1 រីឯវាំងរបស់ស្ដេចវិញ ព្រះបាទសាឡូម៉ូនចំណាយពេលអស់ដប់បីឆ្នាំ ទើបសង់ដំណាក់ទាំងអស់រួចជាស្រេច។
2 ដំបូងបង្អស់ ព្រះរាជាសង់ «ដំណាក់ព្រៃស្រុកលីបង់» មានបណ្ដោយប្រវែងមួយរយហត្ថ ទទឹងហាសិបហត្ថ និងកំពស់សាមសិបហត្ថ មានសសរបួនជួរធ្វើពីឈើតាត្រៅ ហើយនៅលើសសរមានធ្នឹមធ្វើពីឈើតាត្រៅដែរ។
3 រីឯពិដានវិញក៏ធ្វើពីឈើតាត្រៅដែរ ទ្រដោយធ្នឹមធ្វើពីឈើតាត្រៅសែសិបប្រាំដើម តំរៀបជាបីជួរ គឺក្នុងមួយជួរមានដប់ប្រាំដើម ដែលទ្រដោយសសរទាំងនោះ។
4 នៅតាមជញ្ជាំងសងខាងដំណាក់ មានបង្អួចម្ខាងបីៗ នៅទល់មុខគ្នា។
5 មេ និងក្របរបស់វា មានរាងបួនជ្រុង ម្ខាងបីៗនៅទល់មុខគ្នា។
6 ស្ដេចសង់បន្ទប់ល្វែងមួយមានបណ្ដោយហាសិបហត្ថ ទទឹងសាមសិបហត្ថ ដែលមានតែសសរ។ នៅពីមុខបន្ទប់ល្វែងនោះ មានសសរ និងថែវ។
7 ព្រះរាជាសង់បន្ទប់ល្វែងមួយ ជាកន្លែងគ្រងរាជ្យ និងកាត់ក្ដី មានឈ្មោះថា «ទីនាំងវិនិច្ឆ័យ» ដែលពាសឈើតាត្រៅពីក្រោមរហូតដល់លើ។
8 រីឯដំណាក់សម្រាប់ស្ដេចគង់ក៏សង់ដូចដំណាក់មុនដែរ តែនៅក្នុងទីធ្លាមួយទៀត នៅខាងក្រោយដំណាក់គ្រងរាជ្យ។ ព្រះបាទសាឡូម៉ូនសង់ដំណាក់មួយសម្រាប់ព្រះមហេសី ដែលត្រូវជាបុត្រីរបស់ព្រះចៅផារ៉ោន ដំណាក់នោះក៏សង់ដូចដំណាក់មុនដែរ។
9 ដំណាក់ទាំងអស់សុទ្ធតែធ្វើអំពីថ្មសំរាំងដ៏ល្អៗ ដែលបានដាប់តម្រូវតាមទំហំ និងអារតំរឹមតាមមុខជ្រុងទាំងខាងក្នុង ទាំងខាងក្រៅ។ គេសង់ដំណាក់ទាំងនោះពីថ្មទាំងអស់ តាំងពីគ្រឹះរហូតដល់ដំបូល ហើយផ្នែកខាងក្រៅរហូតដល់ទីធ្លាធំផង។
10 គេរើសសុទ្ធតែថ្មដ៏ល្អប្រណីត និងផ្ទាំងធំៗ យកមកធ្វើជាគ្រឹះ ថ្មខ្លះមានប្រវែងដល់ទៅប្រាំបី ឬដប់ហត្ថ។
11 គេយកថ្មសំរាំងដ៏ល្អៗ ដែលបានដាប់តម្រូវតាមទំហំ និងឈើតាត្រៅមកសង់ពីលើគ្រឹះនោះ។
12 នៅជុំវិញទីធ្លាធំ គេសង់ជញ្ជាំងពីថ្មសំរាំងដ៏ល្អៗត្រួតគ្នាបីជាន់ ហើយមួយជាន់ទៀតសង់ពីឈើតាត្រៅ ដូចទីលានខាងក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ និងបន្ទប់ល្វែងរបស់ព្រះដំណាក់ដែរ។
13 ព្រះបាទសាឡូម៉ូនចាត់គេឲ្យទៅអញ្ជើញលោកហ៊ីរ៉ាមនៅក្រុងទីរ៉ុស។
