28 លោកមីកាយ៉ាទូលថា៖ «ប្រសិនបើព្រះករុណាពិតជាយាងត្រឡប់មកវិញដោយសុខសាន្តមែននោះ បានសេចក្ដីថាព្រះអម្ចាស់ពុំមានព្រះបន្ទូលតាមរយៈទូលបង្គំទេ»។ បន្ទាប់មក លោកពោលទៀតថា៖ «ប្រជាជនទាំងអស់គ្នា ចូរស្ដាប់ចុះ!»។
29 ស្ដេចស្រុកអ៊ីស្រាអែល និងព្រះបាទយ៉ូសាផាត ជាស្ដេចស្រុកយូដា នាំគ្នាយាងទៅវាយក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដ។
30 ស្ដេចស្រុកអ៊ីស្រាអែលមានរាជឱង្ការទៅកាន់ព្រះបាទយ៉ូសាផាតថា៖ «ទូលបង្គំនឹងក្លែងខ្លួនជាពលទាហាន រីឯព្រះករុណាវិញ សូមគ្រងព្រះភូសាយ៉ាងរុងរឿងចុះ!»។ ដូច្នេះ ស្ដេចស្រុកអ៊ីស្រាអែលក្លែងខ្លួនជាពលទាហាន ចេញទៅច្បាំង។
31 ស្ដេចស្រុកស៊ីរីបញ្ជាដល់មេបញ្ជាការកងរទេះចំបាំងទាំងសាមសិបពីររូបថា៖ «មិនបាច់ប្រយុទ្ធនឹងពលទាហាន ឬនាយទាហានទេ ចូរប្រយុទ្ធតែនឹងស្ដេចស្រុកអ៊ីស្រាអែលប៉ុណ្ណោះ»។
32 កាលមេបញ្ជាការរទេះចំបាំងទាំងនោះឃើញព្រះបាទយ៉ូសាផាត ក៏ពោលថា “ប្រាកដជាស្ដេចអ៊ីស្រាអែលហើយ” ពួកគេសម្រុកទៅវាយប្រហារស្ដេច។ ប៉ុន្តែ ពេលព្រះបាទយ៉ូសាផាតស្រែកឡើង
33 ពួកមេបញ្ជាការរទេះចំបាំងដឹងថា មិនមែនជាស្ដេចស្រុកអ៊ីស្រាអែលទេ ពួកគេឈប់ដេញតាម។
34 ប៉ុន្តែ មានទាហានស៊ីរីម្នាក់យឹតធ្នូបាញ់ព្រាវទៅ ក៏ត្រូវចំស្ដេចស្រុកអ៊ីស្រាអែល ត្រង់ចន្លោះអាវក្រោះ។ ស្ដេចមានរាជឱង្ការទៅកាន់អ្នកបររាជរថថា៖ «ចូរបកក្រោយ នាំយើងចេញពីសមរភូមិភ្លាម ព្រោះយើងត្រូវរបួសហើយ»។