1 ព្រះបាទសាឡូម៉ូនគ្រងរាជ្យលើស្រុកអ៊ីស្រាអែលទាំងមូល។
2 មន្ត្រីជាន់ខ្ពស់របស់ស្ដេចមានរាយនាមដូចតទៅ: លោកអសារា ជាកូនរបស់លោកបូជាចារ្យសាដុក
3 លោកអេលីហូរែប និងលោកអហ៊ីយ៉ា ជាកូនរបស់លោកស៊ីសា ជាលេខាធិការ។ លោកយេហូសាផាត ជាកូនរបស់លោកអហ៊ីលូដ ជាអ្នកនាំពាក្យរបស់ស្ដេច។
4 លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ជាមេបញ្ជាការរបស់កងទ័ព លោកសាដុក និងលោកអបៀថើរ ជាបូជាចារ្យ។
5 លោកអសារា ជាកូនរបស់លោកណាថាន់ ជាប្រមុខលើពួករាជប្រតិភូ។ លោកសាប៊ូដ ជាកូនរបស់លោកណាថាន ជាបូជាចារ្យ និងជាមន្ត្រីជំនិតរបស់ស្ដេច។
6 លោកអហ៊ីសាជាអ្នកទទួលខុសត្រូវលើព្រះរាជវាំង។ លោកអដូនីរ៉ាម ជាកូនរបស់លោកអាប់ដា ជាអ្នកទទួលខុសត្រូវលើកំណែន។
7 ព្រះបាទសាឡូម៉ូនតែងតាំងរាជប្រតិភូដប់ពីររូប ឲ្យគ្រប់គ្រងលើស្រុកអ៊ីស្រាអែលទាំងមូល អស់លោកទាំងនោះមានភារកិច្ចផ្គត់ផ្គង់ស្បៀងអាហារថ្វាយស្ដេច និងអស់អ្នកនៅក្នុងវាំង គឺម្នាក់ៗត្រូវផ្គត់ផ្គង់ស្បៀងអាហារមួយខែ ក្នុងមួយឆ្នាំ។
8 រាជប្រតិភូទាំងនោះមានរាយនាមដូចតទៅ: កូនរបស់លោកបេន-ហ៊ើរគ្រប់គ្រងលើតំបន់ភ្នំអេប្រាអ៊ីម។
9 កូនរបស់លោកបេន-ដេកើរគ្រប់គ្រងលើតំបន់ម៉ាកាស ស្អាលប៊ីម បេតសេម៉េស ហេឡូន និងបេតហាណាន។
10 កូនរបស់លោកបេន-ហេសេឌគ្រប់គ្រងលើតំបន់អារូបូត ព្រមទាំងស្រុកសូកូ និងស្រុកអេភើរទាំងមូល។
11 កូនរបស់លោកបេន-អប៊ីណាដាប់ គ្រប់គ្រងលើស្រុកដោរទាំងមូល លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយព្រះនាងថាផាត ជាបុត្រីព្រះបាទសាឡូម៉ូន។
12 លោកបាណា ជាកូនរបស់លោកអហ៊ីលូដ គ្រប់គ្រងលើតំបន់តាណាក់ និងមេគីដោរ ព្រមទាំងតំបន់បេតសៀនទាំងមូល។ តំបន់បេតសៀនមានព្រំប្រទល់រហូតដល់សារថាន ដែលស្ថិតនៅខាងក្រោមយេសរាល។ តំបន់នេះលាតសន្ធឹងពីបេតសៀនរហូតដល់អេបិល-មហូឡា និងរហូតទៅដល់ខាងនាយយ៉ុកមាម។
