សុភាសិត 22:10-16 KHSV

10 បំបាត់​មនុស្ស​ចំអក​ឡក‌ឡឺយ ជំលោះ​ក៏​បាត់​អស់​ដែរ ការ​ឈ្លោះ​ប្រកែក និង​ការ​មើល‌ងាយ លែង​មាន​ទៀត​ហើយ។

11 អ្នក​ណា​ប្រកាន់​ចិត្ត​បរិសុទ្ធ ហើយ​មាន​ពាក្យ​សម្ដី​សុភាព​រាបសា អ្នក​នោះ​នឹង​បាន​គាប់​ព្រះ‌ហឫទ័យ​ស្ដេច។

12 ព្រះ‌អម្ចាស់​តែងតែ​ថែ‌រក្សា​ការ​យល់​ដឹង​ដ៏​ត្រឹម‌ត្រូវ តែ​ព្រះ‌អង្គ​ផ្ចាញ់‌ផ្ចាល​ពាក្យ​សម្ដី​របស់​មនុស្ស​ពាល។

13 មនុស្ស​កំជិល​តែង​ពោល​ថា «មាន​សត្វ​សិង្ហ​មួយ​នៅ​ខាង​ក្រៅ វា​មុខ​ជា​ហែក​ខ្ញុំ​ស៊ី​នៅ​កណ្ដាល​ផ្លូវ​មិន​ខាន»។

14 ពាក្យ​សម្ដី​របស់​ស្ត្រី​ក្បត់​ប្ដី​ជា​អន្ទាក់​មួយ​គួរ​ឲ្យ​ព្រឺ​ខ្លាច អ្នក​ដែល​ព្រះ‌អម្ចាស់​មិន​សព្វ​ព្រះ‌ហឫទ័យ​តែងតែ​ជាប់​អន្ទាក់​នោះ។

15 ក្មេងៗ​តែងតែ​ជំពាក់​ចិត្ត​នឹង​ភាព​ល្ងី‌ល្ងើ ការ​វាយ​ប្រដៅ​នឹង​នាំ​វា​ឲ្យ​ចេញ​ឆ្ងាយ​ពី​ភាព​ល្ងី‌ល្ងើ​នោះ។

16 ជន​ទុគ៌ត​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន​មុខ​ជា​បាន​ចម្រើន រីឯ​អ្នក​ដែល​យក​ទ្រព្យ​ទៅ​ឲ្យ​អ្នក​មាន នឹង​បណ្ដាល​ឲ្យ​ធ្លាក់​ខ្លួន​ក្រ។