១ ពង្សា‌វតារ‌ក្សត្រ 13:8-14 KHSV

8 អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ទូល​ព្រះ‌រាជា​វិញ​ថា៖ «ទោះ​បី​ព្រះ‌ករុណា​ប្រទាន​រាជ្យ​ទ្រព្យ​ចំនួន​ពាក់​កណ្ដាល​ឲ្យ​ទូលបង្គំ ក៏​ទូលបង្គំ​មិន​ចូល​ក្នុង​ដំណាក់​របស់​ព្រះ‌ករុណា​ដែរ ទូលបង្គំ​ក៏​មិន​ទទួល​ទាន​អាហារ និង​ទឹក​នៅ​ទី​នេះ​ឡើយ

9 ដ្បិត​ព្រះ‌អម្ចាស់​បាន​ហាម​ទូលបង្គំ​មិន​ឲ្យ​ទទួល​ទាន​អាហារ ឬ​ទឹក​ទេ ហើយ​ព្រះ‌អង្គ​ក៏​មិន​ឲ្យ​ទូលបង្គំ​ត្រឡប់​ទៅ​វិញ តាម​ផ្លូវ​ដដែល​ដែរ»។

10 បន្ទាប់​មក អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ត្រឡប់​ទៅ​វិញ តាម​ផ្លូវ​មួយ​ផ្សេង​ទៀត គឺ​លោក​មិន​ត្រឡប់​ទៅ​វិញ តាម​ផ្លូវ​ដែល​លោក​មក​បេត‌អែល​នោះ​ឡើយ។

11 គ្រា​នោះ មាន​ព្យាការី​ចាស់​មួយ​រូប​រស់​នៅ​បេត‌អែល។ កូន​ប្រុស​របស់​គាត់​បាន​រៀប​រាប់​អំពី​ព្រឹត្តិ‌ការណ៍​ទាំង​ប៉ុន្មាន​ដែល​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​បាន​ធ្វើ​នៅ​បេត‌អែល និង​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​លោក​បាន​ទូល​ព្រះ‌រាជា នៅ​ថ្ងៃ​នោះ។

12 ឪពុក​សួរ​កូន​ថា៖ «តើ​លោក​ចាក​ចេញ​ទៅ​តាម​ផ្លូវ​ណា?»។ កូនៗ​ក៏​ប្រាប់​ឪពុក​ពី​ផ្លូវ​ដែល​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​វិល​ត្រឡប់​ពី​ស្រុក​យូដា​ទៅ​វិញ។

13 ពេល​នោះ ឪពុក​បង្គាប់​ឲ្យ​កូនៗ​ចង​កែប​លា។ កូនៗ​ក៏​ចង​កែប​លា ហើយ​ឪពុក​ក៏​ឡើង​ជិះ។

14 គាត់​ចេញ​ទៅ​តាម​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ ហើយ​តាម​ទាន់​នៅ​ពេល​ដែល​លោក​កំពុង​អង្គុយ​ក្រោម​ដើម​ជ្រៃ។ គាត់​សួរ​លោក​ថា៖ «តើ​លោក​ជា​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ដែល​មក​ពី​ស្រុក​យូដា​ឬ?»។ លោក​ឆ្លើយ​ថា៖ «គឺ​ខ្ញុំ​នេះ​ហើយ»។