14 គាត់ជាកូនរបស់ស្ត្រីមេម៉ាយម្នាក់ ក្នុងកុលសម្ព័ន្ធណែបថាលី ហើយឪពុកជាអ្នកក្រុងទីរ៉ុស។ លោកហ៊ីរ៉ាមជាជាងលង្ហិនមួយរូបដ៏ចំណាន ដែលមានប្រាជ្ញាឈ្លាសវៃ ហើយមានថ្វីដៃខាងផលិតវត្ថុគ្រប់យ៉ាងពីលង្ហិន។ គាត់ចូលទៅគាល់ព្រះបាទសាឡូម៉ូន ហើយទទួលធ្វើកិច្ចការទាំងអស់ថ្វាយស្ដេច។
15 លោកហ៊ីរ៉ាមធ្វើសសរលង្ហិនពីរ កំពស់ដប់ប្រាំបីហត្ថ ហើយគេយកខ្សែមកវាស់ជុំវិញសសរនោះ ឃើញមានប្រវែងដប់ពីរហត្ថ។
16 គាត់ធ្វើក្បាលសសរលង្ហិនពីរ ជាក្បាច់ដាក់នៅលើសសរទាំងពីរ ក្បាលសសរនីមួយៗមានកំពស់ប្រាំហត្ថ។
17 គាត់សិតលង្ហិនធ្វើជាក្បាច់ក្រឡាអួន និងច្រវាក់ តុបតែងលំអក្បាលសសរ។ ក្បាលសសរនីមួយៗមានកំរងច្រវាក់ប្រាំពីរខ្សែ។
18 គាត់សិតក្បាច់ផ្លែទទឹមពីរជួរ លំអជុំវិញក្បាច់ក្រឡាអួនដែលស្ថិតនៅលើក្បាលសសរនីមួយៗ។
19 នៅលើសសរនីមួយៗនៃបន្ទប់ល្វែង គាត់ធ្វើក្បាលសសរមួយជាន់ទៀតបន្តុបពីលើ មានកំពស់បួនហត្ថ ហើយមានឆ្លាក់ជាក្បាច់ផ្កាម្លិះ។
20 នៅផ្នែកខាងលើក្បាលសសរទីមួយ មានក្បាច់ផ្លែទទឹមចំនួនពីររយត្រង់គែមក្បាច់ក្រឡាអួន ហើយនៅលើក្បាលសសរទីពីរ មានក្បាច់ផ្លែទទឹមពីររយទៀតតំរៀបគ្នាជាជួរដែរ។
21 គាត់លើកសសរទាំងពីរនោះបញ្ឈរ នៅខាងមុខបន្ទប់ល្វែងរបស់ព្រះវិហារ។ សសរនៅខាងស្ដាំមានឈ្មោះថា យ៉ាគីន រីឯសសរនៅខាងឆ្វេងមានឈ្មោះថា បូអូស។
22 ក្បាលសសរទាំងពីរនេះមានរាងដូចផ្កាម្លិះ។ លោកហ៊ីរ៉ាមបានធ្វើសសរទាំងពីរចប់រួចរាល់។
23 លោកហ៊ីរ៉ាមធ្វើអាងមួយយ៉ាងធំ ពីលង្ហិន ដែលមានរាងមូល មានអង្កត់ផ្ចិតដប់ហត្ថ មានកំពស់ប្រាំហត្ថ និងជុំវិញរង្វង់សាមសិបហត្ថ។
24 នៅក្រោមគែមមាត់អាង មានឆ្លាក់ក្បាច់ផ្កាក្រពុំពីរជួរ ហើយក្នុងប្រវែងមួយហត្ថមានក្បាច់ផ្កាក្រពុំដប់ ព័ទ្ធជុំវិញអាង។ ក្បាច់ទាំងនោះសិតជាប់ជាមួយអាងដែរ។
25 អាងនេះទ្រដោយគោលង្ហិនចំនួនដប់ពីរ គោបីបែរទៅខាងជើង គោបីបែរទៅខាងលិច គោបីបែរទៅខាងត្បូង និងគោបីទៀតបែរទៅខាងកើត។ ខ្លួនរបស់វាបែរចូលក្នុង ដើម្បីទ្រអាង។
