះ‌រិះ​ពិចារណា​តែងតែ​មាន​គេ​សរសើរ រីឯ​មនុស្ស​មាន​ចិត្ត​វៀច‌វេរ​តែងតែ​មាន​គេ​មើល‌ងាយ។

9 រស់​នៅ​ជា​មនុស្ស​សាមញ្ញ ហើយ​មាន​អ្នក​បម្រើ​តែ​ម្នាក់ នោះ​ប្រសើរ​ជាង​វាយ‌ឫក​ហ៊ឺ‌ហា តែ​ខ្វះ​អង្ករ​ច្រក​ឆ្នាំង។

10 មនុស្ស​សុចរិត​តែងតែ​ថែ‌ទាំ​សត្វ​ពាហនៈ​របស់​ខ្លួន រីឯ​មនុស្ស​អាក្រក់​វិញ គ្មាន​ចិត្ត​មេត្តា​ករុណា​ទាល់​តែ​សោះ។

11 អ្នក​ខំ​ប្រឹង​ធ្វើ​ស្រែ​ចម្ការ​រមែង​មាន​អាហារ​បរិភោគ​ឆ្អែត រីឯ​អ្នក​ចូល​ចិត្ត​ព្រោក‌ប្រាជ្ញ​ជា​មនុស្ស​ខ្វះ​ការ​ពិចារណា។

12 មនុស្ស​ពាល​តែងតែ​លោភ​ចង់​បាន​ទ្រព្យ​សម្បត្តិ​របស់​មនុស្ស​អាក្រក់ រីឯ​អ្វីៗ​ដែល​មនុស្ស​សុចរិត​ធ្វើ រមែង​ចម្រើន​ឡើង។

13 មនុស្ស​អាក្រក់​ជាប់​អន្ទាក់ ដោយ‌សារ​តែ​ពាក្យ​សម្ដី​របស់​ខ្លួន រីឯ​មនុស្ស​សុចរិត​តែងតែ​រួច​ពី​ទុក្ខ​កង្វល់។

14 មនុស្ស​ម្នាក់ៗ​រក​បាន​សុភមង្គល ដោយ‌សារ​ពាក្យ​សម្ដី​ដូច​គេ​រក​ប្រាក់​បាន ដោយ‌សារ​ខំ​ប្រឹង‌ប្រែង​ធ្វើ​ការ​ដែរ។

15 មនុស្ស​ខ្លៅ​គិត​ស្មាន​ថា​ខ្លួន​ប្រព្រឹត្ត​ត្រូវ រីឯ​មនុស្ស​ដែល​សុខ​ចិត្ត​ទទួល​យោបល់​ពី​អ្នក​ដទៃ ជា​មនុស្ស​មាន​ប្រាជ្ញា។

16 មនុស្ស​ខ្លៅ​ឆាប់​ច្រឡោត​ខឹង រីឯ​មនុស្ស​ឆ្លាត​តែងតែ​ចេះ​ទប់​ចិត្ត។

17 មនុស្ស​និយាយ​ការ​ពិត​រមែង​ធ្វើ​ឲ្យ​មាន​យុត្តិធម៌ រីឯ​សាក្សី​ក្លែង‌ក្លាយ​តែងតែ​ធ្វើ​ឲ្យ​មាន​អយុត្តិធម៌។

18 អ្នក​ដែល​និយាយ​ប៉បាច់‌ប៉ប៉ោច​តែងតែ​ធ្វើ​ឲ្យ​អ្នក​ដទៃ​របួស ដូច​ចាក់​មួយ​ដាវ រីឯ​ពាក្យ​សម្ដី​របស់​មនុស្ស​មាន​ប្រាជ្ញា​ជា​ឱសថ​ព្យាបាល​មុខ​របួស។

19 ពាក្យ​ពិត​នៅ​មាន​តម្លៃ​រហូត រីឯ​ពាក្យ​ភូត‌ភរ​ស្ថិត​នៅ​តែ​មួយ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ។

20 អ្នក​ដែល​ប៉ុន‌ប៉ង​ធ្វើ​អំពើ​អាក្រក់​តែងតែ​លាក់​ចិត្ត​វៀច‌វេរ​ជា‌និច្ច រីឯ​អ្នក​កសាង​សន្តិ‌ភាព​តែងតែ​មាន​អំណរ។

21 គ្មាន​គ្រោះ​កាច​ណា​កើត​មាន​ដល់​មនុស្ស​សុចរិត​ទេ រីឯ​មនុស្ស​អាក្រក់​វិញ តែងតែ​ជួប​ប្រទះ​នឹង​ទុក្ខ​លំបាក។

22 ព្រះ‌អម្ចាស់​ស្អប់​មនុស្ស​កុហក តែ​ព្រះ‌អង្គ​គាប់​ព្រះ‌ហឫទ័យ​នឹង​មនុស្ស​ដែល​កាន់​ពាក្យ​សច្ចៈ។

23 មនុស្ស​ឆ្លាត​មិន​លាត​ត្រដាង​ចំណេះ​ខ្លួន​ទេ រីឯ​មនុស្ស​ខ្លៅ​ចូល​ចិត្ត​អួត‌អាង​អំពី​អវិជ្ជា​របស់​ខ្លួន។

24 មនុស្ស​ឧស្សាហ៍​នឹង​ក្លាយ​ទៅ​ជា​មេ​គ្រប់‌គ្រង រីឯ​មនុស្ស​ខ្ជិល​ច្រអូស​នឹង​ធ្លាក់​ខ្លួន​ជា​ខ្ញុំ​គេ។

25 ការ​ខ្វល់‌ខ្វាយ​តែងតែ​ធ្វើ​ឲ្យ​មនុស្ស​បាក់​កម្លាំង​ចិត្ត រីឯ​ពាក្យ​ទន់‌ភ្លន់​តែងតែ​ធ្វើ​ឲ្យ​មាន​អំណរ​ឡើង​វិញ។

26 មនុស្ស​សុចរិត​តែងតែ​នាំ​មិត្ត​សម្លាញ់​របស់​ខ្លួន​ឲ្យ​ដើរ​តាម​មាគ៌ា​ល្អ រីឯ​កិរិយា​របស់​មនុស្ស​អាក្រក់​នាំ​ឲ្យ​គេ​វង្វេង​វិញ។

27 ព្រាន​កំជិល​គ្មាន​សាច់​អាំង​ទេ ចិត្ត​ឧស្សាហ៍​ជា​សម្បត្តិ​ដ៏​មាន​តម្លៃ​របស់​មនុស្ស។

28 នៅ​ក្នុង​ផ្លូវ​សុចរិត​មាន​ជីវិត ហើយ​ផ្លូវ​នេះ​មិន​នាំ​មនុស្ស​ទៅ​រក​សេចក្ដី​ស្លាប់​ឡើយ។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31