សុភាសិត 28:1-7 KHSV

1 អ្នក​អាក្រក់​តែងតែ​រត់​គេច​ខ្លួន ទោះ​បី​គ្មាន​នរណា​តាម​ក៏​ដោយ រីឯ​មនុស្ស​សុចរិត​វិញ ប្រៀប​បី​ដូច​ជា​កូន​សិង្ហ គឺ​គេ​មិន​ខ្លាច​អ្វី​ឡើយ។

2 ពេល​ណា​មាន​ការ​រំជើប‌រំជួល​កើត​ឡើង​ក្នុង​ស្រុក ពេល​នោះ មេ​ដឹក​នាំ​ក៏​មាន​ច្រើន​ដែរ។ ប៉ុន្តែ បើ​មាន​មនុស្ស​ឈ្លាស​វៃ ហើយ​ចេះ​ដឹង​ដឹក​នាំ​ស្រុក ស្រុក​នោះ​នឹង​មាន​សុខ​សន្តិ‌ភាព។

3 មនុស្ស​ក្រីក្រ​សង្កត់‌សង្កិន​មនុស្ស​ទុគ៌ត ប្រៀប​បាន​នឹង​ភ្លៀង​ធ្លាក់​មក​យ៉ាង​ខ្លាំង ជន់​បំផ្លាញ​ដំណាំ​អស់។

4 អស់​អ្នក​ដែល​បោះ‌បង់​ចោល​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌ជាម្ចាស់ រមែង​សរសើរ​មនុស្ស​អាក្រក់ រីឯ​អស់​អ្នក​ដែល​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ តែងតែ​ប្រឆាំង​នឹង​មនុស្ស​អាក្រក់​វិញ។

5 មនុស្ស​ទុច្ចរិត​មិន​យល់​អំពី​យុត្តិធម៌​ទេ រីឯ​អ្នក​ស្វែង​រក​ព្រះ‌អម្ចាស់​យល់​សព្វ​គ្រប់​ទាំង​អស់។

6 មនុស្ស​ក្រីក្រ​តែ​រស់​នៅ​ដោយ​ទៀង​ត្រង់ ប្រសើរ​ជាង​អ្នក​មាន ដែល​រស់​នៅ​ក្នុង​ផ្លូវ​វៀច‌វេរ។

7 អ្នក​ណា​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌ជាម្ចាស់ អ្នក​នោះ​ជា​កូន​ចេះ​ដឹង រីឯ​អ្នក​ដែល​សេព‌គប់​នឹង​មនុស្ស​ខិល‌ខូច ធ្វើ​ឲ្យ​ឪពុក​បាក់​មុខ។