១ ពង្សា‌វតារ‌ក្សត្រ 9 KHSV

ព្រះ‌អម្ចាស់​យាង​មក​ជួប​ព្រះ‌បាទ​សាឡូម៉ូន​សា​ជា​ថ្មី

1 កាល​ព្រះ‌បាទ​សាឡូម៉ូន​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ វាំង និង​អ្វីៗ​ទាំង​ប៉ុន្មាន ដែល​ស្ដេច​ចង់​ធ្វើ​នោះ​សព្វ​គ្រប់​ហើយ

2 ព្រះ‌អម្ចាស់​យាង​មក​ជួប​ព្រះ‌បាទ​សាឡូម៉ូន​ជា​លើក​ទី​ពីរ ដូច​ព្រះ‌អង្គ​បាន​យាង​មក​ជួប​ស្ដេច នៅ​គីបៀន​ដែរ។

3 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​ឮ​ពាក្យ​អធិស្ឋាន និង​ពាក្យ​ទូល‌អង្វរ​របស់​អ្នក​ហើយ។ យើង​នឹង​ញែក​ព្រះ‌ដំណាក់​ដែល​អ្នក​បាន​សង់​នេះ ជា​កន្លែង​ដ៏​សក្ការៈ សម្រាប់​នាម​យើង​រហូត​ត​ទៅ។ យើង​នឹង​តាម​ថែ‌រក្សា ហើយ​ជំពាក់​ចិត្ត​នឹង​ទី​នេះ​ជា‌និច្ច។

4 រីឯ​អ្នក​វិញ ប្រសិន​បើ​អ្នក​ដើរ​នៅ​ចំពោះ​មុខ​យើង ដោយ​ចិត្ត​ស្មោះ‌ស្ម័គ្រ និង​ចិត្ត​ទៀង​ត្រង់ ដូច​ដាវីឌ ជា​បិតា​របស់​អ្នក គឺ​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​យើង​បង្គាប់ ហើយ​ប្រសិន​បើ​អ្នក​កាន់​តាម​ច្បាប់ និង​វិន័យ​របស់​យើង

5 យើង​នឹង​ពង្រឹង​រាជ​សម្បត្តិ​របស់​អ្នក​នៅ​ស្រុក​អ៊ីស្រា‌អែល​រហូត​ត​ទៅ ដូច​យើង​បាន​សន្យា​ជា​មួយ​ដាវីឌ ជា​បិតា​របស់​អ្នក​ថា “ក្នុង​ចំណោម​ពូជ‌ពង្ស​របស់​អ្នក​តែងតែ​មាន​ម្នាក់​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​ជា‌និច្ច”។

6 ប៉ុន្តែ ប្រសិន​បើ​អ្នក​រាល់​គ្នា និង​ពូជ‌ពង្ស​របស់​អ្នក​រាល់​គ្នា បែក​ចិត្ត​ចេញ​ពី​យើង ហើយ​មិន​កាន់​តាម​បទ‌បញ្ជា និង​ច្បាប់​ដែល​យើង​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​ទេ ឬ​ប្រសិន​បើ​អ្នក​ទៅ​គោរព និង​ថ្វាយ‌បង្គំ​ព្រះ​ដទៃ

7 យើង​នឹង​ដក​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ពី​ទឹក​ដី​ដែល​យើង​បាន​ប្រគល់​ឲ្យ​ពួក​គេ ហើយ​យើង​ក៏​បោះ‌បង់​ចោល​ព្រះ‌ដំណាក់​ដែល​យើង​បាន​ញែក​ទុក​ជា​កន្លែង​ដ៏​សក្ការៈ សម្រាប់​នាម​យើង​នោះ ឲ្យ​ឆ្ងាយ​ពី​មុខ​យើង។ អ៊ីស្រា‌អែល​នឹង​ត្រូវ​ជាតិ​សាសន៍​ទាំង​អស់​មាក់‌ងាយ ចំអក​ឲ្យ។

8 ពេល​មនុស្ស‌ម្នា​ដើរ​កាត់​តាម​នោះ ហើយ​ធ្លាប់​តែ​ឃើញ​ព្រះ‌ដំណាក់​ដ៏​ស្កឹម‌ស្កៃ ពួក​គេ​នឹង​ស្រឡាំង‌កាំង ហើយ​នឹក​ហួស​ចិត្ត ទាំង​ពោល​ថា “ហេតុ​អ្វី​បាន​ជា​ព្រះ‌អម្ចាស់​ប្រព្រឹត្ត​ដូច្នេះ ចំពោះ​ស្រុក​នេះ និង​ព្រះ‌ដំណាក់​នេះ?”។

