១ ពង្សា‌វតារ‌ក្សត្រ 22:18-24 KHSV

18 ស្ដេច​ស្រុក​អ៊ីស្រា‌អែល​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្រះ‌បាទ​យ៉ូសា‌ផាត​ថា៖ «ទូលបង្គំ​បាន​ទូល​ព្រះ‌ករុណា​ហើយ​ថា គាត់​មិន​ដែល​ទាយ​ពី​សេចក្ដី​ល្អ​ឲ្យ​ទូលបង្គំ​ទេ គឺ​ទាយ​តែ​ពី​សេចក្ដី​អាក្រក់​ប៉ុណ្ណោះ!»។

19 លោក​មីកា‌យ៉ា​ទូល​ថា៖ «ពិត​មែន​ហើយ! ដូច្នេះ សូម​សណ្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ទូលបង្គំ​បាន​ឃើញ​ព្រះ‌អម្ចាស់​គង់​លើ​រាជ‌បល្ល័ង្ក ហើយ​មាន​កង‌ពល​នៃ​ស្ថាន​បរម‌សុខ​ទាំង​មូល​ឈរ​គាល់​ព្រះ‌អង្គ ទាំង​ឆ្វេង ទាំង​ស្ដាំ​ផង។

20 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: “តើ​អ្នក​ណា​ចង់​ល្បួង​អហាប់​ឲ្យ​ទៅ​ច្បាំង​យក​ក្រុង​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ ដើម្បី​ឲ្យ​អហាប់​ដួល​ស្លាប់​នៅ​ទី​នោះ?”។ អ្នក​ខ្លះ​ពោល​យ៉ាង​នេះ អ្នក​ខ្លះ​ពោល​យ៉ាង​នោះ។

21 ពេល​នោះ មាន​វិញ្ញាណ​មួយ​ចេញ​មក​ឈរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់​ទូល​ថា“ទូលបង្គំ​ចង់​ទៅ​ល្បួង!”។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​សួរ​ថា “តើ​អ្នក​ធ្វើ​ដូច​ម្ដេច?”

22 វិញ្ញាណ​នោះ​ទូល​ថា “ទូលបង្គំ​នឹង​បណ្ដាល​ចិត្ត​ព្យាការី​ទាំង​អស់​របស់​ស្ដេច​ឲ្យ​ពោល​តែ​ពាក្យ​ភូត​កុហក”។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា “នេះ​ជា​មធ្យោ‌បាយ​ដ៏​ប្រសើរ​សម្រាប់​ល្បួង​គេ ដូច្នេះ ចូរ​ទៅ​ធ្វើ​ចុះ!”។

23 ព្រះ‌អម្ចាស់​ដាក់​វិញ្ញាណ​ភូត​កុហក នៅ​ក្នុង​មាត់​ព្យាការី​ទាំង​អស់​របស់​ព្រះ‌ករុណា ដ្បិត​ព្រះ‌អម្ចាស់​បាន​សម្រេច​ព្រះ‌ហឫទ័យ​ឲ្យ​ព្រះ‌ករុណា​រង​ទុក្ខ​វេទនា​ហើយ!»។

24 ពេល​នោះ លោក​សេ‌ដេ‌គា ជា​កូន​របស់​លោក​ក្នាណា ចូល​មក​ជិត ហើយ​ទះ​កំផ្លៀង​លោក​មីកា‌យ៉ា ទាំង​ពោល​ថា៖ «តើ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់​ចេញ​ពី​ខ្លួន​ខ្ញុំ មក​និយាយ​ជា​មួយ​អ្នក​តាម​ណា?»។