សុភាសិត 4 KHSV

ផល​ប្រយោជន៍​នៃ​ប្រាជ្ញា

1 កូន​អើយ ចូរ​នាំ​គ្នា​ស្ដាប់​ពាក្យ​ទូន្មាន​របស់​ឪពុក ចូរ​ប្រុង​ស្មារតី នោះ​កូន​នឹង​បាន​យល់​អំពី​ការ​ចេះ​ដឹង

2 ដ្បិត​ឪពុក​បង្រៀន​កូន​អំពី​គោល​គំនិត​ដ៏​ល្អ កុំ​បោះ‌បង់​ចោល​ដំបូន្មាន​របស់​ឪពុក​ឡើយ។

3 ពី​ដើម ឪពុក​ធ្លាប់​ស្ដាប់​ជីតា​របស់​ឯង ហើយ​ឪពុក​ក៏​ជា​កូន​សំណព្វ​របស់​ជី​ដូន​ឯង​ដែរ។

4 ជីតា​ឯង​បាន​បង្រៀន​ឪពុក​ថា៖ «ចូរ​កូន​ចង​ចាំ​ពាក្យ​របស់​ឪពុក​ទុក​ក្នុង​ចិត្ត ចូរ​ប្រតិបត្តិ​តាម​ដំបូន្មាន​របស់​ឪពុក នោះ​កូន​នឹង​មាន​ជីវិត។

5 ចូរ​រក​ប្រាជ្ញា និង​ការ​ចេះ​ដឹង​ឲ្យ​បាន។ មិន​ត្រូវ​បំភ្លេច ឬ​ងាក​ចេញ​ពី​ពាក្យ​របស់​ឪពុក​ឡើយ។

6 កុំ​បោះ‌បង់​ប្រាជ្ញា​ឲ្យ​សោះ នោះ​ប្រាជ្ញា​នឹង​ការពារ​កូន ចូរ​ស្រឡាញ់​ប្រាជ្ញា នោះ​ប្រាជ្ញា​នឹង​ថែ‌រក្សា​កូន។

7 រីឯ​ប្រភព​នៃ​ប្រាជ្ញា​ចាប់​ផ្ដើម​ដូច​ត​ទៅ: គឺ​ត្រូវ​រក​ប្រាជ្ញា​ឲ្យ​បាន ហើយ​ចំណាយ​អ្វីៗ​ទាំង​អស់​ដែល​កូន​មាន ដើម្បី​រក​ឲ្យ​បាន​ការ​ចេះ​ដឹង។

8 ចូរ​ឱប​រឹត​ប្រាជ្ញា​ឲ្យ​ជាប់​ក្នុង​ដួង​ចិត្ត នោះ​ប្រាជ្ញា​នឹង​លើក​តម្កើង​កូន​ឡើង​យ៉ាង​ថ្លៃ‌ថ្នូរ។

9 ប្រាជ្ញា​នឹង​ផ្ដល់​ឲ្យ​កូន​បាន​រុងរឿង គឺ​ប្រៀប​ដូច​ជា​មកុដ និង​ជា​គ្រឿង​អលង្ការ​ដ៏​ថ្លៃ​បំផុត សម្រាប់​កូន»។

កុំ​យក​តម្រាប់​តាម​ជន​ពាល

10 កូន​អើយ ចូរ​ស្ដាប់​ពាក្យ​របស់​ឪពុក នោះ​កូន​នឹង​មាន​អាយុ​វែង។

11 ឪពុក​បាន​ណែ‌នាំ​កូន​ឲ្យ​ស្គាល់​របៀប​រស់​នៅ​ប្រកប​ដោយ​ប្រាជ្ញា និង​បាន​អប់រំ​កូន​ឲ្យ​ដើរ​តាម​មាគ៌ា​ទៀង​ត្រង់។

12 បើ​កូន​ប្រកាន់​យក​មាគ៌ា​នេះ នឹង​គ្មាន​ឧបសគ្គ​អ្វី​មក​រារាំង​កូន​ឲ្យ​ជំពប់​ដួល​ឡើយ។

13 ចូរ​កាន់​តាម​ដំបូន្មាន​ឪពុក ដោយ​ឥត​លះ‌បង់​ចោល​ឡើយ ចូរ​ថែ‌រក្សា​ឲ្យ​ជាប់ ដ្បិត​ដំបូន្មាន​នេះ​ជា​ជីវិត​របស់​កូន។

