1 គ្រានោះ សម្ដេចអប៊ីយាជាបុត្ររបស់ព្រះបាទយេរ៉ូបោមប្រឈួន។
2 ព្រះបាទយេរ៉ូបោមមានរាជឱង្ការទៅកាន់មហេសីថា៖ «ចូរក្រោកឡើងក្លែងខ្លួន ដើម្បីកុំឲ្យគេស្គាល់ថា នាងជាមហេសីយើង រួចធ្វើដំណើរទៅកាន់ស៊ីឡូ។ នៅទីនោះ មានព្យាការីម្នាក់ ឈ្មោះអហ៊ីយ៉ា គឺលោកហើយដែលប្រាប់យើងថា យើងនឹងសោយរាជ្យលើប្រជាជននេះ។
3 ចូរយកនំបុ័ងដប់ដុំ និងនំខ្លះ ព្រមទាំងទឹកឃ្មុំមួយដបទៅជាមួយផង។ ត្រូវទៅជួបលោក លោកមុខជាប្រាប់ឲ្យនាងដឹងថា កូនយើងនឹងទៅជាយ៉ាងណា»។
4 មហេសីរបស់ព្រះបាទយេរ៉ូបោមក៏ធ្វើតាម។ ព្រះនាងក្រោកឡើង ចេញដំណើរទៅស៊ីឡូ ហើយទៅដល់ផ្ទះរបស់លោកអហ៊ីយ៉ា។ លោកអហ៊ីយ៉ាមើលអ្វីលែងឃើញទៀតហើយ ព្រោះភ្នែកលោកងងឹត ដោយលោកចាស់ជរា។
5 មុនពេលព្រះនាងមកដល់ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអហ៊ីយ៉ាថា៖ «មហេសីរបស់យេរ៉ូបោមនឹងមកសួរអ្នកអំពីកូន ដែលកំពុងឈឺ។ កាលនាងចូលមកជួបអ្នក នាងនឹងក្លែងខ្លួនធ្វើជាស្ត្រីម្នាក់ផ្សេងទៀត។ ត្រូវនិយាយជាមួយនាងតាមពាក្យដែលយើងនឹងប្រាប់អ្នក»។
6 កាលលោកអហ៊ីយ៉ាឮស្នូរសំរិបជើងរបស់ព្រះនាងមកដល់មាត់ទ្វារ លោកពោលថា៖ «សូមយាងចូលមក! មហេសីរបស់ព្រះបាទយេរ៉ូបោម ហេតុអ្វីបានជាព្រះនាងក្លែងខ្លួនជាស្ត្រីផ្សេងដូច្នេះ? ព្រះជាម្ចាស់ចាត់ទូលបង្គំឲ្យនាំដំណឹងដ៏អាក្រក់ មកទូលព្រះនាង។
7 សូមយាងទៅទូលព្រះបាទយេរ៉ូបោមដូចតទៅ: ព្រះអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា “យើងបានលើកតម្កើងអ្នកនៅចំពោះមុខប្រជាជន និងតែងតាំងអ្នកឲ្យធ្វើជាមេដឹកនាំលើអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង។
8 យើងបានដកហូតរាជសម្បត្តិពីពូជពង្សដាវីឌ ហើយប្រគល់ឲ្យអ្នក។ ក៏ប៉ុន្តែ អ្នកមិនបានកាន់តាមបទបញ្ជារបស់យើង និងគោរពបម្រើយើង ដោយចិត្តស្មោះឡើយ ហើយអ្នកក៏មិនបានប្រព្រឹត្តអំពើសុចរិត ដែលគាប់ចិត្តយើង ដូចដាវីឌជាអ្នកបម្រើរបស់យើងដែរ។
9 អ្នកបានប្រព្រឹត្តអាក្រក់ជាងអស់អ្នកមុនៗទៅទៀត គឺអ្នកបានធ្វើរូបព្រះផ្សេងៗ ព្រមទាំងសិតធ្វើរូបបដិមា ដើម្បីបញ្ឆេះកំហឹងរបស់យើង ហើយអ្នកបានបែរខ្នងដាក់យើងថែមទៀត។
10 ហេតុនេះ យើងនឹងធ្វើឲ្យទុក្ខវេទនាកើតមានចំពោះពូជពង្សរបស់យេរ៉ូបោម។ យើងនឹងប្រហារកូនប្រុសៗ ក្នុងក្រុមគ្រួសាររបស់យេរ៉ូបោម ទាំងអ្នកងារ ទាំងអ្នកជា ឲ្យអស់ពីស្រុកអ៊ីស្រាអែល។ យើងនឹងបោសពូជពង្សរបស់យេរ៉ូបោម ដូចគេបោសសំរាម ទាល់តែអស់ដែរ។
