១ ពង្សា‌វតារ‌ក្សត្រ 22:38-44 KHSV

38 កាល​គេ​យក​រាជ‌រថ​ទៅ​លាង​នៅ​ស្រះ​នៃ​ក្រុង​សាម៉ារី ឆ្កែ​ក៏​មក​លិទ្ធ​ឈាម​ព្រះ‌បាទ​អហាប់ ហើយ​ពួក​ស្រី​ពេស្យា​ក៏​នាំ​គ្នា​មុជ​ទឹក​នៅ​ទី​នោះ​ដែរ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បាន​ថ្លែង​ទុក។

39 រាជ‌កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​អហាប់ និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើ គឺ​ការ​សង់​ដំណាក់​អំពី​ភ្លុក និង​ក្រុង​នានា សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។

40 កាល​ព្រះ‌បាទ​អហាប់​សោយ​ទិវង្គត​ទៅ ព្រះ‌បាទ​អហា‌ស៊ីយ៉ា ជា​បុត្រ​បាន​ឡើង​ស្នង​រាជ្យ។

41 នៅ​ឆ្នាំ​ទី​បួន​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​អហាប់ ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល ព្រះ‌បាទ​យ៉ូសា‌ផាត ជា​បុត្រ​របស់​ព្រះ‌បាទ​អេសា បាន​ឡើង​សោយ‌រាជ្យ​នៅ​ស្រុក​យូដា។

42 កាល​ព្រះ‌បាទ​យ៉ូសា‌ផាត​ឡើង​គ្រង​រាជ្យ​នោះ ទ្រង់​មាន​ជន្មាយុ‌សាម‌សិប‌ប្រាំ​វស្សា ហើយ​សោយ​រាជ្យ​បាន​ម្ភៃ​ប្រាំ​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា អស៊ូ‌បា ជា​កូន​របស់​លោក​ស៊ីល‌ហ៊ី។

43 ព្រះ‌បាទ​យ៉ូសា‌ផាត​ដើរ​តាម​មាគ៌ា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌បាទ​អេសា ជា​បិតា ដោយ​មិន​ងាក‌រេ​ឡើយ ស្ដេច​ប្រព្រឹត្ត​អំពើ​ទៀង​ត្រង់ ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។ ប៉ុន្តែ ទ្រង់​ពុំ​បាន​លុប​បំបាត់​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ​ទេ គឺ​ប្រជា‌ជន​នៅ​តែ​នាំ​គ្នា​ថ្វាយ​យញ្ញ‌បូជា និង​ដុត​គ្រឿង​ក្រអូប​នៅ​តាម​កន្លែង​នោះ​ដដែល។

44 ព្រះ‌បាទ​យ៉ូសា‌ផាត​បាន​ចុះ​សន្ធិ‌សញ្ញា​សន្តិ‌ភាព​ជា​មួយ​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។