សុភាសិត 31:25-31 KHSV

25 នាង​មាន​កម្លាំង និង​មាន​កិត្តិយស​ថ្លៃ‌ថ្នូរ នាង​សម្លឹង​មើល​ទៅ​អនាគត ដោយ​ឥត​បារម្ភ​អ្វី​ឡើយ។

26 នាង​និយាយ​ស្ដី​ប្រកប​ដោយ​ប្រាជ្ញា ហើយ​ទូន្មាន​គេ​ដោយ​ចិត្ត​សប្បុរស។

27 នាង​មើល​ខុស​ត្រូវ​កិច្ចការ​ក្នុង​ផ្ទះ ឥត​ទំនេរ​ដៃ​សោះ​ឡើយ។

28 កូន​របស់​នាង​នាំ​គ្នា​កោត​សរសើរ​នាង រីឯ​ស្វាមី​របស់​នាង​ក៏​លើក​តម្កើង​នាង ដោយ​ពោល​ថា:

29 «មាន​ស្ត្រី​ជា​ច្រើន​គ្រប់​លក្ខណ៍ តែ​នាង​គ្រប់​លក្ខណ៍​លើស​គេ​ទាំង​អស់»។

30 រូប​ឆោម​លោម​ពណ៌​រមែង​បញ្ឆោត​ចិត្ត រីឯ​សម្រស់​ល្អ​ស្អាត មិន​នៅ​ស្ថិត‌ស្ថេរ​រហូត​ទេ មាន​តែ​ស្ត្រី​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ ដែល​គួរ​កោត​សរសើរ។

31 នាង​ត្រូវ​តែ​ទទួល​ផល​ពី​កិច្ចការ​ដែល​នាង​ធ្វើ ហើយ​ទទួល​ការ​កោត​សរសើរ​ពី​មនុស្ស​ទាំង​អស់​ក្នុង​ទីក្រុង។