១ ពង្សា‌វតារ‌ក្សត្រ 13:23-29 KHSV

23 ក្រោយ​ពី​បាន​បរិភោគ​អាហារ និង​ទឹក​រួច ព្យាការី​ចាស់​ចង​កែប​លា​ជូន​ព្យាការី​ដែល​គាត់​បាន​នាំ​ត្រឡប់​មក​វិញ។

24 លោក​ក៏​ចាក​ចេញ​ទៅ ហើយ​នៅ​តាម​ផ្លូវ លោក​បាន​ជួប​នឹង​សិង្ហ​មួយ វា​សម្លាប់​លោក ទុក​សាក‌សព​ចោល​នៅ​លើ​ផ្លូវ។ សត្វ​លា និង​សត្វ​សិង្ហ ឈរ​នៅ​ជិត​សាក‌សព។

25 មនុស្ស‌ម្នា​ដែល​ធ្វើ​ដំណើរ​កាត់​តាម​នោះ ឃើញ​សាក‌សព​របស់​លោក​នៅ​លើ​ផ្លូវ ហើយ​ឃើញ​សិង្ហ​ឈរ​នៅ​ក្បែរ​សព​នោះ។ ពួក​គេ​ក៏​យក​រឿង​នេះ​ទៅ​និយាយ​នៅ​ក្នុង​ក្រុង ដែល​ព្យាការី​ចាស់​នោះ​រស់​នៅ។

26 កាល​ព្យាការី​ដែល​បាន​អញ្ជើញ​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​មក​ផ្ទះ​គាត់ ឮ​ដំណឹង​នេះ ក៏​ពោល​ថា៖ «គាត់​ជា​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ដែល​មិន​ធ្វើ​តាម​បង្គាប់​ព្រះ‌អង្គ។ ព្រះ‌អម្ចាស់​បាន​ប្រគល់​គាត់​ទៅ​ក្នុង​ក្រញាំ​សិង្ហ វា​ហែក​សម្លាប់​គាត់ ស្រប​តាម​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​គាត់»។

27 បន្ទាប់​មក ព្យាការី​ចាស់​នោះ​ពោល​ទៅ​កាន់​កូនៗ​របស់​គាត់​ថា៖ «ចូរ​ចង​កែប​លា​ឲ្យ​ពុក!»។ កូនៗ​ក៏​ចង​កែប​លា​ជូន​គាត់។

28 ពេល​នោះ គាត់​ចេញ​ដំណើរ​ទៅ ឃើញ​សាក‌សព​នៅ​កណ្ដាល​ផ្លូវ។ សត្វ​លា និង​សត្វ​សិង្ហ​ឈរ​នៅ​ក្បែរ​សព​នោះ ប៉ុន្តែ សិង្ហ​ពុំ​បាន​ហែក​សាក‌សព​ស៊ី​ទេ ហើយ​ក៏​ពុំ​បាន​ខាំ​សត្វ​លា​ដែរ។

29 គាត់​លើក​សាក‌សព​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ដាក់​លើ​ខ្នង​លា នាំ​ទៅ​បេត‌អែល ដើម្បី​ធ្វើ​ពិធី​កាន់​ទុក្ខ និង​បញ្ចុះ‌សព។