1 នេះជាពាក្យទូន្មានរបស់លោកអេគើរ ជាកូនរបស់លោកយ៉ាកេ គឺសេចក្ដីដែលលោកថ្លែងទៅកាន់លោកអ៊ីធាល និងលោកយូកាល
2 មែនហើយ ខ្ញុំជាមនុស្សល្ងង់ជាងគេទាំងអស់ ខ្ញុំគ្មានតម្រិះខាងលោកីយ៍នេះទេ។
3 ខ្ញុំមិនបានរៀនអំពីប្រាជ្ញាទេ តែខ្ញុំស្គាល់វិជ្ជាស្ដីអំពីព្រះដ៏វិសុទ្ធ។
4 តើមាននរណាបានឡើងទៅស្ថានបរមសុខ រួចចុះមកវិញ? តើមាននរណាក្ដាប់ខ្យល់ក្នុងបាតដៃរបស់ខ្លួន? តើមាននរណាខ្ចប់ទឹកដាក់ក្នុងអាវរបស់ខ្លួន? តើមាននរណាបានកម្រិតព្រំផែនដី? អ្នកនោះឈ្មោះអ្វី? កូនរបស់គាត់ឈ្មោះអ្វី? បើអ្នកដឹង សូមប្រាប់ខ្ញុំផង!
5 ព្រះបន្ទូលទាំងប៉ុន្មានរបស់ព្រះជាម្ចាស់គួរឲ្យជឿទុកចិត្ត ព្រះអង្គជាខែលការពារអស់អ្នកដែលមកជ្រកកោននឹងព្រះអង្គ។
6 កុំយកអ្វីមកបន្ថែមពីលើព្រះបន្ទូលរបស់ព្រះអង្គឡើយ ក្រែងលោព្រះអង្គស្ដីបន្ទោសថា អ្នកជាមនុស្សកុហក។
7 ព្រះអម្ចាស់អើយ! ទូលបង្គំទូលសូមសេចក្ដីពីរយ៉ាងពីព្រះអង្គ សូមប្រោសប្រទានតាមសំណូមពររបស់ទូលបង្គំ មុនពេលទូលបង្គំស្លាប់។
8 សូមកុំបណ្ដោយឲ្យទូលបង្គំចេះពោលពាក្យកុហកបោកប្រាស់។ សូមកុំឲ្យទូលបង្គំក្រពេក ឬក៏មានពេកដែរ គឺសូមប្រទានឲ្យទូលបង្គំមានអាហារបរិភោគគ្រប់គ្រាន់តែប៉ុណ្ណោះបានហើយ។
9 ប្រសិនបើទូលបង្គំមានទ្រព្យច្រើនពេក ក្រែងលោទូលបង្គំវង្វេងឆ្ងាយពីព្រះអង្គ ដោយពោលថា «តើព្រះអម្ចាស់ជានរណា?» ឬបើទូលបង្គំក្រពេក ទូលបង្គំបែរជាលួចគេ ហើយបង្អាប់ព្រះនាមព្រះរបស់ទូលបង្គំ។
10 កុំមួលបង្កាច់អ្នកបម្រើប្រាប់ចៅហ្វាយឡើយ ក្រែងលោអ្នកបម្រើនោះដាក់បណ្ដាសាអ្នក ហើយអ្នកត្រូវទទួលទោស។
11 ជនប្រភេទខ្លះដាក់បណ្ដាសាឪពុក ហើយមិនដែលដឹងគុណម្ដាយទេ។
12 ជនប្រភេទខ្លះស្មានថា ខ្លួនជាមនុស្សបរិសុទ្ធ ក៏ប៉ុន្តែ គេមិនដែលជម្រះអំពើសៅហ្មងចេញពីខ្លួនឡើយ។
13 ជនប្រភេទខ្លះវាយឫកខ្ពស់ ហើយមើលងាយអ្នកដទៃ។
14 ជនប្រភេទខ្លះមានធ្មេញមុតដូចដាវ ថ្គាមដូចកាំបិត គេប្រុងតែត្របាក់លេបមនុស្សទុគ៌តឲ្យវិនាសសូន្យពីផែនដី ហើយលុបបំបាត់មនុស្សក្រីក្រឲ្យអស់ពីចំណោមមនុស្សលោក។
