21 គាត់ពោលទៅកាន់អ្នកជំនិតរបស់ព្រះជាម្ចាស់ដែលមកពីស្រុកយូដាថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: ដោយអ្នកមិនធ្វើតាមបង្គាប់របស់ព្រះអម្ចាស់ ហើយមិនកាន់តាមបទបញ្ជារបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នកទេ
22 គឺអ្នកវិលមកវិញ បរិភោគអាហារ និងទឹក នៅកន្លែងដែលព្រះអង្គហាមប្រាម ដូច្នេះ សពរបស់អ្នកនឹងមិនត្រូវគេយកទៅបញ្ចុះក្នុងផ្នូររបស់ដូនតាអ្នកឡើយ»។
23 ក្រោយពីបានបរិភោគអាហារ និងទឹករួច ព្យាការីចាស់ចងកែបលាជូនព្យាការីដែលគាត់បាននាំត្រឡប់មកវិញ។
24 លោកក៏ចាកចេញទៅ ហើយនៅតាមផ្លូវ លោកបានជួបនឹងសិង្ហមួយ វាសម្លាប់លោក ទុកសាកសពចោលនៅលើផ្លូវ។ សត្វលា និងសត្វសិង្ហ ឈរនៅជិតសាកសព។
25 មនុស្សម្នាដែលធ្វើដំណើរកាត់តាមនោះ ឃើញសាកសពរបស់លោកនៅលើផ្លូវ ហើយឃើញសិង្ហឈរនៅក្បែរសពនោះ។ ពួកគេក៏យករឿងនេះទៅនិយាយនៅក្នុងក្រុង ដែលព្យាការីចាស់នោះរស់នៅ។
26 កាលព្យាការីដែលបានអញ្ជើញអ្នកជំនិតរបស់ព្រះជាម្ចាស់មកផ្ទះគាត់ ឮដំណឹងនេះ ក៏ពោលថា៖ «គាត់ជាអ្នកជំនិតរបស់ព្រះជាម្ចាស់ដែលមិនធ្វើតាមបង្គាប់ព្រះអង្គ។ ព្រះអម្ចាស់បានប្រគល់គាត់ទៅក្នុងក្រញាំសិង្ហ វាហែកសម្លាប់គាត់ ស្របតាមសេចក្ដីដែលព្រះអម្ចាស់មានព្រះបន្ទូលមកគាត់»។
27 បន្ទាប់មក ព្យាការីចាស់នោះពោលទៅកាន់កូនៗរបស់គាត់ថា៖ «ចូរចងកែបលាឲ្យពុក!»។ កូនៗក៏ចងកែបលាជូនគាត់។