14 មិន​ត្រូវ​ចូល​រួម​ក្នុង​ផ្លូវ​របស់​មនុស្ស​ពាល​ឡើយ ហើយ​ក៏​មិន​ត្រូវ​យក​តម្រាប់​តាម​មនុស្ស​អាក្រក់​ដែរ។

15 ចូរ​ចៀស‌វាង​ដើរ​តាម​ផ្លូវ​នោះ ត្រូវ​ដើរ​វាង​ឲ្យ​ឆ្ងាយ។

16 អ្នក​ទាំង​នោះ​មិន​ចូល​ដំណេក​ទេ ដរាប​ទាល់​តែ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​ជា​មុន​សិន គឺ​ប្រសិន​បើ​គេ​មិន​បាន​ធ្វើ​ទុក្ខ​ទោស​អ្នក​ផ្សេង​ទេ​នោះ គេ​ដេក​មិន​លក់​ឡើយ

17 ដ្បិត​គេ​ចិញ្ចឹម​ជីវិត​ដោយ‌សារ​អំពើ​ទុច្ចរិត ហើយ​គេ​ផឹក​ស្រា​ដែល​បាន​មក​ដោយ‌សារ​អំពើ​ឃោរ‌ឃៅ។

18 មាគ៌ា​របស់​មនុស្ស​សុចរិត​ប្រៀប​បី​ដូច​ជា​ពន្លឺ​អរុណ‌រះ បញ្ចេញ​រស្មី​កាន់​តែ​ភ្លឺ​ឡើងៗ រហូត​ដល់​ព្រះ​អាទិត្យ​ពេញ​កម្ដៅ។

19 រីឯ​ផ្លូវ​របស់​ជន​ពាល​វិញ ប្រៀប​បាន​នឹង​ភាព​ងងឹត​អន្ធការ គឺ​ពួក​គេ​មិន​អាច​មើល​ឧបសគ្គ​ដែល​ធ្វើ​ឲ្យ​ខ្លួន​ជំពប់​ដួល​នោះ​ឃើញ​ឡើយ។

ចរិយា​សម្បត្តិ​ដ៏​ថ្លៃ‌ថ្នូរ

20 កូន​អើយ ចូរ​ផ្ទៀង​ត្រចៀក ចូរ​ត្រង‌ត្រាប់​ស្ដាប់​ពាក្យ​ទូន្មាន និង​ឱវាទ​របស់​ឪពុក។

21 កុំ​បំភ្លេច​ពាក្យ​ឪពុក គឺ​ត្រូវ​រក្សា​ទុក​ឲ្យ​ជាប់​នៅ​ក្នុង​ដួង​ចិត្ត​ជា‌និច្ច។

22 ដ្បិត​ឱវាទ​នេះ​នឹង​ផ្ដល់​ជីវិត និង​សុខ‌ភាព​ដល់​អស់​អ្នក​ដែល​សុខ​ចិត្ត​ទទួល។

23 ចូរ​កូន​ថែ‌រក្សា​ចិត្ត​គំនិត​ដោយ​ប្រុង​ប្រយ័ត្ន ដ្បិត​ចិត្ត​គំនិត​របស់​កូន​យ៉ាង​ណា ជីវិត​របស់​កូន​ក៏​យ៉ាង​នោះ​ដែរ។

24 ចូរ​ទប់​មាត់​កុំ​ឲ្យ​ពោល​ពាក្យ​អាស្រូវ​ឡើយ ហើយ​ក៏​កុំ​គ្រលាស់​អណ្ដាត​ពោល​ពាក្យ​មួល​បង្កាច់​គេ​ដែរ។

25 ចូរ​សម្តែង​ឲ្យ​មនុស្ស​លោក​ឃើញ​ទឹក​ចិត្ត​ស្មោះ​ត្រង់​របស់​កូន គឺ​កុំ​មើល​ទៅ​នរណា​ដោយ​ចិត្ត​វៀច‌វេរ​ឡើយ។

26 ចូរ​រៀបចំ​ផ្លូវ​ដែល​កូន​ត្រូវ​ដើរ​ឲ្យ​ត្រង់ គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​ផ្លូវ​នោះ​បាន​ត្រឹម​ត្រូវ

27 កុំ​ងាក​ស្ដាំ ងាក​ឆ្វេង ហើយ​ចៀស​ឲ្យ​ឆ្ងាយ​ពី​ផ្លូវ​អាក្រក់។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31