9 គេ​នឹង​ឆ្លើយ​ប្រាប់​អ្នក​ទាំង​នោះ​ថា “ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​បោះ‌បង់​ចោល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ពួក​គេ គឺ​ព្រះ​ដែល​បាន​នាំ​ដូនតា​របស់​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប។ ពួក​គេ​ជំពាក់​ចិត្ត​នឹង​ព្រះ​ដទៃ ហើយ​គោរព​បម្រើ និង​ថ្វាយ‌បង្គំ​ព្រះ​ទាំង​នោះ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ពួក​គេ​រង​ទុក្ខ​វេទនា”»។

ស្នា‌ដៃ​ផ្សេង​ទៀត​របស់​ព្រះ‌បាទ​សាឡូម៉ូន

10 ព្រះ‌បាទ​សាឡូម៉ូន​ចំណាយ​ពេល​អស់​ម្ភៃ​ឆ្នាំ ដើម្បី​កសាង​សំណង់​ពីរ គឺ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​វាំង​របស់​ស្ដេច។

11 ពេល​នោះ ព្រះ‌បាទ​ហ៊ីរ៉ាម ជា​ស្ដេច​ក្រុង​ទីរ៉ុស បាន​ផ្ដល់​ឈើ​តាត្រៅ ឈើ​កកោះ និង​មាស ថ្វាយ​ព្រះ‌បាទ​សាឡូម៉ូន តាម​តែ​ទ្រង់​ត្រូវ​ការ សម្រាប់​សំណង់​ទាំង​នោះ។ ព្រះ‌បាទ​សាឡូម៉ូន​ក៏​ប្រគល់​ក្រុង​ចំនួន​ម្ភៃ​ក្នុង​ស្រុក​កាលី‌ឡេ ថ្វាយ​ព្រះ‌បាទ​ហ៊ីរ៉ាម​វិញ​ដែរ។

12 ព្រះ‌បាទ​ហ៊ីរ៉ាម​យាង​ចេញ​ពី​ទីក្រុង​ទីរ៉ុស​ទៅ​ពិនិត្យ​ក្រុង​ទាំង​ប៉ុន្មាន ដែល​ព្រះ‌បាទ​សាឡូម៉ូន​ថ្វាយ តែ​ទ្រង់​មិន​សព្វ​ព្រះ‌ហឫទ័យ​ទេ។

13 ព្រះ‌បាទ​ហ៊ីរ៉ាម​មាន​រាជ‌ឱង្ការ​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា ប្រទាន​ក្រុង​បែប​នេះ​ឲ្យ​ទូលបង្គំ!»។ ព្រះ‌បាទ​ហ៊ីរ៉ាម​ហៅ​ក្រុង​ទាំង​នោះ​ថា «កាបួល» ជា​ឈ្មោះ​ដែល​មាន​រហូត​ដល់​សព្វ​ថ្ងៃ។

14 ព្រះ‌បាទ​ហ៊ីរ៉ាម​បាន​យក​មាស​ទម្ងន់​បួន​ពាន់​គីឡូ‌ក្រាម​មក​ថ្វាយ​ព្រះ‌បាទ​សាឡូម៉ូន។

15 ព្រះ‌បាទ​សាឡូម៉ូន​កេណ្ឌ​ប្រជា‌ជន ដើម្បី​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ វាំង ព្រលាន​មីឡូ កំពែង​ក្រុង​យេរូ‌សាឡឹម ក្រុង​ហាសោរ ក្រុង​មេគី‌ដោ និង​ក្រុង​កេស៊ើរ។

16 ព្រះ‌ចៅ​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប បាន​វាយ​ដណ្ដើម​យក​ក្រុង​កេស៊ើរ ហើយ​ដុត​បំផ្លាញ​ទីក្រុង ព្រម​ទាំង​សម្លាប់​ជន‌ជាតិ​កាណាន​ដែល​រស់​នៅ​ក្រុង​នោះ។ បន្ទាប់​មក ស្ដេច​ប្រទាន​ក្រុង​នេះ​ឲ្យ​រាជ‌បុត្រី ដែល​ត្រូវ​ជា​មហេសី​របស់​ព្រះ‌បាទ​សាឡូម៉ូន ទុក​ជា​ចំណង​ដៃ។

17 ព្រះ‌បាទ​សាឡូម៉ូន​សង់​ក្រុង​កេស៊ើរ​ឡើង​វិញ ព្រម​ទាំង​សង់​ក្រុង​បេត‌ហូ‌រ៉ូន ផ្នែក​ខាង​ក្រោម

18 ក្រុង​បាឡាត ក្រុង​ថាត់‌ម៉ោរ ដែល​នៅ​តំបន់​វាល​រហោ‌ស្ថាន​ក្នុង​ស្រុក​នោះ។

19 ស្ដេច​ក៏​សង់​ក្រុង​ទាំង​ប៉ុន្មាន​ទុក​ធ្វើ​ជា​ឃ្លាំង សម្រាប់​ដាក់​រទេះ​ចំបាំង និង​សម្រាប់​ពល‌សេះ។ ព្រះ‌បាទ​សាឡូម៉ូន​បាន​សង់​អ្វីៗ​ទាំង​អស់​ដែល​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម នៅ​ស្រុក​លីបង់ និង​នៅ​ក្នុង​នគរ​ទាំង​ប៉ុន្មាន ដែល​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ស្ដេច។