26 អាងនេះមានកំរាស់មួយទះ មាត់របស់វារីកចេញដូចមាត់ពែង និងមានរាងដូចផ្កាម្លិះ ហើយមានចំណុះប្រមាណពីរពាន់អំរែក។
27 លោកហ៊ីរ៉ាមបានធ្វើរទេះលង្ហិនចំនួនដប់។ រទេះនីមួយៗមានបណ្ដោយបួនហត្ថ ទទឹងបួនហត្ថ និងកំពស់បីហត្ថ។
28 គាត់ធ្វើរទេះដូចតទៅ: គាត់សិតបន្ទះលង្ហិនជាច្រើន រួចតំរៀបគ្នានៅលើគ្រោង។
29 នៅលើបន្ទះលង្ហិនទាំងនោះមានឆ្លាក់រូបសិង្ហ គោ ចេរូប៊ីន។ នៅផ្នែកខាងលើ និងផ្នែកខាងក្រោមនៃគ្រោង ក៏មានឆ្លាក់រូបសិង្ហ គោ និងមានឆ្លាក់ក្បាច់រំយោលលំអដែរ។
30 រទេះនីមួយៗមានកង់បួនធ្វើពីលង្ហិន ហើយភ្ជាប់ទៅនឹងតួដោយភ្លៅធ្វើពីលង្ហិន។ នៅត្រង់មុមទាំងបួន មានជើងសម្រាប់ទ្រមុម ធ្វើពីលង្ហិន ភ្ជាប់ទៅនឹងតួរទេះ នៅខាងក្រោមក្បាច់រំយោល។
31 ផ្នែកខាងលើតួរទេះមានកំណល់មួយរាងមូល សម្រាប់ទ្រអាង។ កំណល់នេះខ្ពស់ផុតពីតួរទេះមួយហត្ថ មានអង្កត់ផ្ចិតមួយហត្ថកន្លះ។ នៅលើកំណល់នេះក៏មានឆ្លាក់ជាក្បាច់ដែរ។ រីឯតួរទេះវិញមានរាងបួនជ្រុង គឺមិនមែនមូលទេ។
32 រីឯកង់ទាំងបួនវិញស្ថិតនៅក្រោមតួរទេះ ហើយភ្ជាប់ទៅនឹងតួដោយសារភ្លៅ។ កង់នីមួយៗមានអង្កត់ផ្ចិតមួយហត្ថកន្លះ។
33 កង់ទាំងនោះមានរាងដូចកង់រទេះដែរ គឺមានភ្លៅ ខ្នង កាំ និងដុំ ធ្វើអំពីលង្ហិនទាំងអស់។
34 ជើងសម្រាប់ទ្រមុមទាំងបួនរបស់រទេះសិតភ្ជាប់ទៅនឹងតួ។
35 ផ្នែកខាងលើរទេះមានរង្វង់មូលមួយ ដែលមានកន្លះហត្ថ។ នៅផ្នែកខាងលើនេះក៏មានជើងកំណល់ សិតភ្ជាប់ទៅនឹងតួរទេះដែរ។
36 គាត់ឆ្លាក់ក្បាច់ចេរូប៊ីន សិង្ហ និងដើមចាកនៅលើផ្ទៃរាបស្មើ លើជើងកំណល់ព្រមទាំងឆ្លាក់ក្បាច់រំយោលព័ទ្ធជុំវិញផង។
37 គាត់ធ្វើរទេះទាំងដប់នេះមានទំហំ និងទ្រង់ទ្រាយដូចគ្នា រទេះនីមួយៗសិតធ្វើអំពីលោហធាតុតែមួយដុំ។
38 លោកហ៊ីរ៉ាមសិតធ្វើអាងលង្ហិនចំនួនដប់ សម្រាប់ដាក់លើរទេះទាំងដប់នេះ។ អាងនីមួយៗមានកំពស់បួនហត្ថ និងមានចំណុះសែសិបអំរែក។
39 គាត់ដាក់រទេះប្រាំនៅខាងស្ដាំព្រះដំណាក់ និងប្រាំទៀតនៅខាងឆ្វេង។ រីឯអាងធំវិញ គាត់ដាក់នៅខាងស្ដាំព្រះដំណាក់ ត្រង់ទិសអគ្នេយ៍។
