12 ព្យាការីទាំងអស់ក៏ទាយបែបនោះដែរ ពួកគេទូលស្ដេចថា៖ «សូមព្រះករុណាយាងទៅវាយយកក្រុងរ៉ាម៉ូត នៅស្រុកកាឡាដចុះ ព្រះករុណាមុខជាទទួលជ័យជំនះមិនខាន។ ព្រះអម្ចាស់ប្រគល់ក្រុងនោះមកក្នុងកណ្ដាប់ដៃរបស់ព្រះករុណាហើយ»។
13 មហាតលិកដែលស្ដេចចាត់ឲ្យទៅហៅលោកមីកាយ៉ា បានប្រាប់លោកថា៖ «ព្យាការីទាំងអស់សុទ្ធតែព្រមគ្នា ទាយសេចក្ដីល្អថ្វាយព្រះរាជា ដូច្នេះ សូមលោកទាយសេចក្ដីល្អថ្វាយព្រះរាជាដូចគេដែរទៅ!»។
14 លោកមីកាយ៉ាឆ្លើយថា៖ «ខ្ញុំសូមជម្រាបលោក ក្នុងនាមព្រះអម្ចាស់ ដែលមានព្រះជន្មគង់នៅថា ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំយ៉ាងណា ខ្ញុំនឹងប្រកាសយ៉ាងនោះ!»។
15 លោកចូលទៅគាល់ព្រះរាជា ហើយស្ដេចមានរាជឱង្ការមកកាន់លោកថា៖ «មីកាយ៉ាអើយ តើយើងទាំងពីរត្រូវចេញទៅវាយយកក្រុងរ៉ាម៉ូតនៅស្រុកកាឡាដ ឬមិនត្រូវទៅ?»។ លោកមីកាយ៉ាទូលថា៖ «សូមព្រះករុណាយាងទៅចុះ! ព្រះករុណាមុខជាទទួលជ័យជំនះមិនខាន! ព្រះអម្ចាស់ប្រគល់ក្រុងនោះមកក្នុងកណ្ដាប់ដៃរបស់ព្រះករុណាហើយតើ!»។
16 ប៉ុន្តែ ស្ដេចមានរាជឱង្ការមកលោកវិញថា៖ «តើយើងត្រូវប្រាប់អ្នកប៉ុន្មានដងទៀតថា ឲ្យអ្នកនិយាយតែការពិតប្រាប់យើង ក្នុងនាមព្រះអម្ចាស់?»។
17 លោកមីកាយ៉ាទូលថា៖«ទូលបង្គំបានឃើញពលទាហានអ៊ីស្រាអែលទាំងមូលបាក់ទ័ព រត់ខ្ចាត់ខ្ចាយនៅលើភ្នំពួកគេប្រៀបដូចជាហ្វូងចៀមដែលគ្មាននរណាឃ្វាល។ ព្រះអម្ចាស់មានព្រះបន្ទូលថា:អ្នកទាំងនោះគ្មានមេដឹកនាំទេចូរឲ្យពួកគេត្រឡប់ទៅផ្ទះរៀងៗខ្លួនដោយសុខសាន្តចុះ!»។
18 ស្ដេចស្រុកអ៊ីស្រាអែលមានរាជឱង្ការទៅកាន់ព្រះបាទយ៉ូសាផាតថា៖ «ទូលបង្គំបានទូលព្រះករុណាហើយថា គាត់មិនដែលទាយពីសេចក្ដីល្អឲ្យទូលបង្គំទេ គឺទាយតែពីសេចក្ដីអាក្រក់ប៉ុណ្ណោះ!»។