11 ក្នុងក្រុមគ្រួសារយេរ៉ូបោម អ្នកដែលស្លាប់នៅក្នុងទីក្រុង នឹងត្រូវឆ្កែហែកស៊ី ហើយអ្នកដែលស្លាប់នៅតាមវាលនឹងត្រូវត្មាតចឹកស៊ី”។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
12 រីឯព្រះនាងវិញ សូមក្រោកឡើង វិលត្រឡប់ទៅដំណាក់ចុះ! ពេលព្រះនាងយាងចូលដល់ទីក្រុង បុត្រនោះនឹងសោយទិវង្គត។
13 ប្រជាជនអ៊ីស្រាអែលទាំងមូលនាំគ្នាកាន់ទុក្ខ ហើយបញ្ចុះសពបុត្រនោះ។ ក្នុងរាជវង្សរបស់ព្រះបាទយេរ៉ូបោម មានតែបុត្រនេះមួយអង្គប៉ុណ្ណោះ ដែលគេបញ្ចុះសពក្នុងផ្នូរ ដ្បិតក្នុងរាជវង្សព្រះបាទយេរ៉ូបោមមានតែបុត្រអង្គនេះទេ ដែលបានប្រព្រឹត្តអំពើល្អខ្លះៗ ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ ជាព្រះនៃប្រជាជនអ៊ីស្រាអែល។
14 នៅថ្ងៃនោះ ព្រះអម្ចាស់នឹងជ្រើសតាំងស្ដេចមួយអង្គទៀត ឲ្យសោយរាជ្យលើប្រជាជនអ៊ីស្រាអែល ស្ដេចថ្មីនោះនឹងប្រហារពូជពង្សរបស់ព្រះបាទយេរ៉ូបោមឲ្យវិនាសសូន្យ។ ហេតុការណ៍នេះកំពុងតែកើតមាន!
15 ព្រះអម្ចាស់នឹងវាយជនជាតិអ៊ីស្រាអែល ពេលនោះ ពួកគេប្រៀបដូចជាដើមត្រែងដែលញ័រនៅក្នុងទឹក។ ព្រះអម្ចាស់នឹងដកជនជាតិអ៊ីស្រាអែលចេញពីទឹកដីដ៏ល្អ ដែលព្រះអង្គប្រទានដល់បុព្វបុរសរបស់ពួកគេ ព្រះអង្គនឹងកំចាត់កំចាយពួកគេឲ្យទៅនៅខាងនាយទន្លេអឺប្រាត ព្រោះពួកគេធ្វើបង្គោលព្រះអាសេរ៉ា ដែលបណ្ដាលឲ្យព្រះអម្ចាស់ទ្រង់ព្រះពិរោធ។
16 ព្រះអង្គបោះបង់ចោលអ៊ីស្រាអែល ព្រោះតែព្រះបាទយេរ៉ូបោមប្រព្រឹត្តអំពើបាប និងនាំប្រជាជនអ៊ីស្រាអែលឲ្យប្រព្រឹត្តអំពើបាបដែរ»។
17 មហេសីរបស់ព្រះបាទយេរ៉ូបោមក្រោកឡើង ហើយយាងចេញទៅ។ ពេលព្រះនាងយាងដល់ក្រុងធើសា ហើយឈានជើងជាន់មាត់ទ្វារព្រះដំណាក់ បុត្រនោះក៏សោយទិវង្គត។
18 គេបានបញ្ចុះសពបុត្រនោះ ហើយប្រជាជនអ៊ីស្រាអែលទាំងមូលនាំគ្នាកាន់ទុក្ខ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បានថ្លែងតាមរយៈព្យាការីអហ៊ីយ៉ា ជាអ្នកបម្រើរបស់ព្រះអង្គ។
19 រីឯរាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទយេរ៉ូបោម ដូចជាការធ្វើសង្គ្រាម ការគ្រងរាជ្យ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកអ៊ីស្រាអែល។