40 កាលលោកហ៊ីរ៉ាមធ្វើអាង ប្រដាប់ចូកផេះ និងផើងដាក់ឈាមរួចរាល់ហើយ លោកក៏បញ្ចប់កិច្ចការទាំងអស់ក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ថ្វាយព្រះបាទសាឡូម៉ូន
41 គឺមាន: សសរពីរ ក្បាលសសររាងមូលពីរ សម្រាប់ដាក់លើសសរ និងក្បាច់ក្រឡាអួនស្ថិតលើក្បាលសសររាងមូលទាំងពីរផង។
42 ផ្លែទទឹមចំនួនបួនរយចងភ្ជាប់នឹងក្រឡាអួនទាំងពីរ គឺផ្លែទទឹមពីរជួរសម្រាប់ក្រឡាអួននីមួយៗ ដែលស្ថិតនៅលើក្បាលសសរ។
43 រទេះចំនួនដប់ និងអាងដប់ដាក់នៅលើរទេះទាំងនោះ។
44 អាងធំមួយ និងគោចំនួនដប់ពីរសម្រាប់ទ្រអាង។
45 ធុងសម្រាប់ដាក់ផេះ ប្រដាប់ចូកផេះ និងផើងសម្រាប់ដាក់ឈាម។ គ្រឿងប្រដាប់ទាំងអស់ដែលលោកហ៊ីរ៉ាមធ្វើថ្វាយព្រះបាទសាឡូម៉ូន សម្រាប់ដាក់នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ សុទ្ធតែធ្វើពីលង្ហិន ខាត់យ៉ាងរលោង។
46 ព្រះរាជាឲ្យគេសិតគ្រឿងប្រដាប់ទាំងនោះក្នុងពុម្ពដីឥដ្ឋ នៅវាលទំនាបទន្លេយ័រដាន់ ត្រង់ចន្លោះសិកូត និងសារថាន។
47 ព្រះបាទសាឡូម៉ូនឲ្យគេធ្វើគ្រឿងប្រដាប់ទាំងនោះ ដោយពុំគិតពីទម្ងន់លង្ហិនទេ ព្រោះមានចំនួនច្រើនពេក។
48 ព្រះបាទសាឡូម៉ូនបានឲ្យគេធ្វើគ្រឿងប្រដាប់ឯទៀតៗអំពីមាស សម្រាប់ព្រះដំណាក់របស់ព្រះអម្ចាស់ គឺមានអាសនៈមាស តុមាសសម្រាប់ដាក់នំបុ័ងថ្វាយព្រះអម្ចាស់
49 ជើងចង្កៀងធ្វើអំពីមាសសុទ្ធដាក់នៅមុខទីសក្ការៈ ជើងចង្កៀងប្រាំនៅខាងស្ដាំ ប្រាំនៅខាងឆ្វេង។ ផ្នែកដាក់ប្រេង តួចង្កៀង និងឃ្នាបប្រឆេះ ក៏ធ្វើអំពីមាសដែរ។
50 ចានក្លាំ កាំបិត ផើងដាក់ឈាម ពែង និងភាជន៍ ក៏ធ្វើពីមាសសុទ្ធទាំងអស់ រីឯត្រចៀកទ្វារនៅបន្ទប់ខាងក្នុង ហៅថាទីសក្ការៈបំផុត និងត្រចៀកទ្វារនៅច្រកចូលព្រះដំណាក់ ក៏សុទ្ធតែធ្វើពីមាសដែរ។
51 ព្រះបាទសាឡូម៉ូនបានធ្វើគ្រឿងប្រដាប់សម្រាប់ព្រះដំណាក់របស់ព្រះអម្ចាស់ ចប់សព្វគ្រប់។ បន្ទាប់មក ស្ដេចនាំយកវត្ថុជាមាស ប្រាក់ និងគ្រឿងប្រដាប់ឯទៀតៗ ដែលព្រះបាទដាវីឌជាបិតាបានថ្វាយដល់ព្រះអម្ចាស់ មកទុកនៅក្នុងឃ្លាំងនៃព្រះដំណាក់របស់ព្រះអម្ចាស់។