១ ពង្សា‌វតារ‌ក្សត្រ 22:33-39 KHSV

33 ពួក​មេ​បញ្ជា‌ការ​រទេះ​ចំបាំង​ដឹង​ថា មិន​មែន​ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល​ទេ ពួក​គេ​ឈប់​ដេញ​តាម។

34 ប៉ុន្តែ មាន​ទាហាន​ស៊ីរី​ម្នាក់​យឹត​ធ្នូ​បាញ់​ព្រាវ​ទៅ ក៏​ត្រូវ​ចំ​ស្ដេច​ស្រុក​អ៊ីស្រា‌អែល ត្រង់​ចន្លោះ​អាវ‌ក្រោះ។ ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​អ្នក​បរ​រាជ‌រថ​ថា៖ «ចូរ​បក​ក្រោយ នាំ​យើង​ចេញ​ពី​សមរ‌ភូមិ​ភ្លាម ព្រោះ​យើង​ត្រូវ​របួស​ហើយ»។

35 នៅ​ថ្ងៃ​នោះ ការ​ប្រយុទ្ធ​មាន​សភាព​ធ្ងន់‌ធ្ងរ​កាន់​តែ​ខ្លាំង​ឡើង គេ​ពុំ​អាច​នាំ​ស្ដេច​ចេញ​ពី​សមរ‌ភូមិ​បាន​ឡើយ។ ដូច្នេះ ស្ដេច​ស្ថិត​នៅ​ក្នុង​រាជ‌រថ​រហូត ហើយ​ឈាម​ដែល​ហូរ​ចេញ​ពី​មុខ​របួស បាន​ធ្លាក់​ទៅ​ដល់​បាត​រាជ‌រថ លុះ​ដល់​ល្ងាច​ស្ដេច ក៏​សោយ​ទិវង្គត​ទៅ។

36 នៅ​ពេល​ថ្ងៃ​លិច គេ​ឮ​សម្រែក​ពេញ​ក្នុង​សមរ‌ភូមិ​ថា៖ «ចូរ​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ទីក្រុង និង​ទី​លំ‌នៅ​រៀងៗ​ខ្លួន​វិញ!»។

37 គេ​បាន​នាំ​សព​ព្រះ‌រាជា​មក​កាន់​ក្រុង​សាម៉ារី ហើយ​បញ្ចុះ​នៅ​ទី​នោះ។

38 កាល​គេ​យក​រាជ‌រថ​ទៅ​លាង​នៅ​ស្រះ​នៃ​ក្រុង​សាម៉ារី ឆ្កែ​ក៏​មក​លិទ្ធ​ឈាម​ព្រះ‌បាទ​អហាប់ ហើយ​ពួក​ស្រី​ពេស្យា​ក៏​នាំ​គ្នា​មុជ​ទឹក​នៅ​ទី​នោះ​ដែរ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បាន​ថ្លែង​ទុក។

39 រាជ‌កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​អហាប់ និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើ គឺ​ការ​សង់​ដំណាក់​អំពី​ភ្លុក និង​ក្រុង​នានា សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។