សុភាសិត 20:18-24 KHSV

18 យោបល់​ល្អ​រមែង​ធ្វើ​ឲ្យ​គម្រោង‌ការ​បាន​សម្រេច មុន​នឹង​ធ្វើ​សង្គ្រាម ត្រូវ​រិះគិត​ឲ្យ​បាន​ដិត​ដល់​ជា​មុន។

19 អ្នក​និយាយ​ដើម​គេ​រមែង​បើក​កកាយ​ការ​សម្ងាត់ កុំ​សេព‌គប់​ជា​មួយ​អ្នក​ដែល​និយាយ​ច្រើន​ពេក។

20 អ្នក​ណា​ប្រទេច‌ផ្ដាសា​ឪពុក​ម្ដាយ ជីវិត​របស់​អ្នក​នោះ​នឹង​រលត់ ដូច​ចង្កៀង​នៅ​ក្នុង​ទី​ងងឹត។

21 អ្នក​ណា​ប្រមូល​ទ្រព្យ​សម្បត្តិ​បាន​រហ័ស​ពេក ទៅ​ថ្ងៃ​ក្រោយ អ្នក​នោះ​មិន​បាន​ទទួល​ព្រះ‌ពរ​ឡើយ។

22 កុំ​ប្រព្រឹត្ត​អំពើ​អាក្រក់​តប​នឹង​អំពើ​អាក្រក់ តែ​ត្រូវ​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់ នោះ​ព្រះ‌អង្គ​នឹង​សង្គ្រោះ​អ្នក។

23 ព្រះ‌អម្ចាស់​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​កូន​ជញ្ជីង​មិន​ត្រឹម​ត្រូវ​ទេ ហើយ​ការ​បំបាត់​ភ្នែក​ជញ្ជីង​ក៏​ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​ដែរ។

24 ព្រះ‌អម្ចាស់​តែងតែ​ដឹក​នាំ​ដំណើរ​ជីវិត​របស់​មនុស្ស ប៉ុន្តែ មនុស្ស​ពុំ​អាច​ស្គាល់​ទិស‌ដៅ​នៃ​ជីវិត​របស់​ខ្លួន​បាន​ទេ។