20 ព្រះបាទយេរ៉ូបោមគ្រងរាជ្យនៅស្រុកអ៊ីស្រាអែល អស់រយៈពេលម្ភៃពីរឆ្នាំ។ កាលស្ដេចសោយទិវង្គតផុតទៅ ព្រះបាទណាដាប់ជាបុត្រ បានឡើងស្នងរាជ្យ។
21 ព្រះបាទរេហូបោម ជាបុត្ររបស់ព្រះបាទសាឡូម៉ូនឡើងសោយរាជ្យលើស្រុកយូដា ក្នុងជន្មាយុសែសិបមួយវស្សា។ ស្ដេចសោយរាជ្យបានដប់ប្រាំពីរវស្សា នៅក្រុងយេរូសាឡឹម ជាក្រុងដែលព្រះអម្ចាស់បានជ្រើសរើសពីក្នុងចំណោមទឹកដីនៃកុលសម្ព័ន្ធអ៊ីស្រាអែលទាំងអស់ សម្រាប់ព្រះនាមរបស់ព្រះអង្គ។ មាតារបស់ស្ដេចមាននាមថាណាអាម៉ា ជាជនជាតិអាំម៉ូន។
22 ប្រជាជនយូដាបានប្រព្រឹត្តអំពើអាក្រក់ ទាស់នឹងព្រះហឫទ័យព្រះអម្ចាស់។ ពួកគេបានធ្វើឲ្យព្រះអង្គទ្រង់ព្រះពិរោធ ដោយសារតែអំពើបាបដែលពួកគេប្រព្រឹត្ត លើសពីដូនតារបស់ពួកគេទៅទៀត។
23 ពួកគេនាំគ្នាសង់កន្លែងសក្ការៈ នៅតាមទួលខ្ពស់ៗ ព្រមទាំងសង់ស្តូប និងបង្គោលព្រះអាសេរ៉ា នៅតាមកំពូលភ្នំ និងនៅក្រោមដើមឈើដែលមានស្លឹកខៀវខ្ចី។
24 នៅក្នុងស្រុក មានប្រុសៗប្រព្រឹត្តអំពើពេស្យាចារ*សក្ការៈ គឺពួកគេធ្វើតាមអំពើគួរស្អប់ខ្ពើមរបស់ប្រជាជាតិនានា ដែលព្រះអម្ចាស់បានបណ្ដេញចេញពីមុខកូនចៅអ៊ីស្រាអែល។
25 នៅឆ្នាំទីប្រាំនៃរជ្ជកាលព្រះបាទរេហូបោម ព្រះចៅស៊ីសាក់ ជាស្ដេចស្រុកអេស៊ីប បានឡើងមកវាយក្រុងយេរូសាឡឹម។
26 ស្ដេចស្រុកអេស៊ីបរឹបអូសយកទ្រព្យសម្បត្តិ ក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ និងរាជទ្រព្យនៅក្នុងវាំង។ ស្ដេចបានរឹបអូសយកទ្រព្យសម្បត្តិទាំងមូល និងខែលមាសទាំងអស់ដែលព្រះបាទសាឡូម៉ូនបានធ្វើ។
27 ព្រះបាទរេហូបោមបានឲ្យគេធ្វើខែលពីលង្ហិនជំនួសវិញ ហើយប្រគល់ឲ្យមេក្រុមរបស់កងទាហានដែលយាមខ្លោងទ្វារវាំងមើលថែរក្សា។
28 គ្រប់ពេលដែលស្ដេចយាងចូលព្រះដំណាក់របស់ព្រះអម្ចាស់ ពួកទាហាននាំគ្នាកាន់ខែលទាំងនោះ រួចពួកគេប្រមូលយកទៅទុក ក្នុងបន្ទប់របស់មេក្រុមវិញ។
29 រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទរេហូបោម និងអ្វីៗទាំងអស់ដែលទ្រង់បានធ្វើ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកយូដា។
30 ព្រះបាទរេហូបោម និងព្រះបាទយេរ៉ូបោម តែងតែធ្វើសង្គ្រាមជាមួយគ្នាទៅវិញទៅមកជានិច្ច។
31 កាលព្រះបាទរេហូបោមសោយទិវង្គត គេបានយកសពទៅបញ្ចុះក្នុងផ្នូររបស់រាជវង្ស នៅបុរីព្រះបាទដាវីឌ។ មាតារបស់ស្ដេចមាននាមថា ណាអាម៉ា ជាជនជាតិអាំម៉ូន។ ព្រះបាទអប៊ីយ៉ា ជាបុត្រ បានឡើងស្នងរាជ្យ។