1 ចូរត្រងត្រាប់ស្ដាប់!ព្រះប្រាជ្ញាញាណស្រែកប្រកាសហើយ!តម្រិះក៏បន្លឺសំឡេងឡើងដែរ!
2 ព្រះប្រាជ្ញាញាណឈរលើទួលក្បែរមាត់ផ្លូវ និងនៅត្រង់ផ្លូវបំបែក
3 ក្បែរមាត់ទ្វារក្រុង នៅតាមផ្លូវចេញចូលហើយស្រែកឡើងថា៖
4 បណ្ដាជនទាំងឡាយអើយ!ខ្ញុំស្រែកហៅអ្នករាល់គ្នាខ្ញុំចង់និយាយជាមួយមនុស្សលោកទាំងអស់។
5 មនុស្សមិនដឹងខុសត្រូវអើយចូររៀនពិចារណាឡើងមនុស្សឥតប្រាជ្ញាអើយចូររៀនឲ្យមានតម្រិះឡើង។
6 ចូរនាំគ្នាស្ដាប់ដ្បិតខ្ញុំមានសេចក្ដីសំខាន់ៗប្រាប់អ្នករាល់គ្នាខ្ញុំនិយាយទូន្មានអ្នករាល់គ្នាអំពីផ្លូវទៀងត្រង់
7 ខ្ញុំថ្លែងប្រាប់តែសេចក្ដីពិតប៉ុណ្ណោះខ្ញុំមិនចូលចិត្តនិយាយសេចក្ដីអាក្រក់ឡើយ។
8 អ្វីៗដែលខ្ញុំនិយាយសុទ្ធតែទៀងត្រង់គឺគ្មានពាក្យវៀចវេរ ឬបោកបញ្ឆោតទេ។
9 អ្នកមានតម្រិះយល់ថា ពាក្យខ្ញុំស្រួលស្ដាប់រីឯអស់អ្នកចេះដឹងក៏យល់ថាខ្ញុំនិយាយត្រឹមត្រូវមែនដែរ។
10 ចូរទទួលដំបូន្មានខ្ញុំជាជាងទទួលប្រាក់រីឯការចេះដឹងមានតម្លៃលើសមាសទឹកដប់ទៅទៀត។
11 ប្រាជ្ញាមានតម្លៃជាងត្បូងពេជ្រគ្មានរបស់អ្វីមានតម្លៃស្មើនឹងប្រាជ្ញាឡើយ។
12 ខ្ញុំជាប្រាជ្ញាការពិចារណាស្ថិតនៅជាប់ជាមួយខ្ញុំខ្ញុំមានតម្រិះរិះគិត ដោយសុភនិច្ឆ័យ។
13 អ្នកគោរពកោតខ្លាចព្រះអម្ចាស់តែងតែស្អប់អំពើអាក្រក់ខ្ញុំមិនចូលចិត្តការអួតបំប៉ោងការព្រហើន អំពើអាក្រក់និងការពោលពាក្យបោកបញ្ឆោតឡើយ។
14 ខ្ញុំមានប្រាជ្ញា និងយោបល់ខ្ញុំផ្ដល់តម្រិះ និងកម្លាំង
15 ស្ដេចទាំងឡាយគ្រប់គ្រងស្រុក ដោយសារខ្ញុំហើយមេដឹកនាំទាំងឡាយតែងច្បាប់ដ៏ត្រឹមត្រូវ ក៏ដោយសារខ្ញុំដែរ។
16 អ្នកធំទាំងឡាយត្រួតត្រាស្រុក ដោយសារខ្ញុំហើយពួកនាម៉ឺនសុទ្ធតែជាចៅក្រមដ៏សុចរិត។
17 អ្នកណាស្រឡាញ់ខ្ញុំ ខ្ញុំស្រឡាញ់អ្នកនោះវិញអ្នកណាស្វែងរកខ្ញុំ អ្នកនោះពិតជារកឃើញ។
18 ខ្ញុំផ្ដល់ទ្រព្យសម្បត្តិ និងសិរីរុងរឿងភាពចម្រុងចម្រើន និងសេចក្ដីសុចរិត។