20 ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​ដែល​នៅ​សេស‌សល់​ពី​ជន‌ជាតិ​អាម៉ូរី ជន‌ជាតិ​ហេត ជន‌ជាតិ​ពេរេ‌ស៊ីត ជន‌ជាតិ​ហេវី និង​ជន‌ជាតិ​យេប៊ូស មិន​បាន​រាប់​បញ្ចូល​ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល​ទេ។

21 កូន​ចៅ​របស់​ជាតិ​សាសន៍​ទាំង​នោះ​នៅ​សេស‌សល់​ក្នុង​ស្រុក ព្រោះ​ជន‌ជាតិ​អ៊ីស្រា‌អែល​ពុំ​បាន​បំផ្លាញ*​ពួក​គេ​ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់​ឡើយ។ ព្រះ‌បាទ​សាឡូម៉ូន​បាន​កេណ្ឌ​ពួក​នោះ​ធ្វើ​ជា​កំណែន​រហូត​ដល់​សព្វ​ថ្ងៃ។

22 រីឯ​កូន​ចៅ​អ៊ីស្រា‌អែល​វិញ ព្រះ‌បាទ​សាឡូម៉ូន​ពុំ​បាន​បង្ខំ​ពួក​គេ​ឲ្យ​ធ្វើ​ការ​ដូច​ទាសករ​ទេ ដ្បិត​ពួក​គេ​ជា​ទាហាន ជា​មន្រ្តី​រាជការ ជា​មេ​ដឹក​នាំ ជា​មេ​បញ្ជា​ការ មេ​កង‌ពល​រទេះ​ចំបាំង និង​ជា​មេ​កង‌ពល​សេះ។

23 អ្នក​មើល​ខុស​ត្រូវ​លើ​កំណែន​របស់​ព្រះ‌បាទ​សាឡូម៉ូន​មាន​ចំនួន​ប្រាំ​រយ​ហា‌សិប​នាក់ ពួក​គេ​ត្រួត‌ត្រា​លើ​ពួក​កំណែន​ដែល​ធ្វើ​ការ‌ងារ​ទាំង​នោះ។

24 បុត្រី​របស់​ព្រះ‌ចៅ​ផារ៉ោន​ចាក​ចេញ​ពី​បុរី​ព្រះ‌បាទ​ដាវីឌ មក​គង់​នៅ​ក្នុង​ដំណាក់​ដែល​ព្រះ‌បាទ​សាឡូម៉ូន​បាន​សង់​ថ្វាយ។ នៅ​គ្រា​នោះ ស្ដេច​ក៏​បាន​សង់​ព្រលាន​មីឡូ​ដែរ។

25 បី​ដង​ក្នុង​មួយ​ឆ្នាំ ព្រះ‌បាទ​សាឡូម៉ូន​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល* និង​យញ្ញ‌បូជា​មេត្រី‌ភាព*​នៅ​លើ​អាសនៈ​ដែល​ទ្រង់​បាន​សង់​ថ្វាយ​ព្រះ‌អម្ចាស់ ហើយ​ទ្រង់​ក៏​បាន​ដុត​គ្រឿង​ក្រអូប​លើ​អាសនៈ នៅ​មុខ​ទី‌សក្ការៈ​ដែរ។ដូច្នេះ ព្រះ‌បាទ​សាឡូម៉ូន​បាន​សង់​ព្រះ‌ដំណាក់​ចប់​សព្វ​គ្រប់។

26 ព្រះ‌បាទ​សាឡូម៉ូន​បាន​ឲ្យ​គេ​ធ្វើ​សំពៅ​នៅ​អេស៊ាន-‌គេប៊ើរ ជិត​ក្រុង​អេឡាត ដែល​នៅ​តាម​មាត់​សមុទ្រ​កក់​ក្នុង​ស្រុក​អេដុម។

27 ព្រះ‌បាទ​ហ៊ីរ៉ាម​បាន​បញ្ជូន​ទាហាន​ជើង​ទឹក ដែល​ស្ទាត់​ជំនាញ​ខាង​សមុទ្រ ឲ្យ​ជួយ​បង្ហាត់​ទាហាន​របស់​ព្រះ‌បាទ​សាឡូម៉ូន។

28 ពល​ទាហាន​ជើង​ទឹក​ទាំង​នោះ​បាន​ទៅ​ដល់​ស្រុក​អូភារ ហើយ​នាំ​យក​មាស​ទម្ងន់​ដប់‌បួន​តោន​ពី​ស្រុក​នោះ​មក​ថ្វាយ​ព្រះ‌បាទ​សាឡូម៉ូន។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22