15 ឈ្លើងមានកូនពីរដែលមានឈ្មោះថា «សុំ!» «សុំ!»។ មានការបីបួនយ៉ាងដែលមិនចេះស្កប់ និងមិនចេះឆ្អែតឆ្អន់
16 គឺស្ថានមច្ចុរាជ ស្ត្រីអារ ដីហួតហែង និងភ្លើងដែលឆេះមិនចេះអស់មិនចេះហើយ។
17 អ្នកណាមើលងាយឪពុក ហើយមិនស្ដាប់បង្គាប់ម្ដាយទេ អ្នកនោះនឹងត្រូវក្អែកនៅទឹកជ្រោះចោះភ្នែក ហើយត្រូវត្មាតស៊ីសាច់។
18 មានរឿងបីបួនយ៉ាង ហួសពីសមត្ថភាពដែលខ្ញុំអាចយល់បាន
19 គឺផ្លូវដែលត្មាតហើរលើមេឃ ផ្លូវដែលសត្វពស់លូនលើថ្ម ផ្លូវសំពៅនៅកណ្ដាលសមុទ្រ និងផ្លូវដែលនាំឲ្យបុរសទៅរកស្រីក្រមុំ។
20 ស្ត្រីផិតក្បត់ តែងតែប្រព្រឹត្តដូចតទៅនេះ គឺនាងបរិភោគ រួចជូតមាត់ ទាំងពោលថា ខ្ញុំមិនបានប្រព្រឹត្តអំពើអាក្រក់អ្វីទេ។
21 មានរឿងបីបួនយ៉ាងដែលធ្វើឲ្យក្រឡាប់ផែនដី ព្រោះផែនដីទ្រាំពុំបាន
22 គឺមនុស្សខ្ញុំគេឡើងសោយរាជ្យ មនុស្សខ្លៅមានអាហារបរិបូណ៌
23 ស្ត្រីចិត្តអាក្រក់មានប្ដី និងអ្នកបម្រើយកប្ដីរបស់ចៅហ្វាយស្រី។
24 មានសត្វបួនយ៉ាង ដែលតូចជាងគេនៅលើផែនដី តែជាសត្វមានប្រាជ្ញាវាងវៃ គឺ:
25 ស្រមោចជាសត្វដែលគ្មានកម្លាំង តែចេះប្រមូលអាហារគរទុកនៅរដូវក្ដៅ។
26 ទន្សាយជាសត្វខ្សោយ តែចេះធ្វើរូងនៅក្រោមផ្ទាំងថ្ម។
27 កណ្ដូបជាសត្វគ្មានស្ដេច តែចេះលើកគ្នាជាក្រុមជាពួក ដូចកងទ័ពដ៏មានរបៀបរៀបរយ។
28 ជីងចក់ជាសត្វដែលគេអាចចាប់បាននឹងដៃ តែចេះជ្រៀតចូលទៅនៅក្នុងវាំងរបស់ស្ដេច។
29 មានសត្វលោកបីបួនប្រភេទ ដែលមានដំណើរយ៉ាងសង្ហា គួរឲ្យគយគន់ គឺ:
30 សិង្ហជាសត្វដ៏អង់អាច ដែលមិនចេះរាថយនៅមុខអ្វីសោះឡើយ
31 មាន់ជល់ដែលអួតដាក់គ្នា ពពែឈ្មោល និងស្ដេចដែលយាត្រានៅមុខកងទ័ព។
32 បើអ្នកភ្ញាក់ស្មារតីដឹងថា ខ្លួនជាមនុស្សល្ងង់ ចង់លើកខ្លួន ចូរទប់មាត់តាំងពីពេលនេះទៅ។
33 បើអ្នកចំរាញ់ទឹកដោះគោ អ្នកនឹងបានខ្លាញ់ទឹកដោះ បើវាយច្រមុះ នឹងចេញឈាម ហើយបើបញ្ឆេះកំហឹង នឹងបង្កជំលោះ។