19 ផលផ្លែរបស់ខ្ញុំមានតម្លៃជាងមាសទឹកដប់អ្វីៗដែលខ្ញុំផ្ដល់ឲ្យមានតម្លៃជាងប្រាក់សុទ្ធទៅទៀត។
20 ខ្ញុំដើរតាមមាគ៌ាដ៏សុចរិតនិងប្រព្រឹត្តតាមផ្លូវយុត្តិធម៌។
21 ខ្ញុំផ្ដល់ទ្រព្យសម្បត្តិយ៉ាងបរិបូណ៌ឲ្យអ្នកដែលស្រឡាញ់ខ្ញុំ។
22 ព្រះអម្ចាស់បានបង្កើតខ្ញុំតាំងពីដើមដំបូងបង្អស់គឺមុនអ្វីៗដែលព្រះអង្គបង្កើតមកទៅទៀត។
23 ព្រះអង្គបានចាក់ប្រេងតែងតាំងខ្ញុំតាំងពីអស់កល្បរៀងមកគឺនៅគ្រាដំបូងបង្អស់មុនកំណើតពិភពលោកទៅទៀត។
24 កាលខ្ញុំកើតមក មិនទាន់មានជម្រៅទឹកហើយក៏មិនទាន់មានប្រភពទឹកដែរ។
25 ព្រះអង្គបង្កើតខ្ញុំមកមុនព្រះអង្គធ្វើឲ្យភ្នំធំភ្នំតូចលេចឡើង។
26 ពេលនោះ ព្រះអង្គមិនទាន់បង្កើតផែនដីនិងលំហអាកាសទេហើយក៏មិនទាន់បង្កើតធាតុដើមផ្សេងៗដែរ។
27 កាលព្រះអម្ចាស់លាតសន្ធឹងផ្ទៃមេឃនិងគូរវាសជើងមេឃពីលើមហាសមុទ្រខ្ញុំក៏នៅទីនោះដែរ។
28 កាលព្រះអង្គដាក់ពពកនៅលើអាកាសហើយកាលប្រភពទឹកផុសចេញយ៉ាងខ្លាំងពីទីជម្រៅ
29 កាលព្រះអង្គកំណត់ព្រំដែនសមុទ្រដើម្បីខណ្ឌទឹកកុំឲ្យហៀរចេញកាលព្រះអង្គចាក់គ្រឹះផែនដី
30 នៅគ្រានោះ ខ្ញុំជាមេជាងជួយធ្វើការព្រះអង្គហើយខ្ញុំធ្វើឲ្យព្រះអង្គមានអំណរជារៀងរាល់ថ្ងៃ។ខ្ញុំកំសាន្តនៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គគ្រប់ពេលវេលា។
31 ខ្ញុំកំសាន្តនៅលើដីដែលព្រះអង្គបានបង្កើតខ្ញុំមានអំណរនៅក្នុងចំណោមមនុស្សលោក។
32 ឥឡូវនេះ កូនអើយ ចូរនាំគ្នាស្ដាប់ឪពុកអ្នកណាប្រតិបត្តិតាមមាគ៌ារបស់ឪពុកអ្នកនោះពិតជាមានសុភមង្គល!។
33 ចូរស្ដាប់ដំបូន្មានរបស់ឪពុកដោយឥតធ្វេសប្រហែសឡើយនោះកូននឹងទៅជាអ្នកមានប្រាជ្ញា។
34 អ្នកណាស្ដាប់ខ្ញុំហើយឈរយាមមាត់ទ្វារខ្ញុំជារៀងរាល់ថ្ងៃអ្នកនោះពិតជាមានសុភមង្គល។
35 អ្នកណារកខ្ញុំឃើញ អ្នកនោះមានជីវិតហើយព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងអ្នកនោះ។
36 អ្នកណារកខ្ញុំមិនឃើញអ្នកនោះធ្វើបាបខ្លួនឯងអ្នកណាស្អប់ខ្ញុំអ្នកនោះស្រឡាញ់សេចក្ដីស្លាប់។