១ ពង្សា‌វតារ‌ក្សត្រ 22:2-8 KHSV

2 នៅ​ឆ្នាំ​ទី​បី ព្រះ‌បាទ​យ៉ូសា‌ផាត ជា​ស្ដេច​ស្រុក​យូដា បាន​យាង​ទៅ​សួរ​សុខ​ទុក្ខ​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។

3 ពេល​នោះ ស្ដេច​ស្រុក​អ៊ីស្រា‌អែល​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ពួក​មន្ត្រី​ថា៖ «អស់​លោក​ជ្រាប​ច្បាស់​ហើយ​ថា ក្រុង​រ៉ាម៉ូត នៅ​ស្រុក​កាឡាដ ជា​ក្រុង​របស់​យើង។ ហេតុ​អ្វី​បាន​ជា​យើង​នៅ​រារែក មិន​ព្រម​ដណ្ដើម​យក​ក្រុង​នោះ​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​ស៊ីរី​មក​វិញ?»។

4 ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្រះ‌បាទ​យ៉ូសា‌ផាត​ថា៖ «តើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ​ចេញ​ទៅ​ច្បាំង​យក​ក្រុង​រ៉ាម៉ូត នៅ​ស្រុក​កាឡាដ​ជា​មួយ​ទូលបង្គំ​ឬ​ទេ?»។ ព្រះ‌បាទ​យ៉ូសា‌ផាត​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល​វិញ​ថា៖ «ទូលបង្គំ​ក៏​ដូច​ព្រះ‌ករុណា​ដែរ ប្រជា‌រាស្ត្រ​របស់​ទូលបង្គំ​ក៏​ដូច​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌ករុណា ហើយ​ទ័ព​សេះ​របស់​ទូលបង្គំ​ក៏​ដូច​ជា​ទ័ព​សេះ​របស់​ព្រះ‌ករុណា​ដែរ!»។

5 ព្រះ‌បាទ​យ៉ូសា‌ផាត​ទូល​ទៀត​ថា៖ «សូម​ព្រះ‌ករុណា​ទូល​សួរ​ព្រះ‌អម្ចាស់​សិន»។

6 ស្ដេច​អ៊ីស្រា‌អែល​កោះ​ហៅ​ព្យាការី​ប្រមាណ​បួន​រយ​នាក់​មក ហើយ​សួរ​ពួក​គេ​ថា៖ «តើ​យើង​ត្រូវ​ចេញ​ទៅ​វាយ​យក​ក្រុង​រ៉ាម៉ូត​នៅ​ស្រុក​កាឡាដ ឬ​មិន​ត្រូវ​ទៅ?»។ ពួក​គេ​ទូល​ថា៖ «សូម​ព្រះ‌ករុណា​យាង​ទៅ​ចុះ។ ព្រះ‌អម្ចាស់​នឹង​ប្រគល់​ក្រុង​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌ករុណា»។

7 ព្រះ‌បាទ​យ៉ូសា‌ផាត​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «តើ​នៅ​ទី​នេះ គ្មាន​ព្យាការី​របស់​ព្រះ‌អម្ចាស់ ដែល​យើង​អាច​ទូល​សួរ​ព្រះ‌អង្គ​ទេ​ឬ?»។

8 ស្ដេច​ស្រុក​អ៊ីស្រា‌អែល​ទូល​ព្រះ‌បាទ​យ៉ូសា‌ផាត​ថា៖ «នៅ​មាន​ម្នាក់​ទៀត ដែល​អាច​ទូល​សួរ​ព្រះ‌អម្ចាស់​បាន តែ​ទូលបង្គំ​ស្អប់​អ្នក​នោះ​ណាស់ ព្រោះ​គាត់​មិន​ដែល​ទាយ​ពី​សេចក្ដី​ល្អ​ឲ្យ​ទូលបង្គំ​ទេ គឺ​ទាយ​តែ​ពី​សេចក្ដី​អាក្រក់​ប៉ុណ្ណោះ។ អ្នក​នោះ​ឈ្មោះ​មីកា‌យ៉ា ជា​កូន​របស់​លោក​យីមឡា»។ ព្រះ‌បាទ​យ៉ូសា‌ផាត​ទូល​ថា៖ «សូម​ព្រះ‌ករុណា​កុំ​មាន​រាជ‌ឱង្ការ​បែប​នេះ!»។