13 កូនរបស់លោកបេន-កេប៊ើរគ្រប់គ្រងនៅរ៉ាម៉ូត ក្នុងស្រុកកាឡាដ។ លោកគ្រប់គ្រងភូមិទាំងប៉ុន្មានរបស់លោកយ៉ាអ៊ារ ជាកូនរបស់លោកម៉ាណាសេ នៅស្រុកកាឡាដ និងតំបន់អើកុប ក្នុងស្រុកបាសាន ដែលមានក្រុងធំៗចំនួនហុកសិប ជាទីក្រុងមានកំពែងដ៏រឹងមាំ និងមានរនុកធ្វើពីលង្ហិន។
14 លោកអហ៊ីណាដាប់ ជាកូនរបស់លោកអ៊ីដោ គ្រប់គ្រងលើតំបន់ម៉ាហាណែម។
15 លោកអហ៊ីម៉ាស់គ្រប់គ្រងលើទឹកដីណែបថាលី។ លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយព្រះនាងបាសម៉ាត ជាបុត្រីរបស់ព្រះបាទសាឡូម៉ូន។
16 លោកបាណា ជាកូនរបស់លោកហ៊ូសាយ គ្រប់គ្រងលើទឹកដីអេស៊ើរ និងអាឡុត។
17 លោកយេហូសាផាត ជាកូនរបស់លោកបារូអា គ្រប់គ្រងលើទឹកដីអ៊ីសាខារ។
18 លោកស៊ីម៉ៃ ជាកូនរបស់លោកអេឡា គ្រប់គ្រងលើទឹកដីបេនយ៉ាមីន។
19 លោកកេប៊ើរ ជាកូនរបស់លោកអ៊ូរី គ្រប់គ្រងលើស្រុកកាឡាដ ព្រមទាំងទឹកដីរបស់ព្រះបាទស៊ីហុន ស្ដេចនៃជនជាតិអាម៉ូរី និងស្រុករបស់ព្រះបាទអុក ស្ដេចស្រុកបាសាន។ ក្នុងតំបន់នេះទាំងមូលមានរាជប្រតិភូតែមួយរូបប៉ុណ្ណោះ។
20 ប្រជាជននៅស្រុកយូដា និងស្រុកអ៊ីស្រាអែល មានចំនួនច្រើនឥតគណនា ដូចគ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រ។ ពួកគេមានស្បៀងអាហារបរិបូណ៌ ហើយរស់នៅយ៉ាងសប្បាយរីករាយ។
21 ព្រះបាទសាឡូម៉ូនគ្រប់គ្រងលើនគរទាំងប៉ុន្មាន ចាប់ពីទន្លេអឺប្រាតរហូតដល់ស្រុកភីលីស្ទីន និងព្រំប្រទល់ស្រុកអេស៊ីប នគរទាំងនោះនាំសួយសារអាករមកថ្វាយព្រះបាទសាឡូម៉ូន ហើយនៅជាចំណុះស្ដេច រហូតដល់ទ្រង់អស់ព្រះជន្ម។
22 ស្បៀងអាហារប្រចាំថ្ងៃសម្រាប់ផ្គត់ផ្គង់ក្នុងវាំងរបស់ព្រះបាទសាឡូម៉ូន មានដូចតទៅ: ម្សៅម៉ដ្ដប្រាំបួនតោន ម្សៅធម្មតាដប់ប្រាំបីតោន
23 គោបំប៉នដប់ក្បាល គោធម្មតាម្ភៃក្បាល ចៀមមួយរយក្បាល ព្រមទាំងសត្វផ្សេងៗជាច្រើនទៀត ដូចជាប្រើស ឈ្លូស ក្ដាន់ និងមាន់ទាបំប៉ន។
24 ព្រះបាទសាឡូម៉ូនត្រួតត្រាលើទឹកដីទាំងប៉ុន្មាន ដែលស្ថិតនៅត្រើយខាងនាយទន្លេអឺប្រាត ចាប់ពីក្រុងធីពសារហូតដល់ក្រុងកាសា។ ស្ដេចទាំងប៉ុន្មាននៅត្រើយខាងនាយទន្លេអឺប្រាត ស្ថិតនៅក្រោមអំណាចព្រះបាទសាឡូម៉ូនទាំងអស់។ ពេលនោះ មានសុខសន្តិភាពគ្រប់ទិសទី។
