4 ពេលព្រះបាទយេរ៉ូបោមឮពាក្យដែលអ្នកជំនិតរបស់ព្រះជាម្ចាស់ ស្រែកប្រឆាំងនឹងអាសនៈ នៅបេតអែល ទ្រង់ក៏លាតព្រះហស្ដពីលើអាសនៈ រួចបញ្ជាថា៖ «ចូរចាប់ជននេះទៅ!»។ ពេលនោះ ព្រះហស្ដដែលស្ដេចលើកចង្អុលទៅអ្នកជំនិតរបស់ព្រះជាម្ចាស់ ក៏ស្ពឹកកំរើកលែងរួច។
5 អាសនៈបាក់បែក ហើយផេះនៅលើអាសនៈក៏ធ្លាក់ ដូចទីសម្គាល់ដែលអ្នកជំនិតព្រះជាម្ចាស់ប្រកាស ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់។
6 ព្រះរាជាមានរាជឱង្ការទៅកាន់អ្នកជំនិតព្រះជាម្ចាស់ថា៖ «សូមលោកជួយទូលអង្វរព្រះអម្ចាស់ ជាព្រះរបស់លោក សូមអធិស្ឋានឲ្យខ្ញុំផង ដើម្បីឲ្យដៃរបស់ខ្ញុំអាចកំរើកវិញបាន»។ អ្នកជំនិតរបស់ព្រះជាម្ចាស់ទូលអង្វរព្រះអង្គ ហើយព្រះហស្ដរបស់ស្ដេចក៏អាចបត់មកវិញបានដូចដើម។
7 ព្រះរាជាមានរាជឱង្ការទៅកាន់អ្នកជំនិតរបស់ព្រះជាម្ចាស់ថា៖ «សូមអញ្ជើញចូលដំណាក់ខ្ញុំស្រស់ស្រូបសិន រួចហើយខ្ញុំនឹងជូនរង្វាន់លោក»។
8 អ្នកជំនិតរបស់ព្រះជាម្ចាស់ទូលព្រះរាជាវិញថា៖ «ទោះបីព្រះករុណាប្រទានរាជ្យទ្រព្យចំនួនពាក់កណ្ដាលឲ្យទូលបង្គំ ក៏ទូលបង្គំមិនចូលក្នុងដំណាក់របស់ព្រះករុណាដែរ ទូលបង្គំក៏មិនទទួលទានអាហារ និងទឹកនៅទីនេះឡើយ
9 ដ្បិតព្រះអម្ចាស់បានហាមទូលបង្គំមិនឲ្យទទួលទានអាហារ ឬទឹកទេ ហើយព្រះអង្គក៏មិនឲ្យទូលបង្គំត្រឡប់ទៅវិញ តាមផ្លូវដដែលដែរ»។
10 បន្ទាប់មក អ្នកជំនិតរបស់ព្រះជាម្ចាស់ត្រឡប់ទៅវិញ តាមផ្លូវមួយផ្សេងទៀត គឺលោកមិនត្រឡប់ទៅវិញ តាមផ្លូវដែលលោកមកបេតអែលនោះឡើយ។