១ ពង្សា‌វតារ‌ក្សត្រ 13:5-11 KHSV

5 អាសនៈ​បាក់​បែក ហើយ​ផេះ​នៅ​លើ​អាសនៈ​ក៏​ធ្លាក់ ដូច​ទី​សម្គាល់​ដែល​អ្នក​ជំនិត​ព្រះ‌ជាម្ចាស់​ប្រកាស ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

6 ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៅ​កាន់​អ្នក​ជំនិត​ព្រះ‌ជាម្ចាស់​ថា៖ «សូម​លោក​ជួយ​ទូល‌អង្វរ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក សូម​អធិស្ឋាន​ឲ្យ​ខ្ញុំ​ផង ដើម្បី​ឲ្យ​ដៃ​របស់​ខ្ញុំ​អាច​កំរើក​វិញ​បាន»។ អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ទូល‌អង្វរ​ព្រះ‌អង្គ ហើយ​ព្រះ‌ហស្ដ​របស់​ស្ដេច​ក៏​អាច​បត់​មក​វិញ​បាន​ដូច​ដើម។

7 ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៅ​កាន់​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ថា៖ «សូម​អញ្ជើញ​ចូល​ដំណាក់​ខ្ញុំ​ស្រស់‌ស្រូប​សិន រួច​ហើយ​ខ្ញុំ​នឹង​ជូន​រង្វាន់​លោក»។

8 អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ទូល​ព្រះ‌រាជា​វិញ​ថា៖ «ទោះ​បី​ព្រះ‌ករុណា​ប្រទាន​រាជ្យ​ទ្រព្យ​ចំនួន​ពាក់​កណ្ដាល​ឲ្យ​ទូលបង្គំ ក៏​ទូលបង្គំ​មិន​ចូល​ក្នុង​ដំណាក់​របស់​ព្រះ‌ករុណា​ដែរ ទូលបង្គំ​ក៏​មិន​ទទួល​ទាន​អាហារ និង​ទឹក​នៅ​ទី​នេះ​ឡើយ

9 ដ្បិត​ព្រះ‌អម្ចាស់​បាន​ហាម​ទូលបង្គំ​មិន​ឲ្យ​ទទួល​ទាន​អាហារ ឬ​ទឹក​ទេ ហើយ​ព្រះ‌អង្គ​ក៏​មិន​ឲ្យ​ទូលបង្គំ​ត្រឡប់​ទៅ​វិញ តាម​ផ្លូវ​ដដែល​ដែរ»។

10 បន្ទាប់​មក អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ត្រឡប់​ទៅ​វិញ តាម​ផ្លូវ​មួយ​ផ្សេង​ទៀត គឺ​លោក​មិន​ត្រឡប់​ទៅ​វិញ តាម​ផ្លូវ​ដែល​លោក​មក​បេត‌អែល​នោះ​ឡើយ។

11 គ្រា​នោះ មាន​ព្យាការី​ចាស់​មួយ​រូប​រស់​នៅ​បេត‌អែល។ កូន​ប្រុស​របស់​គាត់​បាន​រៀប​រាប់​អំពី​ព្រឹត្តិ‌ការណ៍​ទាំង​ប៉ុន្មាន​ដែល​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​បាន​ធ្វើ​នៅ​បេត‌អែល និង​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​លោក​បាន​ទូល​ព្រះ‌រាជា នៅ​ថ្ងៃ​នោះ។