17 កន្លែងណាមានតែបន្លែបរិភោគ ហើយមានសេចក្ដីស្រឡាញ់ នោះប្រសើរជាងកន្លែងមានសាច់បរិភោគយ៉ាងឆ្ងាញ់ តែមានការស្អប់គ្នា។
18 មនុស្សខឹងច្រើនតែងតែបង្កជំលោះ រីឯមនុស្សដែលចេះអត់ធ្មត់តែងតែសម្រុះសម្រួល កុំឲ្យមានការទាស់ទែងគ្នា។
19 ផ្លូវរបស់មនុស្សខ្ជិលមានសុទ្ធតែបន្លា រីឯផ្លូវរបស់មនុស្សទៀងត្រង់រាបស្មើល្អ។
20 កូនមានប្រាជ្ញាធ្វើឲ្យឪពុកសប្បាយចិត្ត រីឯកូនល្ងីល្ងើតែងតែមើលងាយម្ដាយ។
21 មនុស្សមិនដឹងខុសត្រូវតែងតែសប្បាយចិត្តនឹងភាពល្ងីល្ងើ រីឯមនុស្សចេះគិតពិចារណារមែងដើរតាមផ្លូវទៀងត្រង់។
22 ខ្វះការពិគ្រោះគ្នា គម្រោងការតែងតែបរាជ័យ មានទីប្រឹក្សាច្រើន គម្រោងការតែងតែសម្រេច។
23 ពោលពាក្យត្រឹមត្រូវស្របនឹងកាលៈទេសៈ រមែងនាំឲ្យមានអំណរសប្បាយ។