25 ក្នុងរជ្ជកាលរបស់ព្រះបាទសាឡូម៉ូន ប្រជាជននៅស្រុកយូដា និងស្រុកអ៊ីស្រាអែល ចាប់ពីក្រុងដាន់រហូតដល់ក្រុងបៀរសេបា រស់នៅដោយសុខសាន្ត ក្រោមដើមទំពាំងបាយជូរ និងដើមឧទុម្ពររបស់ខ្លួន។
26 ព្រះបាទសាឡូម៉ូនមានសេះបួនម៉ឺនក្បាល សម្រាប់ទឹមរទេះចំបាំង និងសេះមួយម៉ឺនពីរពាន់ក្បាលទៀត សម្រាប់ពលទ័ពសេះ។
27 រៀងរាល់ខែ មានរាជប្រតិភូមួយរូប ទទួលភារកិច្ចផ្គត់ផ្គង់ស្បៀងអាហារ សម្រាប់ព្រះបាទសាឡូម៉ូន និងអស់អ្នកដែលបរិភោគរួមតុជាមួយព្រះរាជា។ រាជប្រតិភូទាំងនោះពុំបានឲ្យស្ដេចខ្វះខាតអ្វីឡើយ។
28 រាជប្រតិភូទាំងនោះផ្ដល់ស្រូវ និងចំបើងសម្រាប់សេះ ព្រមទាំងសត្វផ្សេងៗទៀតដែលជាជំនិះ នៅតាមកន្លែងដែលគេត្រូវការ ដូចស្ដេចបានកំណត់ទុក។
29 ព្រះជាម្ចាស់ប្រទានប្រាជ្ញា និងសុភនិច្ឆ័យយ៉ាងលើសលប់ដល់ព្រះបាទសាឡូម៉ូន ធ្វើឲ្យស្ដេចមានការយល់ដឹងទូលំទូលាយ ដូចខ្សាច់នៅតាមឆ្នេរសមុទ្រ។
30 ព្រះរាជាមានប្រាជ្ញាឈ្លាសវៃលើសអ្នកប្រាជ្ញទាំងប៉ុន្មាននៅស្រុកខាងកើត និងនៅស្រុកអេស៊ីប។
31 ព្រះរាជាមានប្រាជ្ញាលើសមនុស្សផងទាំងពួង គឺលើសលោកអេថាន ពីអំបូរសេរ៉ាគីត លោកហេម៉ាន ព្រមទាំងលោកកាល់កូល និងលោកដារដា ជាកូនរបស់លោកម៉ាហូល។ កិត្តិនាមរបស់ព្រះរាជាល្បីសុសសាយ រហូតដល់ប្រជាជាតិនានាដែលនៅជុំវិញ។
32 ព្រះបាទសាឡូម៉ូនថ្លែងសុភាសិត បីពាន់ឃ្លា និងតែងចម្រៀងមួយពាន់ប្រាំបទ។
33 ព្រះរាជារៀបរាប់អំពីរុក្ខជាតិគ្រប់ប្រភេទ តាំងពីដើមតាត្រៅនៅស្រុកលីបង់ រហូតដល់ដើមហ៊ីសុបដែលដុះនៅតាមកំពែង។ ព្រះរាជារៀបរាប់អំពីសត្វចតុប្បាទ សត្វស្លាប សត្វលូនវារ និងត្រីផងដែរ។
34 ស្ដេចទាំងឡាយនៅលើផែនដីបានឮគេនិយាយអំពីប្រាជ្ញាញាណរបស់ព្រះបាទសាឡូម៉ូន ក៏ចាត់មនុស្សម្នាពីគ្រប់ជាតិសាសន៍ ឲ្យមកស្ដាប់រាជឱង្ការរបស់ព្រះបាទសាឡូម៉ូន ដែលប្រកបដោយប្រាជ្ញាឈ្លាសវៃ។